នាយករដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី Hasina ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី ៣ បន្ត​ទៀត

លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina ថត​រូប​ បន្ទាប់​ពី​បាន​បោះឆ្នោត​រួច​ នៅ​ក្នុង​ក្រុង Dhaka ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨។

គណបក្ស​សម្ព័ន្ធ​ភាព​មួយ ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​លើសលប់។

មន្ត្រី​បោះ​ឆ្នោត​ក្នុង​ប្រទេស​បង់ក្លាដែស​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា គណបក្ស​សម្ព័ន្ធ​ភាព​មួយ ដែល​ដឹកនាំ​ដោយ​លោកស្រី​នាយករដ្ឋមន្ត្រី Sheikh Hasina បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្នុង​សំឡេង​ភាគ​ច្រើន​លើសលប់ ដែល​បើក​ផ្លូវ​ឲ្យ​លោកស្រី​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត ស្រប​ពេល​ដែល​គណបក្ស​ប្រឆាំង​ជំទាស់​ទៅ​នឹង​លទ្ធផល​បោះ​ឆ្នោត។

ក្រុម​គណបក្ស​ដែល​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ភាព Awami របស់​លោកស្រី Sheikh Hasina បាន​ឈ្នះ​អាសនៈ ២៨៨ ក្នុង​ចំណោម​អាសនៈ​ដាក់​ប្រកួត​ចំនួន ៣០០ នៃ​រដ្ឋសភា។ រដ្ឋសភា​បង់ក្លាដែស​មាន​អាសនៈ​សរុប​ចំនួន ៣៥០ ប៉ុន្តែ អាសនៈ​ចំនួន ៥០ គឺ​រក្សា​ទុក​សម្រាប់​ស្ត្រី។

សម្ព័ន្ធ​ភាព​គណបក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក Kamal Hossain បាន​ឈ្នះ​អាសនៈ​យ៉ាង​តិច ៦។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​បង់ក្លាដែស។

លោក Hossain បាន​ហៅ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ថា​មាន​លក្ខណៈ «គួរ​ឲ្យ​ចង់​សើច‍» និង​បាន​និយាយ​ថា លោក​នឹង​បដិសេធ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ។ លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ ដែល​រៀបចំ​ដោយ​អាជ្ញាធរ​ឯករាជ្យ​មួយ។

អំពើ​ហិង្សា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង ដែល​បាន​ប៉ះពាល់​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត បាន​បន្ត​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត ទោះបីជា​មាន​ការ​ពង្រឹង​សន្តិសុខ​តឹងតែង​នៅ​ទូទាំង​ប្រទេស​ក៏​ដោយ។ មនុស្ស ១៣ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង។

លោកស្រី​អតីត​នាយករដ្ឋមន្ត្រី Khaleda Zia មេដឹកនាំ​គណបក្ស​ជាតិ​និយម​បង់ក្លាដែស ដែល​ជា​គូ​ប្រជែង​ដ៏​ចម្បង​របស់​លោកស្រី Hasina កំពុង​ជាប់​ពន្ធនាការ​ពី​បទ​ពុករលួយ ហើយ​តុលាការ​បាន​រារាំង​លោកស្រី​មិន​ឲ្យ​ចូល​ប្រកួត​នៅ​ក្នុង​ការ​បោះ​ឆ្នោត៕