លំហូរនៃពាណិជ្ជកម្មឥណ្ឌាចូលទៅក្នុងប្រទេសវៀតណាម ដែលជាប្រទេសកំពុងតែមានការរីកចម្រើនយ៉ាងឆាប់រហ័ស បានពង្រឹងចំណងទាក់ទងផ្នែកពាណិជ្ជកម្មដើម្បីជួយរដ្ឋាភិបាលក្រុងហាណូយឲ្យបង្កើនសម្ព័ន្ធភាពជាមួយនឹងប្រទេសឥណ្ឌា ដែលជាប្រទេសដ៏មានឥទ្ធិពលមួយនៅទ្វីបអាស៊ី និងដើម្បីធ្វើឲ្យមានសមតុល្យចំពោះការពឹងផ្អែកទៅលើប្រទេសចិន ដែលជាគូសត្រូវជាប្រវត្តិសាស្ត្ររបស់វៀតណាម។
ការវិនិយោគរបស់ឥណ្ឌានៅក្នុងប្រទេសវៀតណាមបានកើនដល់ចំនួន ២ ពាន់លានដុល្លារអាមេរិក ហើយពាណិជ្ជកម្មទ្វេភាគីមានចំនួន ១០ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលមួយឆ្នាំដែលគិតត្រឹមខែមីនាកន្លងទៅនេះ នឹងបន្តកើនឡើងរហូតដល់ចំនួន ១៥ ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ ២០២០ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក Radha Krishnan អនុប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅក្នុងប្រទេសវៀតណាម។
កាលពីឆ្នាំមុន ប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើននូវភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្ដល់លទ្ធភាពឲ្យប្រទេសវៀតណាមអាចចូលទៅក្នុងទីផ្សាររបស់ឥណ្ឌាបានបន្ថែមទៀត ហើយប្រទេសទាំងពីរនឹងទម្លាក់ពន្ធលើទំនិញនាំចូលនៅក្នុងឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងបណ្ដាប្រទេសសមាគមអាស៊ាន។
លោក Krishnan បានបញ្ជាក់ថា ជនជាតិឥណ្ឌាប្រហែល ៨ ម៉ឺននាក់ ធ្វើដំណើរទៅប្រទេសវៀតណាមជារៀងរាល់ឆ្នាំ ជារឿយៗក្នុងឋានៈជាភ្ញៀវទេសចរស្វែងរកឱកាសអាជីវកម្ម។
គោលបំណងរបស់ឥណ្ឌាត្រូវបានគេមើលឃើញថា ដើម្បីប្រឆាំងនឹងការបង្កើនឥទ្ធិពលរបស់ចិននៅទ្វីបអាស៊ី៕