លោក Hariri ​ប្រាប់​ពលរដ្ឋ​លីបង់​ថា​លោក​នឹង​វិលត្រឡប់​វិញ​នៅ​សប្តាហ៍​ក្រោយ

ប្រធានាធិបតី​បារាំង​ Emmanuel Macron (ឆ្វេង)​និង​នាយករដ្ឋមន្រ្តី​ប្រទេសលីបង់ Saad Hariri ជួប​នៅ​ក្នុង​វិមាន Elysee ក្នុង​ទីក្រុង​ប៉ារីសកាលពី​ថ្ងៃទី​១៨ វិច្ឆិកា ២០១៧។

លោកនាយករដ្ឋមន្ត្រី​ប្រទេស​លីបង់ Saad Hariri​ នឹងត្រឡប់ចូលក្នុងប្រទេសរបស់លោក​វិញ​នៅសប្តាហ៍ក្រោយ​ដើម្បី​ចូលរួម​ការប្រារព្ធថ្ងៃបុណ្យ​ឯករាជ្យជាតិ។

លោក Hariri​ បានទូរស័ព្ទ​ទៅ​លោក​ប្រធានាធិបតី​ ​Michel Aoun ​នៅថ្ងៃសៅរ៍នេះ​ដើម្បី​ជម្រាប​ថា​លោក​នឹង​ចូលរួម​ក្នុង​កម្មវិធីបុណ្យ​នោះ​ដែល​គ្រោងនឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ពុធ។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិរបស់​ប្រទេស​លីបង់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល។

លោកHariri​ បាន​ទូរស័ព្ទ​ពីទី​ក្រុងប៉ារីស​ជាទី​ដែល​លោក​ទើបបាន​ទៅដល់​កាលពីថ្ងៃ​សៅរ៍​ហើយ​គ្រោង​នឹងជួប​ជាមួយ​នឹង​លោក ​Emmanuel Macron ​ប្រធានាធិបតី​វ័យក្មេង​របស់​ប្រទេស​បារាំង​។ លោកMacron​ បាន​និយាយថា​លោក​នឹង​ជួយ​លោក​ Hariri​ ដោះស្រាយ​ជម្លោះនាពេល​ថ្មីៗនេះ​នៅ​ក្នុង​នយោបាយ​ដ៏ចម្លែក​ក្នុង​ប្រទេស​លីបង់។

លោកHariri ​បាន​ប្រកាសតាម​កញ្ចក់ទូរទស្សន៍ប្រទេសអារ៉ាប៊ីសាអ៊ូឌីត លាលែង​ពីតំណែង​កាល​ពីដើមនេះ​។ ការលាលែង​របស់​លោក​បង្ក​ឱ្យ​មាន​ចលាចល​និង​ការរិះគន់។ លោក​មានគម្រោង​ពិសារ​អាហារ​ថ្ងៃត្រង់ជាមួយ​នឹង​លោក ​Macron ​នៅ​វិមាន​អេលីហ្សេ​ដោយ​មាន​សមាជិក​ក្រុមគ្រួសារ​របស់​លោក​ចូលរួមផងដែរ។​

គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយទេ​ថាតើ​មេដឹកនាំ​ទាំងពីរ​នឹង​ថ្លែង​មកកាន់​អ្នកសារព័ត៌មាន​ឬ​អត់។

លោក​Macron ​បាន​និយាយ​ពី​ប្រទេស​ស៊ុយអែត​កាលពី​ថ្ងៃ​សុក្រ​ថា​លោក​នឹង​ស្វាគមន៍​លោក​ Hariri ​ក្នុង​នាម​ជា​«នាយករដ្ឋ​មន្ត្រី‍»​នៃ​ប្រទេស​លីបង់​ដោយ​សារតែ​ការលាលែង​របស់​លោក​គឺ​ប្រទេស​បារាំង​មិន​ទទួល​ស្គាល់​ទេ។ លោក​បាន​បន្ថែម​ថា​លោក ​Hariri ​នឹង​ធ្វើ​ដំណើរ​ទៅប្រទេស​លីបង់​វិញ​ក្នុង​រយៈ​ពេល ​«ប៉ុន្មានថ្ងៃ​ឬ​ប៉ុន្មានសប្តាហ៍​ទៀត‍»៕