លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា បានតែងតាំងអតីតអនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសសរអា លោក Ashton Carter ឲ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារប្រទេសថ្មី។
លោក អូបាម៉ា បានប្រកាសជម្រើសរបស់លោក នៅថ្ងៃសុក្រនេះ នៅសេតវិមាន។
លោក Carter ដែលជាអ្នករូបវិទូ និង អ្នកជំនាញខាងអាវុធទំនើប បានកាន់តំណែងជាអនុរដ្ឋមន្ត្រីការពារប្រទេស ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៣។ មុននោះ លោកជាអ្នកទិញអាវុធសម្រាប់ក្រសួងការពារប្រទេសអាមេរិក ចំនួន២ឆ្នាំ។
លោក អូបាម៉ា ថ្លែងថា លោក Carter នឹងនាំមកជាមួយ នូវចំណេះវិជ្ជា ព្រមទាំងយុទ្ធសាស្ត្រផង។
លោកត្រូវគេជឿថា មានការគាំទ្រពីសំណាក់គណបក្សទាំងពីរ នៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ហើយបើសិនជាបានទទួលការអនុមត្តិពីព្រឹទ្ធសភា នឹងឡើងកាន់តំណែងជំនួស លោក Chuck Hagel ដែលបានលាចេញពីតំណែង ក្រោមការដាក់សម្ពាធ ក្រោយពីកាន់តំណែងនេះ អស់ពេល២ឆ្នាំ៕