ការបាញ់ប្រហារនិងការបំផ្ទុះបានត្រូវរាយការណ៍នៅឯកន្លែងលំហែកាយ Resort World Manila ជាសណ្ឋាគារមួយកន្លែងតាំងនៅក្នុងសង្កាត់ Pasay ភាគខាងត្បូងរដ្ឋធានីម៉ានីល។
យោងតាមបណ្តាញផ្សាយព័ត៌មានបានរាយការណ៍ថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើភ្ញៀវនិងបុគ្គលិកនៅខាងក្នុងសណ្ឋាគារ ដែលបានធ្វើឲ្យមនុស្សជាច្រើននាក់រងរបួស។ រូបភាពចុះផ្សាយនៅក្នុងបណ្តាញព័ត៌មានសង្គមបានបង្ហាញផ្សែងចេញពីអាគារនោះ។
ប៉ូលិសប្រដាប់ដោយអាវុធនិងបុគ្គលិកជួយសង្គ្រោះបានត្រូវដាក់ពង្រាយនៅកន្លែងកើតហេតុនោះ។ សណ្ឋាគារបានចេញផ្សាយសេចក្តីជូនដំណឹងនៅក្នុងប្រព័ន្ធ Twitter ថា សណ្ឋាគារនោះស្ថិតក្នុងការប្រកាសអាសន្ននៅឡើយ ហើយកំពុងធ្វើការជិតស្និទ្ធជាមួយប៉ូលិសជាតិហ្វីលីពីនដើម្បីធ្វើឲ្យប្រាកដថា ភ្ញៀវនិងបុគ្គលិកទាំងអស់មានសុវត្ថិភាព។
ទោះយ៉ាងនោះក៏ដោយ គ្មានក្រុមណាមួយបានអះអាងទទួលខុសត្រូវភ្លាមៗចំពោះឧបទ្ទវហេតុនៅសង្កាត់ Pasay ទេ ការណ៍នេះបានកើតមានឡើងនៅពេលដែលទាហានហ្វីលីពីនបានប្រយុទ្ធក្រុមជនសកម្មប្រយុទ្ធដែលមានចំណងទាក់ទងជាមួយក្រុមរដ្ឋឥស្លាមនៅក្នុងទីក្រុង Marawi ភាគខាងត្បូង។
ក្នុងការបង្ហាញនៅសួនច្បារកុលាបក្នុងសេតវិមានកាលពីរសៀលថ្ងៃព្រហស្បតិ៍លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំបានសម្តែងនូវការព្រួយបារម្ភអំពីបញ្ហានេះ។ លោកប្រធានាធិបតីមានប្រសាសន៍ថា យើងកំពុងតាមដានប្រកបដោយការយកចិត្តទុកដាក់។វាប្រាកដជាក្រៀមក្រំបំផុតនៅពេលដែលអំពើភេរវកម្មកើតមានឡើងទូទាំងពិភពលោក។ យើងបានចូលរួមការបន់ស្រន់ជាមួយអ្នកដែលទទួលផលប៉ះពាល់នេះ៕