សភា​ក្រិក​អាច​គាំ​ទ្រ​សំណើរ​សង្គ្រោះ​បំណុល​នៅ​ថ្ងៃ​សុក្រ​នេះ

ប្រជាជន​ក្រិក​ប្រមូលផ្តុំ​គ្នា​ ដើម្បី​ព្យាយាម​ចូល​ទៅ​ក្នុង​សាខា​ធនាគារ​ជាតិ​ដើម្បី​ទទួល​បាន​ប្រាក់​ចូល​និវត្តន៍​។ សភា​ក្រិក​អាច​គាំ​ទ្រ​សំណើរ​សង្គ្រោះ​បំណុល​នៅ​ថ្ងៃ​សុក្រ​នេះ។

សភា​ក្រិក​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​សម្រេច​ថា​តើ​ នឹង​គាំ​ទ្រការ​កែ​ទម្រង់ ដែលរដ្ឋាភិបាល​ដាក់​ជូន​ក្រុម​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អឺរ៉ុប ជាថ្នូរ​នៃ​ការ​ទទួល​ប្រាក់​សង្គ្រោះ​បំណុល​ថែម​ទៀត​ឬ​ទេ ខណៈ​ដែល​ប្រទេស​ក្រិកព្យាយាម​ទប់​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​ដួល​រលំ និង​ស្ថិត​នៅ​ក្នុង​តំបន់​ប្រើ​ប្រាក់​អឺរ៉ូ​ជាបន្ត។

កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​លោកនាយក​រដ្ឋ​មន្ត្រី Alexis Tsipras ​បាន​បញ្ជូន​សំណើរ​កែ​ទម្រង់​ចុងក្រោយ​បង្អស់​របស់​ខ្លួន ទៅ​កាន់​បណ្តា​រដ្ឋ​មន្ត្រីហិរញ្ញវត្ថុ​អឺរ៉ុប ដែល​ចាំ​បាច់​ត្រូវ​សម្រេច​ថា​តើ​នឹង​ផ្តល់ប្រាក់​កម្ចី​ដែលរដ្ឋាភិបាល​ក្រិក​ត្រូវ​ការ​ចាំ​បាច់​ឬ​ទេ​នោះ។

គេ​មិន​ដឹងថា​ តើ​សំណើរ​ថ្មីរបស់​រដ្ឋាភិបាល​ក្រិក​នោះ ​មាន​សេចក្តី​ពិស្តារ​ល្អិត​ល្អន់​យ៉ាង​ដូច​ម្តេច​ទេ។ ប៉ុន្តែ​សេចក្តី​រាយការណ៍​នានា​និយាយថា សំណើរ​នោះ​មាន​ចែង​អំពីការ​ទាមទារ​របស់​សហភាព​អឺរ៉ុប ដែល​ចង់ឲ្យ​តម្លើង​ពន្ធដារ​ខ្លះ និង​កាត់​បន្ថយ​ការ​ចាយ​វាយ​នោះ។

បរាជ័យ​របស់​ប្រទេស​ក្រិក និង​សហភាព​អឺរ៉ុប​ក្នុង​ការ​ព្រម​ព្រៀង​គ្នា​នេះ អាច​នាំ​ឲ្យ​មាន​ការ​បណ្តេញ​ប្រទេស​ក្រិក​ចេញ​ពីតំបន់​ប្រើ​ប្រាស់ប្រាក់អឺរ៉ូ ដែល​មាន​ប្រទេស​អឺរ៉ុប​ចំនួន​១៩៕