អ្នក​វិភាគ​ថា ជំនួប​លើក​ទី ២ រវាង​លោក Trump និង​លោក Kim Jong Un ជា​ឱកាស​បង្ហាញ​ពី​ការពិត

រូបឯកសារ៖ ជំនួបរវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន លើកដំបូងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។ 

សេនារីយ៉ូ​មួយ​គឺ ​ថា​តើ​សភា​អាមេរិក​បដិសេធ​មិន​ព្រម​ដក​ទណ្ឌកម្ម​ជា​បណ្ដើរៗ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដោយ​មិន​ចាំបាច់​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​ទាំង​ស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ឬ​ក៏​ធ្វើ​ការ​ប្រកាស​ដាច់​ណាត់​ណា​មួយ​អំពី​នុយក្លេអ៊ែរ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

ជំនួប​លើក​ទី​ពីរ​រវាង​ប្រធានាធិបតី​អាមេរិក​លោក Donald Trump និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un ដែល​នឹង​ធ្វើ​ឡើង​នៅ​សប្ដាហ៍​ក្រោយ​នេះ ត្រូវ​បាន​មនុស្ស​មួយ​ចំនួន​យល់​ឃើញ​ថា​ជា​មូលដ្ឋាន​នៃ​ភាព​សុទិដ្ឋិនិយម ប៉ុន្តែ​ក៏​ជា​ឱកាស​នៃ​ការ​បង្ហាញ​ការ​ពិត​ផង​ដែរ។

លោក Park In Hook ប្រធាន​វិទ្យាស្ថាន Chey ដើម្បី​ការ​សិក្សា​ជាន់​ខ្ពស់ (Chey Institute for Advanced Studies) បាន​និយាយ​ថា នៅ​ក្នុង​អំឡុង​ពេល​សន្និសីទ​ត្រី​ភាគី​លើក​ដំបូង​របស់​វិទ្យាស្ថាន​របស់​លោក​ស្ដី​ពី​បញ្ហា​ប្រទេស​ចិន សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង គេ​ឃើញ​មាន​ការ​ផ្ដោត​ភាគ​ច្រើន​លើ​ជំនួប​រវាង​លោក Trump និង​លោក Kim Jong Un ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៨ ខែ​កុម្ភៈ ខាង​មុខ​នេះ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម «ដោយសារតែ​មាន​ការ​ភ័យ​ខ្លាច​ថា ជំនួប​លើក​នេះ​អាច​ជា​ឱកាស​ចុង​ក្រោយ»។

លទ្ធផល​ពិត​ប្រាកដ​នៃ​ជំនួប​នេះ​អាច​កើត​ឡើង​នៅ​ទីក្រុង​ហាណូយ

អតីត​អ្នក​តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង​លោក Joseph Yun បាន​និយាយ​ថា សហគមន៍​អន្តរជាតិ​មាន​សិទ្ធិ​រំពឹង​ថា​ កិច្ច​ប្រជុំ​នៅ​ក្នុង​ទីក្រុង​ហាណូយ​នេះ​នឹង​ផ្ដល់​លទ្ធផល​ពិត​ប្រាកដ។

លោក Joseph Yun និយាយ​ថា៖ «ជំនួប​លើក​ទី​មួយ​នៅ​ប្រទេស​សិង្ហបុរី​បាន​ជោគជ័យ​នៅ​ក្នុង​ការ​បំបែក​របាំង​នៃ​ការ​ចរចា ហើយ​ជំនួប​លើក​ទី​ពីរ​នេះ​ត្រូវតែ​បង្ហាញ​ជា​លទ្ធផល។ មាន​បញ្ហា​សំខាន់​ពីរ។ ទី​មួយ​គឺ​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ និង​ទី​ពីរ​គឺ​ការ​កសាង​ដំណើរការ​សន្តិភាព»។

លោក​បាន​បន្ថែម​ថា មាន​ការ​ភ័យ​ខ្លាច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ដែល​ថា ការ​ជ្រើស​យក​ផ្លូវ​សន្តិភាព​អាច​បណ្ដាល​ឲ្យ​មាន​ការ​យល់ព្រម​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

លោក Joseph Yun និយាយ​ថា៖ «មនុស្ស​ភាគ​ច្រើន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​មាន​ការ​ព្រួយ​បារម្ភ​អំពី​គំនិត​ដែល​ចង់​លុប​បំបាត់​នុយក្លេអ៊ែរ​តាម​រយៈ​សន្តិភាព ដោយសារតែ​សម្រាប់​ពលរដ្ឋ​អាមេរិកាំង​ភាគ​ច្រើន គំនិត​បែប​នេះ​គឺ​ជា​ដំណើរ​ថយ​ក្រោយ។ ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​គួរតែ​ធ្វើ​ឡើង​មុន​ពេល​ចាប់ផ្ដើម​ដំណើរការ​សន្តិភាព»។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក Stephen Biegun អ្នក​តំណាង​ពិសេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​កិច្ចការ​កូរ៉េ​ខាង​ជើង បាន​ចំណាយ​ពេល​ជិត ៣ ថ្ងៃ ពិភាក្សា​ជាមួយ​នឹង​សមភាគី​កូរ៉េ​ខាង​ជើង​របស់​លោក គឺ​លោក Kim Hyok Chol នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។ ទោះបីជា​លោក Biegun បាន​ហៅ​ការ​ពិភាក្សា​នោះ​ថា​មាន «លទ្ធផល​ជា​ផ្លែផ្កា» ក៏​ដោយ ក៏​លោក​បាន​កត់​សម្គាល់​ថា នៅ​មាន​កិច្ចការ​ជា​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ។

លោក Biegun បញ្ជាក់​ដូច្នេះ​ថា៖ «លោក​ប្រធានាធិបតី Trump បាន​បញ្ជាក់​យ៉ាង​ច្បាស់​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ក៏​ដូចជា​ចំពោះ​ក្រុម​របស់​យើង​ថា លោក​រំពឹង​ថា​នឹង​មាន​ដំណើរ​វិវឌ្ឍ​ដ៏​សំខាន់ និង​អាច​ផ្ទៀងផ្ទាត់​បាន​លើ​រឿង​លុប​បំបាត់​នុយក្លេអ៊ែរ ដែល​ជា​សកម្មភាព​មោះមុត និង​ពិត​ប្រាកដ ដែល​នឹង​លេច​ឡើង​ពី​កិច្ច​ប្រជុំ​បន្ទាប់​នេះ»។

លោក Robert Einhorn អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន Brookings បាន​និយាយ​ថា រដ្ឋបាល​របស់​លោក Trump «មាន​គំនិត​ប្រាកដ​និយម​កាន់តែ​ច្រើន» អំពី​អ្វី​ដែល​ត្រូវការ​សម្រាប់​ការ​ចរចា​ម៉ឺងម៉ាត់​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។

លោក Einhorn និយាយ​ដូច្នេះ​ថា៖ «យើង​ទំនងជា​មិន​ដឹង​ថា​តើ​លោក Kim Jong Un ពិតជា​មាន​ឆន្ទៈ​ចង់​លះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ»។ លោក​បាន​បន្ថែម​ថា លោក «មាន​មន្ទិល​សង្ស័យ​យ៉ាង​ខ្លាំង» ថា តើ​រដ្ឋបាល​របស់​លោក Trump អាច​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើងលុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង​បាន​ដែរ​ឬ​ទេ។

ប៉ុន្តែលោក​បាន​បន្ថែម​ថា មាន​នីតិវិធី​ផ្សេង​មួយ​ទៀត​ក្រៅ​ពី​ការ​ងាក​ទៅ​ប្រើ «យុទ្ធសាស្ត្រ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង ការ​រារាំង​ឥរិយាបថ​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង ដោយសារ​ការ​ធ្វើ​បែប​នេះ នៅ​ទី​បំផុត​អាច​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន ឬ​ក៏​អាច​ធ្វើ​ឲ្យ​ប្រទេស​នេះ​ដួល​រលំ»។

លោក​បាន​បញ្ជាក់​ពី​ជម្រើស​ផ្សេង​នោះ​យ៉ាង​ដូច្នេះ​ថា៖ «ចរចា​កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​មួយ​ដែល​អាច​រារាំង និង​ប្រហែល​ជា​អាច​កាត់​បន្ថយ​សមត្ថភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន»។

កិច្ច​ព្រមព្រៀង​បណ្ដោះ​អាសន្ន​នេះ​ជា​អ្វី​មួយ​ដែល​លោក Einhorn ជឿ​ថា នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង និង​សហរដ្ឋ​អាមេរិក​បន្ត​ការ​ចរចា​ឆ្ពោះ​ទៅ​រក​គោល​បំណង​លុប​បំបាត់​នុយក្លេអ៊ែរ​ទាំង​ស្រុង ប៉ុន្តែ​គ្មាន​កាល​បរិច្ឆេទ​កំណត់​ច្បាស់លាស់។

លោក​បាន​បន្ត​ថា កិច្ច​ព្រមព្រៀង​ដូច​នេះ​អាច​មាន​គុណវិបត្តិ​មួយ​ចំនួន ប៉ុន្តែ​វា​ក៏​អាច​ដាក់​កំហិត​ដល់​ដំណើរ​វិវឌ្ឍ​នៃ​ការ​ផលិត​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផង​ដែរ និង​បើក​ផ្លូវ​ទាក់ទង ដែល​អាច​ប្រើ​ដើម្បី​បន្ត​វិធានការ​កសាង​ជំនឿ​ទុកចិត្ត​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​ជៀសវាង​មិន​ឲ្យ​មាន​ការ​វាយ​តម្លៃ​ខុស​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង​បាន។

តើ​ដំណើរការ​នេះ​អាច​វិវត្ត​ទៅ​មុខ​បាន​ដែរ​ឬ​ទេ?

ទោះបីជា​មាន​គំនិត​បែប​សុទិដ្ឋិនិយម​ជា​ទូទៅ​ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ហាណូយ​ខាង​មុខ​នេះ​ក៏​ដោយ ក៏ «ភាព​ជាប់​គាំង» អាច​នឹង​នៅតែ​បន្ត ឬ​ក៏​ស្ថានការណ៍​បច្ចុប្បន្ន​អាច​នឹង​នៅ​ដដែល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Zhang Fangming ប្រធាន​គណៈកម្មាធិការ​សិក្សា​នៃ​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​ការបរទេស​នៃ​អង្គការ​មូលនិធិ​ចិន​ដើម្បី​ការ​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ (China Foundation for International Strategic Studies)។

លោក​និយាយ​ថា ករណី​នេះ​អាច​កើត​ឡើង ប្រសិនបើ «ក្នុង​ស្ថានការណ៍​បច្ចុប្បន្ន ប្រទេស​កូរ៉េ​ខាង​ជើង​បដិសេធ​មិន​ប្រកាស​រឿង​នុយក្លេអ៊ែរ​ទោះ​ក្នុង​ទម្រង់​ណា​ក៏​ដោយ ឬ​ក៏​មិន​ព្រម​ឲ្យ​មាន​ការ​ផ្ទៀងផ្ទាត់​នូវ​ការ​ប្រកាស​របស់​ខ្លួន​អំពី​នុយក្លេអ៊ែរ»។

សេនារីយ៉ូ​មួយ​ទៀត​ដែល​អាច​បន្ត​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​គឺ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លើយតប​របស់​សភា​សហរដ្ឋ​អាមេរិក​ចំពោះ​កិច្ច​ប្រជុំ​នេះ និង​ថា​តើ​សភា​អាមេរិក​បដិសេធ​មិន​ព្រម​ដក​ទណ្ឌកម្ម​ជា​បណ្ដើរៗ​ពី​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ដោយ​មិន​ចាំបាច់​ឲ្យ​កូរ៉េ​ខាង​ជើង​លះបង់​ទាំង​ស្រុង​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន ឬ​ក៏​ធ្វើ​ការ​ប្រកាស​ដាច់​ណាត់​ណា​មួយ​អំពី​នុយក្លេអ៊ែរ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

លោក Kim Joonhyung សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Handong Global University បាន​និយាយ​ថា ទាំង​លោក Kim Jong Un និង​ទាំង​លោក Trump សុទ្ធតែ​ដឹង​អំពី​ការ​រិះគន់​ទាំង​នេះ។

លោក​បាន​និយាយ​ថា ការ​ប្រជុំ​នៅ​ទីក្រុង​ហាណូយ​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ស​ខ្មៅ។

លោក Kim Joonhyung បាន​បញ្ជាក់​ថា ប្រសិនបើ​ការ​ប្រជុំ​នេះ​បរាជ័យ លោក​គិត​ថា​នឹង​មិន​មាន​ការ​ប្រជុំ​ណា​មួយ​ទៀត​នៅ​ពេល​អនាគត​នោះ​ទេ​រវាង​មេដឹកនាំ​ទាំង​ពីរ។

លោក​បាន​បន្ថែម​ថា សំណួរ​ចម្បង​បំផុត​សម្រាប់​កិច្ច​ប្រជុំ​នេះ​គឺ​ថា «តើ​ទណ្ឌកម្ម​ច្រើន​ប៉ុណ្ណា ដែល​លោក Trump មាន​ឆន្ទៈ​ដក​ចេញ​ពី​កូរ៉េ​ខាង​ជើង ជា​ថ្នូរ​នឹង​ការ​លុប​បំបាត់​នុយក្លេអ៊ែរ​មួយ​ផ្នែក​របស់​ប្រទេស​នេះ?៕

ប្រែ​សម្រួល​ដោយ ភី សុភាដា