ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារនៅកន្លែងជួសជុលរថភ្លើងមួយនៅរដ្ឋ California កាលពីថ្ងៃពុធដោយសម្លាប់មនុស្ស៩នាក់មុននឹងសម្លាប់ខ្លួន។
ប៉ូលិសបានសម្គាល់អត្តសញ្ញាណអ្នកបាញ់នោះថាជាបុរសអាយុ៥៧ឆ្នាំឈ្មោះ Sam Cassidy ដែលបានធ្វើការនៅកន្លែងអាជ្ញាធរដឹកជញ្ជូនValley នៅក្នុងទីក្រុង San Jose។
អ្នកស្រី Laurie Smith ប្រធានប៉ូលិសសង្កាត់ Santa Clara បានបញ្ជាក់ថា Cassidy បានសម្លាប់ខ្លួននៅពេលដែលប៉ូលិសទៅជិតដល់គាត់។
មន្ត្រីប៉ូលិសមិនបានបញ្ជាក់អំពីមូលហេតុនៃការបាញ់ប្រហារហើយក៏មិនបានប្រាប់ឲ្យដឹងអំពីប្រភេទកាំភ្លើងដែលបានប្រើនៅក្នុងការបាញ់ប្រហារនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីសេតវិមាន លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានថ្លែងថា លោកនិងអ្នកស្រីអនុប្រធានាធិបតី Kamala Harris បានទទួលព័ត៌មានអំពីការបាញ់ប្រហារនេះ ហើយបានបញ្ជាឲ្យទម្លាក់ទង់ជាតិមកនៅពាក់កណ្តាលដង។
លោក Biden បានថ្លែងថា៖ «ជាថ្មីម្តងទៀត ខ្ញុំអំពាវនាវឲ្យសភាចាត់វិធានការជាបន្ទាន់ហើយគិតគូរអំពីការអំពាវនាវរបស់ពលរដ្ឋអាមេរិកាំង រួមទាំងម្ចាស់កាំភ្លើងភាគច្រើនដើម្បីជួយបញ្ចប់ការរាតត្បាតនៃអំពើហិង្សាកាំភ្លើងនៅក្នុងប្រទេសអាមេរិក»៕