មេដឹកនាំ​នយោបាយ​កំពូល​របស់​ក្រុម​ហាម៉ាស់​ត្រូវ​បាន​សម្លាប់​នៅ​អ៊ីរ៉ង់​ក្នុង​ការវាយ​ប្រហារ​មួយ​អាច​បង្ក​ឱ្យ​មាន​សង្គ្រាម​នៅ​ក្នុង​តំបន់

បាតុករបក់ទង់ជាតិ​និង​កាន់រូប​មេដឹកនាំ​យោធា​ប៉ាឡេស្ទីន​នៃ​ក្រុមហាម៉ាសលោក Ismail Haniyeh អំឡុង​បាតុកម្ម​មួយកាលពីថ្ងៃទី​៣១ កក្កដា ឆ្នាំ២០២៤។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu និយាយ​ថា​អ៊ីស្រាអែល«នឹងឲ្យ​សង​ក្នុង​តម្លៃ​ដ៏​ខ្ពស់ចំពោះការឈ្លានពាន​ណា​មួយ​ប្រឆាំង​នឹង​យើង​នៅ​លើ​សមរភូមិ​ណា​ក៏ដោយ»។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

វា​ជា​សេចក្តីថ្លែងការណ៍​សាធារណៈ​លើក​ទី១​របស់​លោក​ចាប់តាំង​ពី​ការសម្លាប់​មេដឹក នាំ​នយោបាយ​កំពូល​របស់​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ការវាយ​ប្រហារ​នៅ​ក្នុង​រដ្ឋធានី​តេហេរ៉ង់​មក។ អត្ថាធិប្បាយ​របស់​លោក​មិន​បាន​និយាយ​ដល់​ការសម្លាប់​នោះ​ទេ។

ទាំង​ក្រុម​ហាម៉ាស់​និង​អ៊ីរ៉ង់​បាន​ស្តីបន្ទោស​ភ្លាមៗ​ដល់​អ៊ីស្រាអែល​ចំពោះ​ឃាតកម្ម​ដ៏​តក់​ស្លុត​ដែល​ធ្វើ​ឱ្យ​មាន​ហានិភ័យ​នៃ​ការរាលដាល​នៃ​សង្គ្រាម​ក្នុង​តំបន់។ ការវាយ​ប្រហារ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​សំដៅ​លើ​មេបញ្ជាការ​កំពូល​ម្នាក់​របស់​ក្រុម Hezbollah ​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីរ៉ង់​នៅ​ក្នុង​រដ្ឋធានី​បេរូត​នៃ​ប្រទេស​លីបង់។

មេដឹកនាំ​នយោបាយ​កំពូល​របស់​ក្រុម​ហាម៉ាស់​បាន​ត្រូវ​សម្លាប់​កាលពី​ថ្ងៃ​ពុធ​ដោយ​ការ​វាយ​ប្រហារមុន​ថ្ងៃ​រះ​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អ៊ីរ៉ង់​ ហើយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​បាន​សន្យា​សងសឹក​ប្រឆាំង​នឹង​អ៊ីស្រាអែល។

អ៊ីស្រាអែល​បាន​សន្យា​សម្លាប់​លោក Ismail Haniyeh និង​មេដឹកនាំ​ហាម៉ាស់​ផ្សេង​ទៀត​ចំពោះការវាយ​ប្រហារ​ថ្ងៃ​ទី៧ ខែ​តុលា​របស់​ក្រុម​នោះ​នៅ​ប្រទេស​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល​ដែល​បាន​បណ្តាល​ឱ្យ​មាន​សង្គ្រាម​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕