កម្ពុជាបានឱ្យដឹងថា រដ្ឋាភិបាលក្រុងហាណូយ បានប្រកាសគាំទ្ររដ្ឋាភិបាលក្រុងភ្នំពេញ ក្នុងការដឹកនាំកិច្ចខិតខំរបស់អាស៊ានលើបញ្ហាជម្លោះមីយ៉ាន់ម៉ា នៅចំពោះមុខនៃការខ្វែងគំនិតគ្នាក្នុងចំណោមរដ្ឋសមាជិកអាស៊ានលើអភិក្រមរបស់អង្គការថ្នាក់តំបន់នេះ ទៅនឹងជម្លោះនេះ។
ការណ៍នេះ នាំឱ្យអ្នកវិភាគ មើលឃើញថា វាជាការយកចិត្តកម្ពុជា ដើម្បីរក្សាមិត្តភាព និងទាញការគាំទ្រពាក់ព័ន្ធរឿងសមុទ្រចិនខាងត្បូង ស្របពេលកម្ពុជាធ្វើជាប្រធានអាស៊ានប្តូរវេន។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរៀបរាប់ពីជំនួបរវាងរូបលោក និងរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ស្ថិតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ថា៖
«ទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ឯកឧត្តម ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) បានអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា ឯកឧត្តមចាត់ទុកថា ទស្សនកិច្ចនេះ គឺមានសារៈសំខាន់សម្រាប់ការងារអាស៊ាន ហើយឯកឧត្តមមានការគាំទ្រចំពោះសកម្មភាពដែលសម្ដេចតេជោ បានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ានោះ»។
ដោយឡែក លោក ហ៊ុន សែន ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២នេះ នៅតែបន្តលើកឡើងថា នៅមានការងារជាច្រើនទៀតដែលអាស៊ានត្រូវយកមកធ្វើ ខណៈអាស៊ានមិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើគណនីយហ្វេសប៊ុករបស់លោកថា៖ «អាស៊ាន មានការងារធ្វើជាច្រើន មិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។ អាស៊ាន មិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា តែការងារដែលអាស៊ានត្រូវធ្វើ គឺមានជាច្រើនទៀត»។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានទៅជួបមេដឹកនាំយោធាមីយ៉ាន់ម៉ា បន្ទាប់ពីរបបយោធាភូមា បានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល កាលពីដើមឆ្នាំ២០២១ ហើយលោក ក៏បានបង្ហាញជំហរចង់នាំមេដឹកនាំរបបសឹកចូលប្រជុំអាស៊ានវិញផងដែរ។ ជំហរនេះ ហាក់បានរងការជំទាស់ពីបណ្ដារដ្ឋសមាជិកមួយចំនួន។
លោក វណ្ណ ប៊ុនណា អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព មើលឃើញថា ការប្រកាសគាំទ្ររបស់វៀតណាមនេះ គឺដោយសារតែប្រទេសវៀតណាម ព្យាយាមយកចិត្តកម្ពុជា ស្របពេលកម្ពុជាមានទំនោរងាកទៅចិន និងព្យាយាមងាកចេញពីឥទ្ធិពលរបស់ខ្លួន។
ម្យ៉ាងវិញទៀត គោលនយោបាយយូរអង្វែងរបស់វៀតណាម មើលឃើញថា កម្ពុជាជាដែនឥទ្ធិពលដ៏សំខាន់របស់ខ្លួននៅក្នុងភូមិសាស្រ្តនយោបាយតំបន់ឥណ្ឌូចិន ដើម្បីព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួន និងទប់ទល់ឥទ្ធិពលចិន ខណៈកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន អាចនឹងយករឿងសមុទ្រចិនខាងត្បូងមកចរចា។ នេះបើតាមលោក វណ្ណ ប៊ុនណា។
លោកថ្លែងថា៖ «ចង់មិនចង់ ដើម្បីទប់ទល់ឥទ្ធិពលចិនមួយចំនួន អ៊ីចឹងវៀតណាមត្រូវតែព្យាយាមពង្រឹងឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូចិនហ្នឹង។ អ៊ឺចឹងទេ កម្ពុជា ជាសម្ព័ន្ធមិត្តចាស់ ត្រូវតែរក្សាទំនាក់ទំនងល្អ ហើយចង់មិនចង់ វៀតណាមត្រូវតែគាំទ្រគោលនយោបាយរបស់កម្ពុជា ទៅលើដំណោះស្រាយវិបត្តិភូមា»។
លោកថ្លែងបន្តប្រាប់វីអូអេថា៖ «អ៊ឺចឹងទេ ចង់មិនចង់ វៀតណាម គឺចង់ស្តារទំនាក់ទំនងកម្ពុជាឲ្យល្អឡើងវិញផងដែរ ជាមួយគណបក្សកាន់អំណាច។ ជាពិសេស អ្វីដែលកត់សម្គាល់ គឺទាក់ទង[ការដែល]ឲ្យមានជំនួបរវាងកូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំកំពូលៗរបស់វៀតណាម។ អ៊ីចឹងសឲ្យឃើញថា វៀតណាម ហើយកម្ពុជា ព្យាយាមបង្ហាញទំនាក់ទំនងល្អ ក៏ប៉ុន្តែកម្ពុជាក្នុងន័យហ្នឹង គឺព្យាយាមចាប់ទាំងវៀតណាមផង ចាប់ទាំងចិនផង ធ្វើម៉េចឲ្យមានតុល្យការរវាងអំណាចពេលថ្មីហ្នឹង»។
លោកសង្កត់ធ្ងន់ថា កម្ពុជា ត្រូវតែពង្រឹងតួនាទីរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាទាំងនោះ ដោយធ្វើឲ្យមានសាមគ្តីភាព ឯកភាព និងការរួបរួមគ្នា ខណៈអាស៊ានកំពុងមានការបែកបាក់ដោយសារការខ្វែងគំនិតគ្នា ជុំវិញចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធានោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ប្រាប់វីអូអេថា ជំហរដែលវៀតណាមគាំទ្រកម្ពុជា ពាក់ព័ន្ធប្រទេសមីយ៉ាន់ម៉ានេះ គឺដោយសារតែការយកចិត្តរបស់កម្ពុជាក្នុងការបញ្ចប់អំពើហិង្សានៅភូមា។ ហើយទាក់ទិនជម្លោះសមុទ្រចិនខាងត្បូង លោកថា កម្ពុជា គ្មានសិទ្ធិក្នុងការសម្រេចទេ។
លោកថ្លែងប្រាប់វីអូអេថា៖ «វៀតណាមបានបង្ហាញជំហរ ការគាំទ្រ នៃការប្រឹងប្រែងរបស់សម្តេចតេជោ ក៏ដូចជាកម្ពុជាក្នុងការយកចិត្តទុកដាក់សន្តិភាព យកចិត្តទុកដាក់អំពីការបញ្ចប់អំពើហិង្សានៅភូមា។ ហើយជំហរអាស៊ាន ដែលក្មួយនិយាយអំពីឈូងសមុទ្យចិនខាងត្បូង គឺប្រធានអាស៊ាន គឺអត់មានអំណាចណា ទៅចង្អុលយ៉ាងម៉េចនោះទេ។ ក៏ប៉ុន្តែទោះជាយ៉ាងណាប្រធានអាស៊ាន រៀបចំនូវការអនុវត្ត នូវក្រមប្រតិបត្តិនៃដំណោះស្រាយ នៃវិបត្តិឈូងសមុទ្រចិនខាងត្បូង តាមរយៈវេទិកាជជែកគ្នា»។
លោកបញ្ជាក់ថា ប្រទេសកម្ពុជា គឺតែងតែប្រើ«គោលនយោបាយមិត្តជិតខាងល្អ» និង «គោលការណ៍សន្តិសហវិជ្ជមាន» ជាមួយបណ្តាប្រទេសទាំងអស់ ដោយគោរពគ្នាទៅវិញទៅមក និងមិនលូកចូលផ្ទៃក្នុងប្រទេសណាមួយនោះទេ។
វីអូអេ មិនទាន់ទទួលបានការឆ្លើយតបតាមសារអ៊ីម៉ែលពី ស្ថានទូតវៀតណាមប្រចាំកម្ពុជា បាននៅឡើយទេ។
អ្នកវិភាគនយោបាយ លោក សេង សារី ក៏បានមើលឃើញដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ទៅមីយ៉ាន់ម៉ានេះ មានមតិពីរផ្ទុយគ្នា ដោយមតិខ្លះគាំទ្រ និងមតិខ្លះរិះគន់ខ្លាំងៗ។
ប៉ុន្តែលោកថា បញ្ហាមីយ៉ាន់ម៉ានេះ គឺជាកិច្ចការមួយដ៏ធំដែលសមាជិកអាស៊ានគួរតែយកមកជជែកគ្នា រកដំណោះស្រាយ ជាជាងការស្តីបន្ទោស និងយកតែភាពអាត្មានិយមរៀងៗខ្លួន។ ម្យ៉ាងទៀតអាស៊ាន ត្រូវតែផ្តល់តម្លៃឲ្យស្មើមុខគ្នាចំពោះប្រទេសតូចៗ ឬប្រទេសអន់ថយក្នុងតំបន់ និងត្រូវលើកទឹកចិត្តឲ្យមានការផ្តួចផ្តើមគំនិតថ្មីក្នុងការដោះស្រាយបញ្ហាមួយនេះ។
លោកថ្លែងថា៖ «បញ្ហារបស់ភូមា មិនគួរជាបញ្ហាមួយដែលធ្វើឲ្យអាស៊ានបែកបាក់ទេ។ បញ្ហារបស់ភូមា ត្រូវតែមានដំណោះស្រាយ ហើយតាមមធ្យោបាយណាមួយ គឺគួរតែជជែកគ្នាក្នុងកម្រិតតំបន់»។
នៅចំពោះមុខការខ្វែងគំនិតគ្នាក្នុងចំណោមបណ្ដារដ្ឋជាសមាជិកអាស៊ាននេះ ភ្លាមៗកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសៀមរាប ត្រូវបានលើកពេល ដែលការខកខានមិនបានរៀបចំប្រជុំនេះ នាំទៅដល់ការពន្យារពេលប្រថាប់ត្រាតែងតាំងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ធ្វើជាប្រេសិតថ្មីរបស់ប្រធានអាស៊ានលើបញ្ហាភូមាផងដែរ៕