ប្រធានគណៈកម្មាធិការត្រួតពិនិត្យកិច្ចការពន្ធដារ និងការចាយវាយនៃរដ្ឋសភាសហរដ្ឋអាមេរិកបានស្នើជាផ្លូវការដល់ទីភ្នាក់ងារកិច្ចការប្រាក់ចំណូលរបស់រដ្ឋាភិបាលសហព័ន្ធឲ្យប្រគល់ឯកសារប្រកាសពន្ធរបស់លោកប្រធានាធិបតី Donald Trump រយៈពេល ៦ ឆ្នាំចុងក្រោយ។
លោក Richard Neal គឺជាប្រធាននៃគណៈកម្មាធិការ ដែលទទួលបន្ទុកកិច្ចការគោលនយោបាយពន្ធដារនេះ ស្របពេលដែលគណបក្សប្រជាធិបតេយ្យមានបំណងត្រួតពិនិត្យលើអាណាចក្រអាជីវកម្មដ៏ស្មុគស្មាញរបស់លោក Trump។
លោក Trump គឺជាប្រធានាធិបតីអាមេរិកតែមួយគត់នៅក្នុងរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ដែលបដិសេធមិនបង្ហាញឯកសារប្រកាសពន្ធរបស់លោកជាសាធារណៈ។
លោក Neal បាននិយាយដូច្នេះថា៖ «វាជាការសំខាន់ណាស់នៅក្នុងការធានាថា រដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលមានការទទួលខុសត្រូវ។ ដើម្បីរក្សាការទុកចិត្តលើលទ្ធិប្រជាធិបតេយ្យរបស់យើង យើងត្រូវធានាដល់ពលរដ្ឋអាមេរិកាំងថា រដ្ឋាភិបាលរបស់ពួកគេដំណើរការដោយត្រឹមត្រូវស្របតាមច្បាប់»។
លោក Trump បាននិយាយកាលពីថ្ងៃពុធម្សិលមិញថា លោកមិនអាចផ្សព្វផ្សាយអំពីឯកសារប្រកាសពន្ធរបស់លោកពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨ បានទេ ដោយសារលោកបញ្ជាក់ថា លោកកំពុងត្រូវគេធ្វើសវនកម្ម។
ប៉ុន្តែលោក Neal មិនមែនស្នើលោក Trump ឲ្យប្រគល់នូវឯកសារប្រកាសពន្ធរបស់លោកនោះទេ ប៉ុន្តែស្នើទីភ្នាក់ងារកិច្ចការប្រាក់ចំណូលរបស់រដ្ឋាភិបាលសហព័ន្ធអំពីរឿងនេះ ហើយគ្មានច្បាប់ណាមួយដែលរារាំងទីភ្នាក់ងារនេះមិនឲ្យផ្សព្វផ្សាយឯកសារប្រកាសពន្ធរបស់លោក Trump នោះទេ ប្រសិនបើឯកសារនោះកំពុងត្រូវបានគេធ្វើសវនកម្ម៕