នាយករដ្ឋមន្រ្តី​ក្រិក​និង​ប្រធានាធិបតី​រុស្ស៊ី​ពិភាក្សាគ្នា​លើ​ទំនាក់​ទំនង​ទ្វេភាគី

ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​ Vladimir Putin (ស្តាំ)​ និងនាយក​រដ្ឋ​មន្ត្រី​ក្រិក​ Alexis Tsipras ចាប់ដៃស្វាគមន៍​នៅ​ក្រោយ​ជំនួប​នៅ​វិមាន​ក្រឹម​ឡាំង​ក្នុង​ទីក្រុង​ម៉ូស្គូ​ ប្រទេស​រុស្ស៊ី​ កាលពីថ្ងៃពុធ​ ទី​៨ ខែ​មេសា ឆ្នាំ​២០១៥។

នាយក​រដ្ឋ​មន្រ្តី ​Alexis Tsipras ​នៃ​ប្រទេស​ក្រិក​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី Vladimir Putin នៃ​ប្រទេស​រុស្ស៊ី​ដើម្បី​ចរចា​ទ្វេភាគី​នៅ​ក្នុង​ទីក្រុង​ម៉ូស្គូកាល​ពី​ថ្ងៃ​ពុធ។ ក្នុង​អំឡុង​ពេល​នៃ​ជំនួបក្នុង​វិមាន​ក្រឹម​ឡាំង ​លោក​ Puitn ​បាន​និយាយ​ថា ​រុស្ស៊ី អាចលប់​ចោល​ការ​ដាក់​ទណ្ឌកម្មរបស់​ខ្លួន​លើ​ការ​នាំ​ចូល​ម្ហូប​អាហារ​មក​ពី​ប្រទេស​ក្រិក។

លោក​ប្រធានា​ធិបតី ​Putin ​បាន​និយាយ​ថា៖ «នៅ​ចន្លោះ​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១៣ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង​២ ​បាន​កើន​ឡើង​ជាង​ទ្វេ​ដង។ ក៏​ប៉ុន្តែ​ជា​អកុសល​ ​កាល​ពី​ឆ្នាំ​ទៅមិញ ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​បាន​ធ្លាក់​ចុះ​ជាង​៤០​ភាគរយ។​ ដោយ​ហេតុ​ដូច្នេះ​ហើយ ​ខ្ញុំ​ជឿ​ជាក់​ថា ​ដំណើរ​ទស្សនៈ​កិច្ចរបស់​លោក ​មិន​អាច​កើត​មានឡើង​តែ​នៅពេល​ដែល​វា​មាន​ភាព​ប្រសើរ​ឡើង​នោះ​ទេ ​ពី​ព្រោះ​យើង​ត្រូវ​តែ​វិភាគ​ពីអ្វី​ដែល​យើង​ទាំង​ពីរ ​អាច​ធ្វើ​ដើម្បី​ធ្វើ​ឲ្យ​មាន​ឡើង​វិញ​នូវ​អត្រា​រីក​លូត​លាស់​ដូច​កាល​ពី​ពេល​មុន‍»។​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មានបន្ទាប់​ពី​ជំនួប​នេះ ​ប្រធានាធិបតី​រុស្ស៊ី​បាន​និយាយ​ថា ​មេដឹក​នាំ​ក្រិក​ ​មិន​បាន​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ពី​រុស្ស៊ី​ទេ។

លោក ​Putin ​បាន​និយាយ​ថា ​លោក​និង​នាយក​រដ្ឋ​មន្រ្តី​ក្រិក​ ​បាន​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ចូល​រួម​របស់​ក្រិក​នៅ​ក្នុង​គម្រោង​បំពង់​បង្ហូរ​ប្រេង​តួគី។​ លោក និយាយ​ថា ​គម្រោង​នោះ ​អាច​ធ្វើ​ឲ្យ​ក្រិក​រក​ប្រាក់​រាប់​រយ​លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំៗដែល​អាច​ផ្តល់​ផល​ប្រយោជន៍​មិន​ត្រឹម​តែ​សេដ្ឋ​កិច្ច​របស់​ក្រិក​ទេ​ហើយ​និង​ម្ចាស់​បំណុល​លោក​ខាង​លិច​របស់​រដ្ឋាភិបាល​ទីក្រុ​អាតែនទេ​ ក៏ប៉ុន្តែ​ក៏​ជួយ​ជំរុញ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិ្កការ​ខាង​សេដ្ឋកិច្ចឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ឡើង​រវាង​ក្រិក​និង​រុស្ស៊ី៕