លោក​ ពុទ្ធា ហង្ស ​សច្ចា​ថា​នឹង​ព្យាយាម​ជួយ​កែ​ទម្រង់​ការ​បោះឆ្នោត​ដែល​មាន​ប្រយោជន៍​ដល់​ពលរដ្ឋ

លោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក​ថ្មី​នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ចូល​រួម​ពិភាក្សា​អំពី​«កំណែទម្រង់រចនាសម្ព័ន្ធបោះឆ្នោតនិងបញ្ហាប្រឈមនឹងការបោះឆ្នោតខាងមុខ‍»​នៅ​ក្នុង​កម្មវិធី​វិទ្យុ​ Hello VOA កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ទី​​​៩ ខែ​មេសា ឆ្នាំ២០១៥។ (លឹម សុធី/VOA)​

អ្នក​ជំនាញ​ផ្នែក​បោះឆ្នោត​លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ មាន​ក្តី​រំពឹង​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ បោះឆ្នោត​នឹង​ត្រូវ​កែទម្រង់​ប្រសើរ​ជាង​មុន​ ដោយ​លោក​បាន​តាំង​ចិត្ត​ថា​នឹង​ជួយ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ មាន​ភាព​សេរី​និង​យុត្តិធម៌។

Your browser doesn’t support HTML5

កំណែ​ទម្រង់​រចនាសម្ព័ន្ធ​ការ​បោះឆ្នោត​និង​បញ្ហា​ប្រឈម​ខាង​មុខ‍

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ​លោក​នឹង​អាច​មាន​តួនាទី​សម្រប​សម្រួល​ឲ្យ​មាន​ការ​យល់​គ្នា​ដ៏​ស៊ីជម្រៅ​រវាង​គ.ជ.ប.​និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ ម៉្យាង​ទៀត​លោក​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​តាំង​ចិត្ត​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​ចំពោះ​ការ​កែទម្រង់​និង​ធ្វើ​ឲ្យ​គ.ជ.ប.​អព្យាក្រឹត។

«ខ្ញុំ​មិន​គិត​ថា​ខ្ញុំ​ជា​មនុស្ស​អស្ចារ្យ​ដែល​អាច​ចូល​ទៅ​ក្នុង​គ.ជ.ប.​ហើយ​ធ្វើ​ឲ្យ​គ.ជ.ប.​ហ្នឹង​ឯករាជ្យ​បាន​ទាំង​ស្រុង​ឬ​ក៏​១០០​ភាគរយ​ទេ ​ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ខ្ញុំ​បាន​ចូល​រួម​ធ្វើ​ការងារ​មួយ​ចំនួន​ដើម្បី​ឆ្លុះ​បញ្ចាំង​ឬ​បើ​និយាយ​ឲ្យ​ខ្លី​ទៅ​គឺ​ថា អាច​ធ្វើ​ការ​បាន​មួយ​ចំនួន​ដើម្បី​ឲ្យ​ដំណើរការ​បោះឆ្នោត​នេះ​មាន​ភាព​កាន់​តែ​ល្អ​ជាង​មុន»។

លោក​យល់​ថា​ ថ្ងៃ​ក្រោយ​សំឡេង​សង្គម​ស៊ីវិល​អាច​កើន​ពី​មួយ​រូប​ទៅ​ដល់​៣​រូប​ឬ​ទាំង​៩​រូប​ក្នុង​គ.ជ.ប.។ ដែល​មាន​ទំនុក​ចិត្ត​អ្វី​ដែល​សាធារណៈ​មតិ​ចង់​បាន​ ហើយ​នេះ​ក៏​ជា​ស្តង់ដារ​មួយ​ដែរ។​

«ប៉ុន្តែ​ដំណាក់កាល​បច្ចុប្បន្ន ​យើង​ឃើញ​ថា ​ដំណោះស្រាយ​និង​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ ទាំង​ពីរ​គឺ​បាន​រូបមន្ត​ប៉ុណ្ណឹង​ដែល​យើង​ត្រូវ​តែ​ធ្វើ​ដំណើរ​ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កុំ​ឲ្យ​មាន​ការ​ជាប់ គាំង​បញ្ហា​សេដ្ឋកិច្ច​ បញ្ហា​នយោបាយ​របស់​ជាតិ»។

លោក​ ពុទ្ធា​ បាន​យល់​ថា​ ការ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ជា​សមាជិក​គ.ជ.ប.​នេះ​គឺ​ដោយសារ​លោក​មើល​ ឃើញ​ថា​លោក​មាន​ជំនឿ​មុតមាំ​ថា​អាច​ធ្វើ​បាន​តាម​តួនាទី​របស់​លោក។

«អ្វី​ដែល​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​គឺ​ថា ​បច្ចុប្បន្ន​នេះ​មាន​កំណែ​ទម្រង់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ត្រង់​ថា​ គណបក្ស​ទាំង​ពីរ​ លោក​យល់​ថា​ មាន​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​បាន​ជា​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ ហើយ​បាន​រួម​ដៃ​គ្នា​ធ្វើ​កំណែ​ទម្រង់​ទៀត។​ អញ្ចឹង​រូបមន្ត​ដែល​ដាក់​ឡើង​ដោយ​គ.ជ.ប.​គឺ​ ៤ បូក ​៤ បូក ១ នេះ​ នេះ​គឺ​សំឡេង​អ្នក​ឯករាជ្យ​មាន​តែ​មួយ​ទេ​បាទ​ គឺ​ថា​ សំឡេង​ភាគ​តិច​នៅ​ក្នុង​គ.ជ.ប.​ហ្នឹង។​ អញ្ចឹង​ខ្ញុំ​នៅ​ តែ​មាន​ជំនឿ​ថា ​កំណែ​ទម្រង់​អាច​មិន​មែន​ម្តង​ឈប់​ទេ»។

លោក​បាន​ជម្រះ​មន្ទិល​សង្ស័យ​ថា​ ការ​ចូលរួម​ក្នុង​ស្ថាប័ន​គ.ជ.ប.​នេះ​គឺ​ជា​ការ​សម្រេច​ផ្ទាល់​ខ្លួន​ដោយ​ គ្មាន​សម្ពាធ ​ដើម្បី​មាន​ឱកាស​អាច​និយាយ​ផង​នឹង​ជួយ​ធ្វើ​ការ​កែទម្រង់​ផង​ ដែល​លោក​ថា ​វា​អាច​មាន​ ប្រយោជន៍​ច្រើន​សម្រាប់​កំណែទម្រង់។​ តែ​លោក​សង្កត់​ធ្ងន់​ថា ​លោក​ពុំ​ព្រម​ចូលរួម​តាម​រយៈ​គណបក្ស​ នយោបាយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​លោក​នឹង​នៅ​តែ​ប្រកាន់​ជំហរ​រួម​ ប្រាស្រ័យ​នឹង​សាធារណជន​រួម​ប្រាស្រ័យ​ និង​សង្គម​ស៊ីវិល​ អង្គការ​សមាគម​មិន​មែន​រដ្ឋាភិបាល​ ដើម្បី​ទទួល​យក​អនុសាសន៍​ទាំង​ឡាយ​ ដោយ​ដាក់​ជូន​ទៅ​កាន់​គ.ជ.ប.​ ដោយ​លោក​នឹង​ពន្យល់​វែកញែក​ផ្ទាល់។

«អញ្ចឹង​ពេល​ខ្លះ​ ខ្ញុំ​យល់​ថា​ រវាង​គ.ជ.ប.​និង​សង្គម​ស៊ីវិល​មិន​បាន​យល់​គ្នា​បាន​ស៊ីជម្រៅ​ យល់​គ្នា​បាន​កម្រិត​ណា​ តែ​វត្តមាន​របស់​ខ្ញុំៗ​គិត​ថា ​ខ្ញុំ​អាច​ជួយ​ឲ្យ​សង្គម​ស៊ីវិល​ហើយ​និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​មាន​ភាព​យល់​គ្នា​កាន់​តែ​ប្រសើរ​ឡើង។​ អញ្ចឹង​ប្រសិន​បើ​យើង​អាច​រក​ឃើញ​ចំណុច​រួម​មួយ​គឺ​ចំណុច​រួម​២​ រួម៣​ គឺ​អាច​នឹង​រក​ឃើញ​បន្ត​ទៅ​ទៀត។​ អញ្ចឹង​នេះ​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​ដើម្បី​ធ្វើ​ឲ្យ​មាន​កំណែទម្រង់​បោះឆ្នោត​មួយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស»។

នៅ​ពេល​សួរ​ថា​ តើ​លោក​នឹង​ត្រៀម​ទទួល​យក​ឬ​មាន​ដំណោះស្រាយ​យ៉ាង​ណា​ក្នុង​ស្ថានភាព​តាន​តឹង​ ក្នុង​ការ​សម្រេច​ចិត្ត​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​សំឡេង​៤​ស្មើ​គ្នា​ តែ​សំឡេង​លោក​មួយ​អាច​ប្រែ​ប្រួល​លទ្ធផល​នោះ។ ​លោក​ ហង្ស ពុទ្ធា​ បាន​ថ្លែង​ថា៖

«តែ​អ្វី​ដែល​ខ្ញុំ​គួរ​ដោះស្រាយ​ប្រសិន​បើ​ក្រុម​ទាំង​ពីរ ​ខ្ញុំ​មិន​និយាយ​ថា​ ក្រុម​មក​ពី​ខាង​ណា ​ខាង​ណី​ទេ​ គឺ​ថា​បើ​ក្រុម​ទាំង​ពីរ​នៅ​តែ​មាន​ភាព​ប្រទាញប្រទង់​គ្នា​ក្នុង​ការ​សម្រេចចិត្ត​ផ្សេងៗ​ក្នុង​នោះ​ ជំហ៊ាន​ដំបូង​ខ្ញុំ​គិត​ថា​ ធ្វើ​ការ​សម្របសម្រួល​ទស្សនៈ​នយោបាយ​រវាង​ក្រុម​ទាំង​ពីរ ​ជា​រឿង​បឋម។​ រឿង​ទី​២ ​ប្រសិន​ បើ​ជា​មាន​ភាព​ចាំបាច់​ក្នុង​ការ​សម្រេចចិត្ត​ណា​មួយ​ ដែល​ជា​ទម្ងន់​គឺ​ត្រូវ​តែ​ផ្អែក​ទៅ​លើ​ច្បាប់ ​បទបញ្ជា​និង​នីតិវិធី​នៃ​ការ​បោះឆ្នោត​ហើយ។ ​អញ្ចឹង​ការ​ផ្អែក​ទៅ​លើ​នេះ​ ចៀស​មិន​ផុត​ទេ​ថា​ វា​អាច​ផ្អៀង​ទៅ​ឆ្វេង​ វា​អាច​ផ្អៀង​ទៅ​ស្តាំ​ តែ​យ៉ាង​ណា​ក៏​ដោយ​ ខ្ញុំ​មិន​អាច​ឃ្លាត​ចាក​ពី​ច្បាប់​និង​បទបញ្ជា​និង​នីតិវិធី​បាន​ទេ​ ហើយ​តាម​អ្វី​ដែល​មេ​បក្ស​ទាំង​សង​ខាង​ លោក​បាន​លើក​ឡើងអំពី​ព្រឹក​មិញ​នេះ​ យើង​ឃើញ​ថា សុទ្ធ​ តែ​មាន​ការ​ប្តេជ្ញា​ខ្ពស់​ក្នុង​ការ​ដាក់​ឲ្យ​គ.ជ.ប.​នេះ​ឯង​មាន​ភាព​អព្យាក្រឹត ​ដែល​ទោះ​បី​ជា​រង​ការ​រិះគន់​ថា​ មាន​ការ​មន្ទិល​សង្ស័យ​យ៉ាង​ណា​ក៏ដោយ​ក៏​ខ្ញុំ​សុំ​ស្នើ​ឲ្យ​បងប្អូន​ជន​រួម​ជាតិ​មេត្តា​ទុក​ឱកាស​ឲ្យ​គ.ជ.ប.​ថ្មី​នេះ​ធ្វើ​ការ​ដើម្បី​បំពេញ​តួនាទី​ ហើយ​សឹម​ធ្វើ​ការ​វាយតម្លៃ​ជាក្រោយ»។

នៅ​ពេល​សួរ​បន្ថែម​អំពី​ការ​ដោះស្រាយ​វិវាទ​និង​ការ​ផ្ទេរអំណាច​ក្រោយ​ការ​បោះឆ្នោត ​ដូច​ជា​ការ​ធ្វើ​ បាតុកម្ម​តវ៉ា​ ដូច​ជា​ការ​គំរាម​បំបែក​ទឹកដី ​ដោយសារ​អ្នក​នយោបាយ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ បោះឆ្នោត​នោះ​ លោក​ ពុទ្ធា ហង្ស​ បាន​អះ​អាង​ថា៖

«ខ្ញុំ​យល់​ថា ​បទពិសោធន៍​កន្លង​មក​ខ្ញុំ​យល់​ថា​ ធ្វើ​ឲ្យ​ក្រុម​គណបក្ស​ទាំង​ពីរ​ហ្នឹង​លោក​បន្ត​ចរចា​ហើយ​រក​ ឃើញ​នូវ​រូបមន្ត​ឬ​ក៏​ដំណោះស្រាយ​មួយ​ដើម្បី​កុំ​ឲ្យ​ក្រោយ​ការ​បោះឆ្នោត ​មាន​បញ្ហា​ផ្សេងៗ​កើត​ឡើង។ អញ្ចឹង​អ្វី​ដែល​ជា​ច្បាប់​និង​សេចក្តី​ចែង​នៅ​ក្នុង​ច្បាប់​គឺ​បាន​បង្ហាញ​ជាក់លាក់​ហើយៗ​មេ​ដឹកនាំ​ទាំង​ពីរ​ ក៏​បាន​បង្ហាញ​នូវ​សុឆន្ទៈ​ក្នុង​ការ​រៀបចំ​នូវ​ស្ថិរភាព​សង្គម​មួយ​នៅ​ក្រោយ​ការ​បោះឆ្នោត ​ហើយ​ជា​ទ្រឹស្តី​ ច្បាប់ ​ខ្ញុំ​គិត​ថា​ មិន​អាក្រក់​ទេ។​ ប៉ុន្តែ​អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​យើង​នឹង​តាម​មើល​បន្ថែម​ទៀត»។

លោក ​ពុទ្ធា ហង្ស ​ក៏​បាន​អះអាង​ដែរ​ថា​ បញ្ហា​ល្អ​គឺ​គណបក្ស​នយោបាយ​ក្នុង​រដ្ឋាភិបាល​ និង​ក្រៅ​រដ្ឋាភិបាល ​ជា​អ្នក​បង្កើត​ច្បាប់​បោះឆ្នោត​នេះ​ឡើង ​ហើយ​ក្នុង​នោះ​សំឡេង​ឯករាជ្យ ​សំឡេង​សង្គម​ស៊ីវិល​ មួយ​ត្រូវ​បាន​ ដាក់​បញ្ចូល ​ឲ្យ​ទៅ​ជា​សំឡេង​មួយ​ដែល​ អាច​ពិភាក្សា​គ្នា​បាន​ជាមួយ​នឹង​ក្រុម​ទាំង​ពីរ​នេះ។ ហើយ​ចំណុច​ល្អ​មួយ​ទៀត​ខ្ញុំ​ឃើញ​ថា ​ការ​សម្រេច​ចិត្ត​ធ្វើ​បញ្ជី​បោះឆ្នោត​ថ្មី​នោះ​ក៏​ជា​ចំណុច​ វិជ្ជមាន​ផង​ដែរ។​ ហើយ​ចំណុច​អវិជ្ជមាន​មួយ​ ដែល​យើង​គិត​ថា ​វា​អាច​ប៉ះពាល់​ដល់​តួនាទី​ដល់​ការ​ ចូល​រួម​របស់​សង្គម​ស៊ីវិល​នោះ​ ចំណុច​នេះ​ខ្ញុំ​គិត​ថា​ នៅ​ពេល​អនុវត្តន៍​ទៅ​មាន​ការ​ខាតបង់​នៅ​ដំណើរការ​បោះឆ្នោត សេរី ​យុត្តិធម៌ ​ត្រឹមត្រូវ​និង​យុត្តិធម៌ ​ប៉ះពាល់​នោះ​ប្រហែល​ជា​អ្នក​តាក់​តែង​ច្បាប់​នឹង​ពិចារណា​ឡើង​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ​ពីព្រោះ​ថា​ បច្ចុប្បន្ន​នេះ​ជា​បញ្ហា​មួយ​ដែល​ សង្គម​ស៊ីវិល​កំពុង​តែ​មាន​ការ​ព្រួយ​បារម្ភ។

«អញ្ចឹង​អ្វី​ទាំង​អស់​នេះ​គឺ​កើត​ចេញ​ពី​ការ​ចរចា​រវាង​គណបក្ស​នយោបាយ​ទាំង​ពីរ ​ហើយ​ទោះ​បី​ជា​យើង​ ខ្ញុំ​ទទួល​រង​នូវ​ការ​ទិតៀន​ខ្លះ​ដែល​និយាយ​ថា ​គ.ជ.ប.​មិន​ទាន់​ឯករាជ្យ​យ៉ាង​ណា​ក៏ដោយ ​តែ​ខ្ញុំ​គិត​ថា​ នេះ​ជា​ចំណុច​ចាប់​ផ្តើម​មួយ​ដែល​អនាគត​ទៅ​គ.ជ.ប.​នឹង​អាច​ឈាន​ទៅ​រក​ចំណុច​ឯករាជ្យ​កាន់​តែ​ ប្រសើរ​ឡើង​ដោយ​ហេតុ​ថា ​ពី​មុន​មក​យើង​ឃើញ​រូបមន្ត​មួយ​ផ្សេង​ តែ​ឥឡូវ​យើង​ឃើញ​ថា​មាន​រូបមន្ត​ ដែល​មាន​គណបក្ស​នៅ​ក្នុង​រដ្ឋាភិបាល​និង​គណបក្ស​មិន​នៅ​ក្នុង​រដ្ឋាភិបាល​ គឺ​បាន​សហការ​គ្នា​ក្នុង​ការ​រៀបចំ​នូវ​ច្បាប់​ទម្លាប់​ទាំង​ឡាយ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ​ឡើង។​ ហើយ​ចំណុច​វិជ្ជមាន​មួយ​ទៀត​យើង​ឃើញ​ថា គណបក្ស​ទាំង​ពីរ​បាន​យល់​ស្រប​ យល់ព្រម​ឲ្យ​មាន​ការ​រៀបចំ​ឡើង​វិញ​នៅ​បញ្ជី​ឈ្មោះ​បោះឆ្នោត ​គ្រាន់​តែ​ថា​ នីតិវិធី​នៃ​ការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​ឯង ​ថា​តើ​ត្រូវ​ធ្វើ​យ៉ាងណា​នោះ ​គឺ​ពុំទាន់​មាន​ភាព​ដាច់ស្រេច​នៅ​ឡើយ ​ហើយ​សង្ឃឹម​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​នេះ ​បន្ទាប់​ពី​ទទួល​តួនាទី​ហើយ​នឹង​គិត​គូរ​បញ្ហា​ទាំង​នេះ»។

លោក​ក៏​មាន​ក្តី​រំពឹង​ថា​ នឹង​មាន​ការ​រើស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​ថ្នាក់​មូលដ្ឋាន​ ច្បាស់​ជា​មាន​កំណែទម្រង់​មួយ​ធំធេង​ដែរ​បន្ទាប់​ពី​មាន​ការ​ជ្រើសរើស​អគ្គលេខាធិការ​គ.ជ.ប.​និង​ អគ្គលេខាធិការ​រង​ក្រោយ​ពេល​សមាជិក​គ.ជ.ប.​ថ្មី​ជួប​ប្រជុំ​គ្នា​បន្ទាប់​ពី​ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ៕