ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្ត្រី​​​​ការពារជាតិ​អាមេរិក​លាលែង​ពី​តំណែង


លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា(ឆ្វេង)​ និងលោក​អនុ​ប្រធានាធិបតី​​ Joe Biden​ (ស្តាំ) ទះ​ដៃ​អប​អរ​លោក​រដ្ឋ​រដ្ឋមន្ត្រី​ការពារ​ជាតិ Chuck Hagel​ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ប្រកាស​អំពី​ការ​លាលែង​ពី​តំណែង​របស់​លោកHagel នៅ​ឯ​សេតវិមាន​ក្នុង​ទីក្រុង​ Washington កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក ​Chuck Hagel​ រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.បាន​លាលែង​ពី​តំណែង​ ក្រោយ​ពី​លោក​បាន​កាន់​តំណែង​នេះអស់​រយៈ​ពេល​ជិត២​ឆ្នាំ។ ​ ថ្លែង​នៅ​ឯ​សេត​វិមានដោយ​មាន​លោក​ Chuck Hagel ហើយ​និង​លោក​អនុ​ប្រធានាធិបតី Joe Biden ​ឈរ​អម​ផង​នោះ ​ លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា​ថ្លែង​ថា ​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Chuck Hagel​ បាន​ប្រាប់​លោក​កាល​ពី​ខែ​មុន​ថា​ ដល់​ពេល​លោក​បញ្ចប់​តំណែង​របស់​លោក​ហើយ។​

លោក​ប្រធានាធិបតី​និយាយថា ​លោក​ Hagel ជា​មនុស្ស​ធ្វើ​កិច្ចការ​ច្បាស់លាស់​ក្នុង​ការ​ជួយ​រដ្ឋបាល​របស់​លោក​ប្រឈម​នឹង​បញ្ហាមួយ​ចំនួន​ដូចជា ​ជំងឺ Ebola​ និង​ការ​ប្រឆាំង​នឹង​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម។​ លោក​ប្រធានាធិបតី​និយាយ​ថា ​លោក ​Hagel​ ជា​រដ្ឋមន្ត្រី​ ការពារជាតិ​ស.រ.អា. ដែល​មិន​ធម្មតា ​ហើយ​ថា​លោក​លះបង់​ខ្លួន​ដើម្បី​សន្តិសុខ​ជាតិ និង​បុគ្គលិក​របស់​លោក​ច្រើន​ទសវត្សរ៍​មក​ហើយ។​ លោក​ Chuck Hagel គឺ​ជា​អ្នក​សាធារណរដ្ឋ​និយម​ម្នាក់​គត់​ធ្វើការ​ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អូបាម៉ា​ខាង​គណបក្ស​ប្រជា​ធិបតេយ្យ។

XS
SM
MD
LG