ប្រធានាធិបតី​ហៃទី​បាន​លុបចោល​ការ​សម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក​ដែល​ចង់​ដំឡើង​ថ្លៃសាំង

លោក​ប្រធានាធិបតី​ហៃទី Jovenel Moise (រូប​កណ្តាល) ពិនិត្យ​មើល​ទាហាន​ នៅ​មុន​ពេល​ដើរ​ក្បួន Haitian Armed Forces នៅ​តាម​ផ្លូវ Cap-Haitien ប្រទេស​ហៃទី កាលពី​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក​ Jovenel Moïse ​ប្រធានាធិបតី ​ហៃទី ​បាន​លុបចោល​ការសម្រេច​ចិត្ត​របស់​រដ្ឋបាល​លោក​ក្នុង​ការ​ដំឡើង​ថ្លៃសាំង​ចំនួន​៤៩% ​នៅ​ពេល​មាន​បាតុកម្ម​ហិង្សា​ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងហោច​ណាស់​៣​នាក់​កាលពី​ថ្ងៃ​សៅរ៍។​

លោក ​Moïse បាន​ប្រកាស​នៅក្នុង​សុន្ទរកថា​ កាលពី​ថ្ងៃសៅរ៍​ថា៖​ «តម្លៃ​សាំង​នឹង​ត្រឡប់​ទៅ​តម្លៃ​ដូច​ពីមុន​នៅទូទាំង​ប្រទេស»។

លោក​ប្រធានាធិបតី​ក៏បាន​អំពាវនាវ​ឱ្យមាន​ភាព​ស្ងប់ស្ងាត់ ​និង​បាន​សុំ​ឱ្យក្រុម​អ្នក​តវ៉ា​បើកផ្លូវ​និង​អនុញ្ញាត​ឱ្យ​ប៉ូលិស​រៀបចំ​សណ្តាប់​ធ្នាប់ឡើង​វិញ។​ ប៉ុន្មាន​ម៉ោង​មុន​នេះ ក្រុម​អ្នកតវ៉ា​បាន​ដុត​សំបក​កង់​ឡាន​នៅតាម​ដងផ្លូវ​នៃ​ទីក្រុង ​Port-au-Prince ​និង​នៅតំបន់ ​Petionville ​ដែល​នៅ​ជាយ​ក្រុង ​ហើយ​បានលួច​របស់​របរ​ក្នុង​ហាង​នានា ដុត​ឡាន​នៅមុខ​សណ្ឋាគារ​ប្រណីត ​ហើយ​គំរាម​ដុត​អគារ​សភា។ ​សន្តិសុខ​ម្នាក់នៅ​អគារ​សភាបាន​ចែក​រំលែក​វីដេអូ​ឲ្យ​ VOA ដែល​បង្ហាញ​ផ្សែងខ្មៅ​ងងឹត​ចេញ​ពី​សំបក​កង់ឡាន​ឆេះ​នៅពី​មុខ​អគារ​មួយ​ និងឮ​សំឡេង​បាញ់​កាំភ្លើងជាច្រើន​គ្រាប់។ ​

មុនពេល លោក Moïse ដក​ការ​សម្រេច​របស់​លោក​មក​វិញ​នោះ ​តម្លៃ​សាំង​ឡើង​ដល់​៤ដុល្លារ​៧៥​សែន​ក្នុងមួយ ​gallon ​គឺ​ច្រើន​ជាងពីរដង​ប្រាក់​ចំណូល​ប្រចាំថ្ងៃ​របស់​ប្រជាជន​ហៃទី។ ​លោក ​ Kange Makenson ​ជាជន​ជាតិហៃទី​ដែលកំពុង​ធ្វើការ​តវ៉ានៅ​ទីក្រុង ​Port-au-Prince ​ បាន​ប្រាប់ VOA ​ថា​ ប្រជាពល​រដ្ឋ​មិន​អាច​មាន​លទ្ធភាព​ចំណាយ​លើ​របស់​ចាំបាច់​ទេ​ ហើយ​ការ​ដំឡើង​ថ្លៃ​នេះ​នឹង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​លំបាក៕