មេធាវី៤រូបក្នុងចំណោម៨រូបដែលការពារក្តីឲ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំក្នុងសំណុំរឿងក្ដីដែលរងការចោទប្រកាន់ពីបទក្បត់ជាតិ បានដាក់លិខិតទៅតុលាការ ស្នើសុំឈប់ធ្វើជាមេធាវី តំណាងឱ្យអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ ដោយបញ្ជាក់ថា ពួកគេធ្វើដូច្នេះ ទៅតាមការចង់បានរបស់កូនក្តី។
មេធាវីទាំង៤រូបដែលឈប់ធ្វើជាមេធាវីការពារក្ដីឲ្យលោក កឹម សុខា រួមមាន លោក សំ សុគង់ លោក កែត ឃី និងលោក ហែម សុជាតិ និងលោក ជូង ជូងី។
ក្នុងលិខិតរបស់មេធាវីទាំង៤រូប ដែលបានដាក់ទៅប្រធានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារ បញ្ជាក់ថា មូលហេតុនៃការស្នើសុំឈប់ការពារក្ដីឲ្យលោក កឹម សុខា គឺដោយសារលោក កឹម សុខា បានបញ្ឈប់មេធាវីទាំង៤ ដោយមិនបានបញ្ជាក់ពីមូលហេតុ។
លិខិតនោះ ត្រូវបានបញ្ជាក់ក្នុងន័យដើមត្រង់ចំណុចកម្មវត្ថុថា៖
«តាមការប្រាប់របស់លោកមេធាវី ចាន់ ចេន និងលោកមេធាវី ផាន់ ច័ន្ទសាក់ ថា ឯកឧត្ដម កឹម សុខា បានបញ្ឈប់យើងខ្ញុំធ្វើជាមេធាវីការពារក្ដីជូនឯកឧត្ដមទៀតហើយ»។
លោក ហែម សុជាតិ មេធាវីមួយរូបក្នុងចំណោមមេធាវី៤រូបដែលសុំឈប់ការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា មេធាវីផ្សេងទៀតបានប្រាប់លោកថា លោក កឹម សុខា បានផ្អាកពឹងពាក់មេធាវីទាំង៤រូបឲ្យការពារក្ដីតទៅទៀត តែមិនបានបញ្ជាក់ពីមូលហេតុនោះទេ។
លោកបន្ថែមថា នីតិវិធីក្នុងសំណុំរឿងរបស់លោក កឹម សុខា នៅពេលនេះ គឺស្ថិតក្នុងពេលវេលាដែលត្រូវការមេធាវី ប៉ុន្តែលោកថា នេះជាសិទ្ធិសម្រេចរបស់លោក កឹម សុខា ដែលលោកមិនមានយោបល់ណាមួយលើការស្នើសុំបញ្ឈប់ការពឹងពាក់មេធាវីនោះទេ។
លោក ហែម សុជាតិ អះអាងថា អំឡុងពេលការពារក្តីឲ្យលោក កឹម សុខា ឬគណបក្សប្រឆាំងកន្លងមក លោកតែងទទួលបានព័ត៌មានក្រៅផ្លូវការពីការព្រមានប្ដឹងផ្ដល់ផ្សេងៗ ដែលលោកថា នោះគឺជាសម្ពាធដែលធ្វើឲ្យលោកមានការពិបាកក្នុងការបំពេញភារកិច្ច។
ទោះយ៉ាងណាលោកថា សម្ពាធនោះមិនមានពាក់ព័ន្ធការលាឈប់របស់មេធាវីទាំង៤រូបនេះទេ។
លោកមានប្រសាសន៍ថា៖
«ចំពោះយើងជាមេធាវី គឺយើងគោរពទៅតាមអ្វីដែលកូនក្តីចង់បាន។ ហើយកន្លងមកគឺមេធាវីតែងតែទទួលបាននូវការប្រាប់ពីប្រភពមិនផ្លូវការខ្លះមួយចំនួនអំពី ដូចថាជាសម្ពាធមួយដែរមកលើមេធាវី»។
លោក កឹម សុខា មានមេធាវីការពារក្ដីចំនួន៨រូប រួមមាន លោក ចាន់ ចេន លោក ផាន់ ច័ន្ទសាក់ លោក ផែង ហេង អ្នកស្រី ម៉េង សុភារី លោក សំ សុគង់ លោក ជូង ជូងី លោក ហែម សុជាតិ និងលោក កែត ឃី។
ក្រោយការស្នើបញ្ឈប់មេធាវីចំនួន៤រូប លោក កឹម សុខា នៅមានមេធាវី៤រូបទៀត សម្រាប់ការពារក្តីសំណុំរឿងក្បត់ជាតិ ក្នុងនីតិវិធីបន្ត។
លោក ផាន់ ច័ន្ទសាក់ មេធាវីមួយរូបក្នុងចំនួន៤រូបទៀតដែលនៅបន្តការពារក្តីឲ្យលោក កឹម សុខា ប្រាប់ VOA ថា លោក និងលោក ចាន់ ចេន បានចូលទៅពន្ធនាគារជួប លោក កឹម សុខា កាលពីថ្ងៃទី៨ ខែមេសា ដោយលោក កឹម សុខា បានផ្តាំពីការស្នើសុំឈប់ឲ្យមេធាវីទាំង៤រូបការពារក្តីលោកបន្តទៅទៀត។
ទោះយ៉ាងណាលោក ផាន់ ច័ន្ទសាក់ បដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងមូលហេតុនៃការសម្រេចចិត្តរបស់លោក កឹម សុខា ដោយថា នេះជាវិជ្ជាជីវៈរបស់មេធាវី។
លោកបញ្ជាក់ថា៖
«នេះជាប្រសាសន៍ដែលគាត់គ្រាន់តែផ្ដាំផ្ញើប៉ុណ្ណឹង ហើយសម្រាប់ការអត្ថាធិប្បាយផ្សេង ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយបាន ព្រោះយើងមិនអាចធ្វើអត្ថាធិប្បាយលើឆន្ទៈរបស់កូនក្តីកើត។ ណាមួយទៀតយើងមានវិជ្ជាជីវៈដូចគ្នា»។
មេធាវីទាំង៤រូបដែលសុំឈប់ការពារក្ដីឲ្យលោក កឹម សុខា ត្រូវបានគេដឹងថា ជាមេធាវីដែលតែងការពារក្ដីឲ្យមន្ត្រី និងសកម្មជនគណបក្សប្រឆាំង និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ ដោយតុលាការចោទលោកពីបទក្បត់ជាតិ។
លោកត្រូវបានបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម នៅមុនបន្តិចនៃការរំលាយគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការចោទតាមបណ្ដឹងរបស់ក្រសួងមហាផ្ទៃថា គណបក្សនេះបានឃុបឃិតជាមួយបរទេស ក្នុងការរៀបគម្រោងផ្ដួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
រហូតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំក្នុងពន្ធនាគារអស់រយៈពេលជិត៨ខែមកហើយ។ ក្នុងរយៈពេលនៃការឃុំខ្លួននេះ ចៅក្រមបានសាកសួរ និងជំនុំជម្រះលោកទាំងនៅក្នុងពន្ធនាគារដោយមិនអនុញ្ញាតឲ្យមានការសួរសុខទុក្ខ ក្រៅតែពីមេធាវី និងគ្រួសាររបស់លោកនោះទេ។
ក្រុមមេធាវីរបស់លោក កឹម សុខា បានប្ដឹងទៅតុលាការគ្រប់ជាន់ថ្នាក់សុំឲ្យលោកបាននៅក្រៅឃុំដើម្បីព្យាបាលជំងឺកៀបសរសៃ លើសឈាម និងទឹកនោមផ្អែម ប៉ុន្តែតុលាការទាំងអស់បានច្រានចោលសំណើសុំនៅក្រៅឃុំនេះ៕