លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក Chuck Hagel បានមកដល់ប្រទេសអាហ្វហ្កានីស្ថានដោយមិនប្រកាសឱ្យដឹងជាមុននៅក្នុងទស្សនកិច្ចជាចុងក្រោយក្នុងនាមជារដ្ឋមន្ត្រី។
មុនពេលចុះចតនៅទីក្រុងកាប៊ុលនៅថ្ងៃសៅរ៍នេះ លោកហេហ្កលបានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាលោកមានជំនឿថាកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានមានសមត្ថភាពការពាររដ្ឋធានីឱ្យគេចផុតពីការវាយប្រហារដោយក្រុមតាលីបានដែលកំពុងធ្វើប្រតិបត្តិការនាពេលបច្ចុប្បន្ននេះ។
លោកហេហ្កលដែលនឹងចុះចេញពីតំណែងក្នុងពេលឆាប់ៗនេះ គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់អាហ្វហ្កានីស្ថាននឹងពិភាក្សាជាមួយនឹងកងទ័ពសហរដ្ឋអាមេរិកដែលដាក់ពង្រាយនៅក្នុងប្រទេសនេះក្រោយពីសង្គ្រាមរយៈពេល១៣ឆ្នាំដែលដឹកនាំដោយអង្គការណាតូ។
បេសកកម្មប្រយុទ្ធរបស់អង្គការណាតូនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ហើយនិងត្រូវជំនួសវិញដោយបេសកកម្មគាំទ្រដែលមានចំនួនប្រហែល១២ ៥០០នាក់ ដែលនឹងត្រូវផ្តល់ការហ្វឹកហ្វឺននិងគាំទ្រដល់កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន។
កាលពីថ្ងៃសុក្រលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានតែងតាំងលោកAshton Carter ដែលមានបទពិសោធន៍យ៉ាងយូរនៅក្រសួងការពារជាតិដើម្បីជំនួសលោកហេហ្កលក្នុងតំណែងជារដ្ឋមន្ត្រីការពារជាតិ៕