កម្មករ​រោងចក្រ HANA តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ ក្រោយ​បាត់បង់​ការងារ​ធ្វើ

រូបឯកសារ៖ កម្មករ​រោងចក្រ​កាត់ដេរ​មួយកន្លែង​ជិះ​រ៉ឺម៉ក​ជាក្រុម​ពេលចេញ​ពី​ធ្វើការ​ ​នៅ​ល្ងាច​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០២០ រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា​។ (ទុំ ម្លិះ/VOA)

កម្មករ​រោងចក្រ HANA តវ៉ា​ទាមទារ​ប្រាក់​អត្ថប្រយោជន៍ គឺ​មួយ​ថ្ងៃ​ក្រោយពី​សហជីព និង​សហព័ន្ធ​ការងារ​ជាង​១០ ស្នើ​ឲ្យ​ក្រសួង​ការងារ​ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន បើក​ប្រាក់​អតីតភាព​ការងារ​មុន​ឆ្នាំ​២០១៩ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ឆ្នាំ​២០២០ ដល់​កម្មករ។

កម្មករ​នៅ​រោងចក្រ HANA (Cambodia) I Inc. ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ទាម​ទារ​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថ​ប្រយោជន៍ផ្សេងៗ​ទៀត​ទៅ​តាម​ច្បាប់​ការងារ ក្រោយ​ពី​ពួកគេ​អះអាង​ថា​ រោង​ចក្រ​នេះ ​បាន​បិទ​ទ្វារ​លែង​ដំណើរ​ការ​ ហើយ​មិន​បាន​បើក​ប្រាក់​ទាំង​នេះ​ឲ្យ​កម្មករ។​

កញ្ញា ​សៅ គង្គា​ កម្មការិនី និង​ជា​តំណាង​ម្នាក់​នៃ​ក្រុម​កម្មករ​ដែល​បាន​ធ្វើការ​តវ៉ា​ទាមទារ​នៅ​មុខ​រោងចក្រ​ បាន​ប្រាប់​វីអូអេថា ​កញ្ញា​ និង​កម្មករ​ផ្សេង​ទៀតនៃ​រោងចក្រ​ ដែល​មាន​កម្មករ​ប្រមាណ​៨០០​នាក់​នេះ​ ត្រូវ​ការ​ប្រាក់​អត្ថប្រយោជន៍​ទាំង​នេះ​ដើម្បី​ដោះស្រាយ​ជីវភាព​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ១៩។​

«ឥឡូវ​រោងចក្រ​គេ​បិទ​ច្រើន ហើយ​ពិបាក​រក​ការងារ​ធ្វើ។ អ៊ីចឹង​ពេល​យើង​បាន​(លុយ​នេះ)​ មកអាច​ដោះស្រាយ​មួយ​ខែៗ​បាន។​ សូម្បី​ខ្លួន​ខ្ញុំ​ផ្ទាល់ ក៏​ជំពាក់​លុយ​អង្គការ​ដែរ»។

លិខិត​សរសេរ​ដោយ​ដៃ​របស់​ក្រុម​កម្មករចុះ​ថ្ងៃ​ទី​២៣​ខែ​មិថុនា​នេះ ​ស្នើ​ឲ្យ​សហជីព និង​អ្នក​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​កង្វល់​របស់​កម្មករ ​និង​ឲ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អត្ថ​ប្រយោជន៍​ទាំង​អស់​ជូន​ពួកគេ។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ក្រោយ​ពី​សហជីព​ និង​សហព័ន្ធ​ការងារ​ជាង​១០ ​ដែល​តំណាង​ឲ្យ​កម្មករ​និយោជិត​ដែល​ធ្វើ​ការ​ងារ​ក្នុង​រោងចក្រ​កាត់​ដេរ​ និង​វិស័យ​ការងារ​ផ្សេង​ទៀត ​បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ​ ជំរុញ​ឲ្យ​ថៅកែ​រោងចក្រ​ និង​ក្រុមហ៊ុនបើក​ប្រាក់​អតីត​ភាព​ការងារ​មុន​ឆ្នាំ​២០១៩​ និង​ប្រាក់​បំណាច់​អតីត​ភាព​ការងារ​ថ្មី​ឆ្នាំ​២០២០ ​ដល់​កម្មករ។​

វីអូអេ​ មិន​អាច​ទាក់ទង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ទេ ​នៅ​យប់​ថ្ងៃ​អង្គារ​នេះ។​

កម្មករ​រាប់ម៉ឺន​នាក់​ត្រូវ​បានព្យួរ​ ឬ ​បាត់បង់​ការងារ​ដោយសារ​រោងចក្រ​ជា​ច្រើន​បាន​បិទ​ទ្វារ​ ឬ ​ផ្អាក​ដំណើរ​ការ ​ដោយសារ​ផល​ប៉ះពាល់​នៃ​ការ​រីករាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។​ នេះ ​បើ​យោង​តាម​ក្រុម​សហជីព​ការងារ៕