លោក Alexis Tsipras អ្នកនិយមនយោបាយខាងឆ្វេងបានស្បថសច្ចាប្រណិធានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសក្រិក ក៏ប៉ុន្តែពួកមេដឹកនាំអឺរ៉ុបបានប្រឆាំងនឹងការទាមទាររបស់លោកឲ្យកាត់បន្ថយបំណុលរបស់ប្រទេសលោកនិងធ្វើការចរចាជាថ្មីអំពីវិធានការរឹតត្បិតចំណាយដែលពួកគេបានដាក់កំហិតលើរដ្ឋាភិបាលក្រុងអាតែន (Athens)។
លោក Tsipras អាយុ៤០ឆ្នាំនិងគណបក្ស Syriza របស់លោកបានឈ្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យដោយបានសន្យាថានឹងបញ្ចប់ការត្រួតត្រាលើចំណាយត្បិតត្បៀតដែលបាននាំឲ្យមានការកាត់បន្ថយច្រើនលើប្រាក់សោធននិវត្តន៍និងប្រាក់បៀវត្សរ៍ ការយកពន្ធដារច្រើនជាងមុននិងបានបណ្តាលឲ្យមានមនុស្សគ្មានការងារធ្វើច្រើនជាងមុនផងដែរ។ លោក Tsipras ជានាយករដ្ឋមន្ត្រីមានវ័យក្មេងជាងគេនៃប្រទេសក្រិកក្នុងរយៈពេល១៥០ឆ្នាំ។
លោក Tsipras បានអំពាវនាវឲ្យតម្រឹមប្រាក់បំណុលក្រិកនិងធ្វើឲ្យមានទ្បើងវិញនូវការកាត់បន្ថយជាច្រើនដែលពួកម្ចាស់បំណុលបានទាមទារឲ្យមានជាថ្នូរនឹងការឲ្យខ្ចីប្រាក់។ ក៏ប៉ុន្តែ ប្រទេសនិងអង្គការអន្តរជាតិផ្នែកឲ្យខ្ចីប្រាក់ដែលបានជួយប្រទេសក្រិកខាងហិរញ្ញវត្ថុនូវជំនួយសង្គ្រោះហិរញ្ញវត្ថុជិត៣០០ពាន់លានដុល្លារមិនបានបង្ហាញបំណងក្នុងការយល់ព្រមតាមការអំពាវនាវរបស់លោកនោះទេ។
លោក Jeroen Dijsselbloem រដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសហុល្លង់បាននិយាយថាពួកមេដឹកនាំហិរញ្ញវត្ថុនៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូប្រុងប្រៀបធ្វើការជាមួយប្រទេសក្រិកហើយ។ ក៏ប៉ុន្តែ លោកបាននិយាយដែរថា ការបន្តសមាជិកភាពតទៅទៀតរបស់ប្រទេសក្រិកនៅក្នុងប្លុកដែលមានប្រទេស១៩ប្រើប្រាស់ប្រាក់អឺរ៉ូ គឺអាស្រ័យទៅលើការដែលរដ្ឋាភិបាលក្រុងអាតែន នៅតែបន្តធ្វើតាមកិច្ចព្រមព្រៀងស្តីពីការសុំជំនួយសង្គ្រោះខាងហិរញ្ញវត្ថុរបស់ផងខ្លួន ហើយថា គ្មានការគាំទ្រដល់ការលុបចោលបំណុលនៃប្រទេសក្រិកទេ៕