អាស៊ាន មិនគួរក្លាយជាចំណាប់ខ្មាំងជាប់គាំងជាមួយនឹងវិបត្តិភូមានោះ។ នេះជាការលើកឡើងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលជាប្រធានអាស៊ានប្ដូរវេននៅឆ្នាំនេះ។
ការថ្លែងដូច្នេះរបស់លោក ហ៊ុន សែន កើតមានឡើងក្រោយមានការលើកពេលដោយមិនមានកាលកំណត់នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងសប្ដាហ៍នេះ ចំពេលដែលមានការមិនចុះសម្រុងគ្នាក្នុងចំណោមរដ្ឋសមាជិក ជុំវិញអភិក្រមផ្ដួចផ្ដើមដោយកម្ពុជាឆ្លើយតបនឹងវិបត្តិភូមា។
ថ្លែងនៅចំពោះមុខក្រុមរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលជួបជុំគ្នានៅក្រុងព្រះសីហនុកាលពីព្រលប់ថ្ងៃអង្គារលោក ហ៊ុន សែន បានលើកឡើងថា៖
«ខ្ញុំសូមបញ្ជាក់ថា កិច្ចការរបស់អាស៊ានឆ្នាំ២០២២ មិនមែនមានតែបញ្ហាមីយ៉ាន់ម៉ាតែមួយនោះទេ ដូចដែលអ្នកទាំងឡាយបាននិយាយយ៉ាងច្រើន ក្នុងរយៈពេលប្រមាណជាង៣អាទិត្យនេះ។ ខ្ញុំសូមនិយាយថា យើងមានកិច្ចការជាច្រើន ដែលត្រូវធ្វើក្រៅពីរឿងមីយ៉ាន់ម៉ា ហើយអាស៊ាន មិនមែនជាចំណាប់ខ្មាំងនៃបញ្ហារបស់មីយ៉ាន់ម៉ានោះទេ»។
ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី បានសម្ដែងការជំទាស់ជាមួយជំហររបស់កម្ពុជាក្នុងការអញ្ជើញមន្ត្រីជាន់ខ្ពស់របបសឹកភូមាចូលរួមប្រជុំវិញ ដោយថា ល្គឹកណាមិនទាន់មានការអនុវត្តពេញលេញនូវល្បើកជាឯកច្ឆ័ន្ធទាំង៥ចំណុច រវាងមេដឹកនាំអាស៊ាន៩រូប និងមេដឹកនាំរដ្ឋប្រហារភូមាដែលសម្រេចបានកាលពីខែមេសា ឆ្នាំ២០២១ នោះទេ ការចូលរួមរបស់ភូមាក្នុងវេទិកាប្រជុំរដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំកំពូលអាស៊ាន គួររក្សាត្រឹមកម្រិតតំណាងមិនមែននយោបាយ ដូចសព្វថ្ងៃទេ។
ដោយឡែកប្រទេសហ្វីលីពីនវិញ បានស្នើកម្ពុជាឱ្យស្វះស្វែងរកការជួបពិភាក្សាជាមួយមេដឹកនាំរដ្ឋាភិបាលស៊ីវិល និងឱ្យមានចូលរួមពីសំណាក់មេដឹកនាំរបស់ពួកគេដែលត្រូវបានឃុំខ្លួន គឺអ្នកស្រី អង់សាន ស៊ូជី (Aung San Suu Kyi)។
ស្របពេលដែលមានខ្វែងគំនិតគ្នាខាងលើ កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ានដែលគ្រោងធ្វើនៅក្រុងសៀមរាប ត្រូវបានពន្យារពេល។ កិច្ចប្រជុំប្រមុខការទូតអាស៊ានដំបូងប្រចាំឆ្នាំនេះ ជានិច្ចកាលរៀបដោយប្រធានប្ដូរវេន ដើម្បីកំណត់របៀបវារៈសំខាន់ៗសម្រាប់មួយឆ្នាំទៅមុខ។
ការខកខានមិនបានរៀបចំកិច្ចប្រជុំចង្អៀតតាមកាលកំណត់នេះ នាំឱ្យមានការពន្យារពេលដល់ការតែងតាំងជាផ្លូវការនូវរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ជាប្រេសិតពិសេសរបស់ប្រធានអាស៊ានទទួលបន្ទុកកិច្ចការទាក់ទងនឹងវិបត្តិភូមាផងដែរ។
លោក Kavi Chongkittavorn អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាសន្ដិសុខនិងកិច្ចការអន្តរជាតិរបស់ថៃ បានសរសេរអត្ថបទមួយ ក្នុងកាសែតបាងកកប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា ជោគជ័យនៃការធ្វើប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំនេះ អាស្រ័យលើ ភាពចម្រើនវិវត្តនៃវិបត្តិភូមា ការចរចាបញ្ចប់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង និងការអនុវត្តការប្រមើលមើលរបស់អាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
អ្នកកាសែតជើងចាស់ជនជាតិថៃរូបនេះ បានបន្តថា ប្រធានអាស៊ានចៀសមិនផុតពីត្រូវធ្វើការជាមួយរបបសឹកនោះទេ តែការពិគ្រោះយោបល់ និងការកសាងការទុកចិត្តគ្នាជាមួយរដ្ឋសមាជិកផ្សេងទៀតក៏សំខាន់ផងដែរ ក្នុងដំណើរដឹកនាំអាស៊ានជួយដោះស្រាយវិបត្តិភូមាលើកនេះ។
វិបត្តិភូមាបានឈានដល់ដំណាក់កាលដែលក្រុមជំទាស់ បានចាប់កាន់អាវុធតស៊ូដោយកម្លាំងបាយជាមួយនឹងរបបសឹក ដែលបានក្រសោបយកអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមអ្នកឃ្លាំមើលបានឱ្យដឹងថា អំពើហិង្សានិងការបង្ក្រាបយ៉ាងចាស់ដៃពីអាជ្ញាធរយោធា បាននាំឱ្យមានអ្នកស្លាប់ជាងមួយពាន់នាក់ហើយ ចាប់តាំងពីរដ្ឋប្រហារមក៕