ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ម៉ាឡេស៊ី រិះគន់​កម្ពុជា​ថា​មិន​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​ធ្វើ​ដំណើរ​ទៅ​មីយ៉ាន់ម៉ា


រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ីលោក Saifuddin Abdullah នៅ​ពេល​លោក​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​នៃ​រដ្ឋមន្ត្រី​ការបរទេស​នៃ​ក្រុមប្រឹក្សា​សម្របសម្រួល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ​ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​និយាយ​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន គួរ​តែ​ពិភាក្សា​ជាមួយ​មេដឹកនាំ​អាស៊ាន មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មីយ៉ាន់ម៉ា​ជួប​មេដឹកនាំ​យោធា ដែល​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​មេដឹក​នាំ​ជាប់​ឆ្នោត។ នេះ ​បើ​តាម​សារព័ត៌មាន​បរទេស​ដែល​បាន​ដក​ស្រង់​សម្តី​របស់​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី។

ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ទៅ​មីយ៉ាន់​ម៉ា កាល​ពី​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២២ ក៏​រង​ការ​រិះគន់​ពី​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា​ថា​ ទទួល​ស្គាល់​មេដឹកនាំ​យោធា​មួយ​នេះ ដោយ​សារ​លោក ហ៊ុន សែន ជា​ថ្នាក់​ដឹកនាំ​មុន​គេ​បង្អស់ ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​ក្នុង​ប្រទេស​នេះ ហើយ​ការ​ធ្វើ​ដំណើរ​ទៅ​នេះ ក្នុង​ពេល​កម្ពុជា​ចាប់​ផ្តើម​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ាន​ប្តូរ​វេន។

បើ​តាម​សារព័ត៌មាន Al Jazeera លោក Saifuddin Abdullah រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី និយាយ​ថា ​រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន​មួយ​ចំនួន ​មិន​យល់​ស្រប​នឹង​ដំណើរ​ទស្សន​កិច្ច​នេះ​ឡើយ ដោយ​បារម្ភ​ថា ​វា​អាច​ត្រូវ​បាន​មើល​ឃើញ​ថា ​ជា​ការ​ទទួល​ស្គាល់​ថ្នាក់​តំបន់នៃ​ការ​ដឹកនាំ​យោធា​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា។

លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា៖ «មាន​មនុស្ស​ដែល​គិត​ថា ​លោក [ហ៊ុន សែន] មិន​គួរ​ទៅ​បំពេញ​ទស្សន​កិច្ច ពី​ព្រោះ​ទស្សន​កិច្ច​របស់​គាត់​ត្រូវ​បាន​យល់​ឃើញ​ផ្សេង ឬ​មាន​ការ​បកស្រាយ​ថា​ ជា​ការ​ទទួល​ស្គាល់​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។

លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី​បន្ថែម​ថា ​ដំណើរ​ទស្សន​កិច្ច​ក្នុង​នាម​មេដឹកនាំ​រដ្ឋ​មួយ មិន​មែន​ជា​បញ្ហា​ឡើយ ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​រួច​ហើយ ដែល​លោក​ថា ​គួរ​តែ​មាន​ការ​ពិភាក្សា​ជាមួយ​មេដឹក​នាំ​អាស៊ាន​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​ការ​យល់​ឃើញ។

នៅ​ពេល​សួរ​ថា ​តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន សម្រេច​បាន​អ្វី? លោក​រដ្ឋមន្រ្តី​ឆ្លើយ​ថា​«ទេ»។ នេះ​ បើ​តាម​សារព័ត៌មាន Al Jazeera។

លោក​រដ្ឋមន្រ្តី​ការបរទេស​ម៉ាឡេស៊ី​បញ្ជាក់​ថា​ វា​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ​ថា​ តើ​កម្ពុជា​ជា​ប្រធាន​អាស៊ាន នឹង​បន្ត​មិន​ឲ្យ​អ្នក​តំណាង​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន ឬ​យ៉ាង​ណា​នៅ​ពេល​ខាង​មុខ។

ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​អំពី​សម្តី​របស់​រដ្ឋមន្រ្តី​ការ​បរទេស​ម៉ាឡេស៊ី លោក​ កុយ គួង អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​កម្ពុជា ប្រាប់​អ្នក​សារព័ត៌​មាន​ក្នុង​ប្រព័ន្ធ​តេឡេក្រាម ​(Telegram) ថា​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន «បាន​ពន្យល់​បក​ស្រាយពិស្តារ​ច្បាស់​លាស់​រួច​រាល់​ហើយ ​អំពី​សារៈ​សំខាន់​នៃ​ដំណើរ​ទស្សន​កិច្ច​»ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា។

លោក​បញ្ជាក់​ថា៖ «​ការ​បញ្ចេញ​ទស្សនៈ​យល់​ឃើញ​ខុស​គ្នា​អំពី​បញ្ហា​នេះ គ្រាន់​ជា​សិទ្ធិ​បុគ្គល​រៀងៗ​ខ្លួន​ប៉ុណ្ណោះ​»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ថ្លែង​ថា​ កម្ពុជា ​ជា​ប្រទេស​អធិប​តេយ្យ និង​ឯករាជ្យ ដែល​អាច​ធ្វើ​ការងារ​ទ្វេភាគី​បាន។ លោក​ថា​ កម្ពុជា​ មិន​តម្រូវ​ឲ្យ​ស្ថិត​នៅ​ក្នុង​កាតព្វកិច្ចសុំ​ការ​អនុញ្ញាត​ពី​អ្នក​ណា​ទេ។ លោក​បន្ថែម​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ ស្ថិត​ក្នុង​កាតព្វ​កិច្ច​របស់​ប្រធាន​អាស៊ាន ហើយ​ធ្វើ​តាម​គោល​ការណ៍​យល់​ព្រម​ទាំង​៥​ របស់​មេដឹកនាំ​អាស៊ាន។

លោក​ប្រាប់​វីអូអេ​ថា៖ «ដូច្នេះ​មិន​មាន​អ្វី​ដែល​ខុស​នឹង​បំណង​របស់​អាស៊ាន​ទេ។ បំណង​របស់​អាស៊ាន គឺ​ចង់​ឲ្យ​ភាគីដែល​ជា​សមាជិក​របស់​អាស៊ាន​អនុវត្តនូវ​អ្វី​ដែល​អាស៊ាន​ Consensus ​[គោល​ការណ៍​កុង​សង់​ស៊ីស​ដែល​សម្រេច​ជា​ឯកច្ឆន្ទ]»។

កាល​ពី​កន្លង​ទៅ លោក ហ៊ុន សែន បាន​ពន្យល់​ថា​ ដំណើរ​ទស្សន​កិច្ច​ការងារ​របស់​លោក​ទៅ​ប្រទេស​មីយ៉ាន់ម៉ា គឺ​សំខាន់​មិន​ចេញ​ឆ្ងាយ​ពី​ធម្មនុញ្ញ​អាស៊ាន និង​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ចំនួន​៥​ នោះ​ទេ។ លោក​បន្ថែម​ថា​ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ចង់​រក​មធ្យោបាយ​ដើម្បី​បញ្ចប់​ភាព​ហិង្សា និង​បញ្ចប់​ការ​បាញ់​គ្នា ដែល​ជា​កត្តា​សំខាន់​ដែល​ស្ថិត​នៅ​ក្នុង​ចំណុច​ទាំង៥ ដែល​អាស៊ាន​បាន​ឯកភាព។

ក្រោយ​មាន​ភាព​ចម្រូង​ចម្រាស​នេះ កិច្ច​ប្រជុំ​ចង្អៀត​មួយ​របស់​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន ​ដែល​គ្រោង​ធ្វើ​នៅ​ក្នុង​ខេត្ត​សៀមរាប នា​សប្តាហ៍​ក្រោយ ត្រូវ​បាន​លើក​ពេល ដែល​នេះ​ត្រូវ​បាន​មើល​ឃើញ​ថា ​ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ចំណោម​សមាជិក​អាស៊ាន ដែល​មិន​ចង់​ឃើញ​វត្ត​មាន​របស់​រដ្ឋមន្រ្តី​ការបរទេស​មីយ៉ាន់​ម៉ា​ក្នុង​របប​យោធា។

កាលពី​ពេល​កន្លង​ទៅ លោក ​Joko Widodo ​ប្រធានា​ធិបតី​ឥណ្ឌូណេស៊ី បាន​ឲ្យ​ដឹង​នៅ​លើ​ទំព័រ ​Twitter ​របស់​លោក​ថា ​ប្រសិន​បើ​មិន​មាន​វិវឌ្ឍនភាព​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​លើ​៥​ចំណុច​ដែល​បាន​ឯកភាព​គ្នា​ទេ តំណាង​របស់​ប្រទេស​មីយ៉ាន់ម៉ា ​អាច​ចូល​រួម​ប្រជុំ​អាស៊ាន​បាន ​តែ​ក្នុង​កម្រិត​មិន​មែន​នយោបាយ​តែ​ប៉ុណ្ណោះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក ប្រាក់ សុខុន រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា លោក​បាន​ជែក​តាម​ទូរស័ព្ទ​ជាមួយ​លោក វីវៀន បាឡាគ្រីសស្នាន់ (Vivian Balakrishnan) រដ្ឋមន្រ្តី​ការបរទេស​សិង្ហបុរី «ដោយ​ត្រង់​ទៅ​ត្រង់​មក និង​ក្នុង​ន័យ​ស្ថាបនា»។

លោក​បញ្ជាក់​ថា៖ «យើង​ទាំង​ពីរ​សោក​ស្តាយ​ដែល​កិច្ច​ប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​គ្រោង​ធ្វើ​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​លើក​ទៅ​ពេល​ក្រោយ»។

លោក​បន្ថែម​ថា៖ «ខ្ញុំ​រីករាយ​ណាស់​ដែល​ឯកឧត្តម​បាន​សម្តែង​ការ​គាំទ្រ​ចំពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជា​ឯកច្ឆន្ទ​៥ ចំ​ណុច ឲ្យ​បាន​ពេញ​លេញ និង​ទាន់​ពេល​វេលា។ យើង​បន្ត​សង្ឃឹម​ថា ​នឹង​អាច​ចូលរួម​ចំណែក​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ជួយ​មីយ៉ាន់ម៉ា​វិល​ទៅ​រក​ជីវភាព​ធម្មតា​វិញ»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG