ខ្មាន់កាំភ្លើងម្នាក់សម្លាប់អ្នកសូត្រធម៌នៅព្រះវិហារអម្បូរជនជាតិជ្វីពនៅក្រុង Pittsburg សហរដ្ឋអាមេរិកបុរសម្នាក់ដែលស្រែកថា «អម្បូរជនជាតិជ្វីពទាំងអស់ត្រូវតែស្លាប់» បានសម្រុកចូលវិហារអម្បូរជនជាតិជ្វីពនៅក្នុងទីក្រុង Pittsburgh ក្នុងអំឡុងនៃពិធីសូត្រធម៌កាលពីថ្ងៃសៅរ៍ ដោយបានបាញ់ប្រហារ ដោយមិនរើសមុខ ហើយបានសម្លាប់មនុស្សដែលកំពុងសូត្រធម៌នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅពេលចុងក្រោយគេបង្អស់នៅសហរដ្ឋអាមេរិក។
ក្រុមមន្រ្តីមិនបានប្រាប់ពីចំនួនមនុស្សស្លាប់ទេ ក៏ប៉ុន្តែបណ្តាញព័ត៌មានក្នុងមូលដ្ឋាននៅក្នុងរដ្ឋ Pennsylvania បានប្រាប់ឲ្យដឹងថា មនុស្ស៨នាក់បានត្រូវគេសម្លាប់នៅខាងក្នុងវិហារ Three of Life នោះ។
ការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI កំពុងដឹកនាំការស៊ើបអង្កេតដោយសារបញ្ហានេះជាឧក្រិដ្ឋកម្មនៃការស្អប់ខ្ពើម។ នេះតាមលោក Wendell Hissrich នាយកសុវត្ថិភាពសាធារណៈក្រុង Pittsburg ប្រាប់ក្រុមអ្នកយកព័ត៌មាននៅជិតវិហារអម្បូរជ្វីពនេះ។ លោកបានពណ៌នាការបាញ់ប្រហារនេះថាជាឧក្រិដ្ឋកម្មដ៏អាក្រក់អាក្រីមួយដែលលោកមិនដែលធ្លាប់ឃើញ។
លោក Hissrich បាននិយាយទៀតថា មនុស្ស៦នាក់បានរងរបួស រួមទាំងមន្រ្តីប៉ូលិស៤នាក់ផង។សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មានកំណត់អត្តសញ្ញាណជនសង្ស័យដែលស្ថិតនៅក្នុងការឃុំឃាំងនោះមានឈ្មោះថា Robert Bowers អាយុ៤៨ឆ្នាំ មកពីទីក្រុង Castle Shannon ដែលស្ថិតនៅភាគខាងត្បូងក្រុង Pittsburg។ យោងតាមក្រុមអាជ្ញាធរបានប្រាប់ឲ្យដឹងថា ជននោះបានត្រូវគេដឹកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួសដែលគេមិនប្រាប់ឲ្យដឹង៕