ប្រធានអង្គការសុខភាពពិភពលោក (WHO) ព្រមានថា «គ្មានប្រទេសណាមួយដែលអាចធ្វើព្រងើយថាជំងឺរាតត្បាតបានកន្លងផុតនោះទេ»។
នៅក្នុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីស្នាក់ការនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានថ្លែងថាប្រទេសនានាត្រូវតែយកចិត្តទុកដាក់ខ្លាំងលើ «ការទប់ស្កាត់ការឆ្លងរាលដាល និងសង្គ្រោះជីវិត» ប្រសិនបើពួកគេពិចារណាបើកដំណើរការសេដ្ឋកិច្ចប្រចាំថ្ងៃក្នុងគ្រាដែលមានជំងឺរាតត្បាតកូវីដ១៩។
លោកវេជ្ជបណ្ឌិត Tedros បានបញ្ជាក់ថា៖
«ប្រទេសណាដែលគ្រប់គ្រងវីរុសបានកាន់តែខ្លាំង គឺពួកគេកាន់តែអាចបើកដំណើរការបានច្រើន។ ការបើកដំណើរការដោយគ្មានការគ្រប់គ្រងគឺជារូបមន្តនៃគ្រោះមហន្តរាយ»។
លោកវេជ្ជបណ្ឌិត Tedros បានផ្តល់ «ដំបូន្មានបួនសំខាន់ៗ» ដល់ប្រទេស ទីក្រុង និងបុគ្គលនានាសម្រាប់ធ្វើតាមដើម្បីគ្រប់គ្រងវីរុសឱ្យបាន ក្នុងនោះមានការពារមិនឱ្យមានការជួបជុំទ្រង់ទ្រាយធំនៅកីឡដ្ឋាន និងក្លឹបកម្សាន្តរាត្រី និងអនុវត្តកម្មវិធីតេស្តរកវីរុសឱ្យបានហ្មត់ចត់ តាមដានការប៉ះពាល់គ្នា និងដាក់ឱ្យនៅដោយឡែក។ លោកបន្ថែមថា ប្រទេសទាំងនោះគួរតែអនុវត្តវិធានការដែលការពារពលរដ្ឋងាយរងគ្រោះក្នុងនោះមនុស្សចាស់ អ្នកដែលមានជំងឺរ៉ាំរ៉ៃស្រាប់ និងបុគ្គលិកការងារចាំបាច់ ដោយលោកអះអាងថានឹងជួយសង្គ្រោះជីវិត និងជួយសម្រាលបន្ទុកលើប្រព័ន្ធសុខាភិបាលនៃបណ្តាប្រទេសទាំងនោះ។
លោកវេជ្ជបណ្ឌិត Tedros ក៏ទទូចដល់មនុស្សគ្រប់គ្នាឱ្យពាក់ម៉ាស រក្សាគម្លាតពីគ្នា និងលាងដៃជាប្រចាំ។
ក្នុងពេលជាមួយគ្នានេះដែរ ទីភ្នាក់ងារសុខភាពពិភពលោកក៏ប្រាប់ឱ្យប្រយ័ត្នប្រយែងចំពោះការខិតខំប្រណាំងគ្នាប្រញ៉ាប់ផលិតវ៉ាក់សាំងកូវីដ១៩មួយដែលមានសុវត្ថិភាព និងប្រសិទ្ធភាព ដែលជាការឆ្លើយតបនឹងប្រសាសន៍របស់លោកវេជ្ជបណ្ឌិត Stephen Hanh ប្រធានរដ្ឋបាលគ្រប់គ្រងស្បៀងអាហាររបស់សហរដ្ឋអាមេរិកដែលថ្លែងថាទីភ្នាក់ងារនេះកំពុងតែពិចារណាអនុញ្ញាតឱ្យប្រើវ៉ាក់សាំងមុនពេលបញ្ចប់ការធ្វើតេស្តលើមនុស្សនៅដំណាក់កាលចុងក្រោយ៕