ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេត​វិមាន​ឲ្យ​ដឹង​ថា​ តួ​លេខ​ការងារ​ក្នុង​ខែ​មិថុនា​«ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត»​


លោក​ប្រធានាធិបតី​បារ៉ាក់​អូបាម៉ា​ថ្លែងការណ៍​អំពី​សេចក្ដី​រាយការណ៍​ប្រចាំ​ខែ​ស្ដី​ពី​ស្ថានភាព​ការងារ​ នៅ​សួន​ផ្កាកុលាប​នៅ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ថ្ងៃ​ទី​៨​ខែ​កក្កដា​ឆ្នាំ​២០១១។​

ដោយ​មាន​អត្រា​អត់​ការងារ​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ កំពុង​អំពាវ​នាវ​ដល់​ក្រុម​អ្នក​តាក់​តែង​ច្បាប់​ឲ្យ​អនុម័ត​សំណើ​មួយ​ចំនួន​របស់​រដ្ឋបាល​លោក​ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រសើរ​ឡើង។​ ក្រុមប្រឆាំង​នៃ​គណបក្ស​សាធារណរដ្ឋ​ កំពុង​ស្តី​បន្ទោស​គោល​នយោបាយ​របស់​លោក​ប្រធានាធិបតី​ ចំពោះ​បញ្ហា​សេដ្ឋកិច្ច​របស់​ប្រទេស។​ សូម្បី​តែ​ក្រុម​មន្ត្រី​នៅ​សេតវិមាន​ក៏​ចាត់​ទុក​តួលេខ​ការ​ងារ​នៅ​ថ្ងៃ​សុក្រ​មុន​ថា​ «ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត»​ដែរ។

ក្រសួង​ការងារ​របស់​សហរដ្ឋ​អាមេរិក​បាន​ឲ្យ​ដឹង​ថា​ មាន​តែ​ការ​ងារ​ចំនួន​១​ម៉ឺន​៨​ពាន់​ប៉ុណ្ណោះ​ ត្រូវ​បាន​បន្ថែម​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នៅ​ខែ​មិថុនា​ ដែល​ជា​កំណើន​ដ៏​តិច​បំផុត​ក្នុង​រយៈ​ពេល​៩​ខែ។​ ប្រការ​នោះ​បាន​ជំរុញ​ឲ្យ​អត្រា​អត់​ការ​ងារ​ធ្វើ​កើន​ឡើង​ទៅ​ដល់​៩.២​ភាគ​រយ​ កាល​ពី​ខែ​មុន​ គឺ​ស្មើ​និង​មួយ​ភាគ​ដប់​ក្នុង​មួយ​ភាគ​រយ។

លោក​ប្រធានាធិបតី​ អូបាម៉ា​ បាន​ទទួល​ស្គាល់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ សេដ្ឋកិច្ច​មិន​បាន​បង្កើត​ការងារ​គ្រប់​គ្រាន់​ល្មម​ទេ។

«របាយការណ៍​ការងារ​ថ្ងៃ​នេះ​បញ្ជាក់​អំពី​អ្វី​ដែល​ពលរដ្ឋ​អាមេរិក​បាន​ដឹង​រួច​ហើយ​ គឺ​ថា​យើង​នៅ​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ទៀត​ដែល​ត្រូវ​ទៅ​ ហើយ​មាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវ​ធ្វើ​ ដើម្បី​ផ្តល់​ដល់​ប្រជាពល​រដ្ឋ​នូវ​សន្តិសុខ​និង​ឳកាស​ល្អ​ដែល​ពួក​គេ​សាក​សម​នឹង​ទទួល​បាន»។

លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា​ មាន​ការងារ​ផ្នែក​ឯកជន​ជាង​ពីរ​លាន​ ត្រូវ​បាន​បូក​បញ្ចូល​ក្នុង​រយៈពេល១៦​ខែ។​ ប៉ុន្តែ​លោក​បាន​ថ្លែង​ថា​ ដោយ​សារ​មាន​ការងារ​ជាង​៨​លាន​ត្រូវ​បាត់​បង់​ក្នុង​ពេល​មាន​វិបត្តិ​ សេដ្ឋកិច្ច​នេះ​នៅ​តែ​គម្លាត​យ៉ាង​ធំ​ធេង​មួយ​ដែល​ត្រូវ​បំពេញ។

នៅ​ឯ​សួន​ផ្កា​កូលាប​របស់​សេតវិមាន​ លោក​ អូបាម៉ា​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ កត្តា​ជា​ច្រើន​កំពុង​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ដល់​ការ​ងើប​ឡើង​នៃ​សេដ្ឋកិច្ច​ ដោយ​រាប់​បញ្ចូល​ទាំង​តម្លៃប្រេង​សាំង​ខ្ពស់​ វិបត្តិ​បំណុល​នៅ​ប្រទេស​ក្រិច​ (Greece)​ និង​រលក​យក្ស​ស៊ូណាមី​និង​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ជប៉ុន។

លោក​អូបាម៉ា​បាន​ថ្លែង​ថា​ របាយការណ៍​ចំនួន​មនុស្ស​អត់​ការ​ងារ​ធ្វើ​ បាន​បន្ថែម​ភាព​បន្ទាន់​សា​ជា​ថ្មី​ដល់​កិច្ច​ពិភាក្សា​របស់​លោក​ជាមួយ​មេដឹកនាំ​រដ្ឋសភា​ស្តី​ពី​ការ​កាត់​បន្ថយ​ឳនភាព​របស់​រដ្ឋាភិបាល​ និង​តម្លើង​ចំនួន​កំណត់​នៃ​ការ​ខ្ចី​ប្រាក់​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល។

លោក​ប្រធានាធិបតី​មាន​ប្រសាសន៍​ថា​ ភាព​មិន​ប្រាកដ​ប្រជា​ដែល​កំពុង​មាន​ជា​បន្ត​ ស្តី​ពី​ការ​កំណត់​ចំនួន​ប្រាក់​បំណុល​ គឺ​ជា​កត្តា​មួយ​ដែល​រារាំង​ពាណិជ្ជកម្ម​មិន​ឲ្យ​ជួល​មនុស្ស​ធ្វើ​ការ។​ លោក​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ព្រម​ព្រៀង​មួយ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នា​ពេល​ឆាប់ៗ​នេះ។

«ពលរដ្ឋ​អាមេរិកាំង​បាន​បញ្ជូន​យើង​មក​ទី​នេះ​ដើម្បី​ធ្វើ​កិច្ចការ​ឲ្យ​បាន​ត្រឹម​ត្រូវ​ គឺ​មិន​មែន​ដើម្បី​គណបក្ស​ណា​មួយ​ទេ​ប៉ុន្តែ​ដើម្បី​ប្រទេស​ទាំង​មូល។​ ដូច្នេះ​យើង​នឹង​ធ្វើ​សហការ​គ្នា​ដើម្បី​បំពេញ​កិច្ចការ​ដ៏​ត្រឹម​ត្រូវ​ ជំនួស​ពួក​គេ។​ នោះ​គឺ​ជា​កម្រិត​ដ៏​តិច​បំផុត​ដែល​ពួក​គេ​គួរ​តែ​សង្ឃឹម​មក​លើ​ពួក​យើង​ មិន​ជា​កម្រិត​ខ្ពស់​បំផុត​ដែល​ពួក​គេ​គួរ​តែ​សង្ឃឹម​មក​លើ​ពួក​យើង​នោះ​ទេ»។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ មាន​ពេល​រហូត​ទៅ​ដល់​ថ្ងៃ​ទី​២​ ខែ​សីហា​ ដើម្បី​តម្លើង​កម្រិត​ប្រាក់​បំណុល​ពី​ចំនួន​១៤.៣​លាន​លាន​ដុល្លារ​នា​ពេល​បច្ចុប្បន្ន។

រដ្ឋបាល​លោក​អូបាម៉ា​កំពុង​ស្នើ​ឲ្យ​កាត់​បន្ថយ​ទឹក​ប្រាក់​ជិត​៤​លាន​លាន​ដុល្លារ​ពី​ឳនភាព​ តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រាក់​ចំណាយ​ បង្កើន​ប្រាក់​ចំណូល​ និង​បញ្ចប់​ការមិន​យក​ពន្ធ​មួយ​ចំនួន។

ក្រុម​ប្រឆាំង​នៃ​គណបក្ស​សាធារណរដ្ឋ​ ចង់​ឲ្យ​កាត់​បន្ថយ​ឳនភាព​តាម​រយៈ​ការ​កាត់​ប្រាក់​ចំណាយ​ ប៉ុន្តែ​លោក​ ចន​ បូណឺ​ (John​ Boehner)​ ប្រធាន​សភា​តំណាង​រាស្រ្ត​ ថ្លែង​ថា ​ពួក​គេ​នឹង​មិន​គាំទ្រ​ឲ្យ​តម្លើង​ការ​យក​ពន្ធ​ទេ។

«អ្នក​បាន​ឮ​ខ្ញុំ​និយាយ​ពី​មុន​មក​ហើយ​ ថា​ការ​តម្លើង​កម្រិត​ប្រាក់​បំណុល​ដែល​នឹង​ដំឡើង​ប្រាក់​ពន្ធ​ ឬ​ខក​ខាន​មិន​បាន​កាត់​បន្ថយ​ប្រាក់​ចំណាយ​ឲ្យ​បាន​ច្រើន​ នឹង​មិន​អាច​ឆ្លង​កាត់​រដ្ឋសភា​បាន​ទេ»។

សមាជិក​កំពូលៗ​នៃ​បក្ស​សាធារណរដ្ឋ​ រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ដំណោះ​ស្រាយ​សេដ្ឋកិច្ច​របស់​រដ្ឋបាល​លោក​ អូបាម៉ា។​ ពួក​គេ​បាន​ចាត់​ទុក​តួ​លេខអត់​ការ​ងារ​ធ្វើ​ក្នុង​ខែ​មិថុនា​ ថា​«មិន​អាច​ទទួល​យក​បានទាល់​តែ​សោះ»​ ហើយ​បន្ទោស​ថា​ ការ​ចំណាយ​ដ៏​ច្រើន​ហួស​ហេតុ​របស់​រដ្ឋាភិបាល​ជា​កត្តា​ដែល​បណ្តាល​មិន​ឲ្យ​មាន​ការ​ងារ​ថ្មីៗ។

លោក​ ធីម​ ផូលេនធី​ (Tim​ Pawlenty)​ អតីត​អភិបាល​រដ្ឋ​ មីណេសូតា​ (Minnesota)​ ជា​បេក្ខជន​តំណែង​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ បាន​និយាយ​ថា ​លោក​ អូបាម៉ា ​«គ្មាន​ចម្លើយ​ទៀត​ទេ​ និង​អស់​ពេល​វេលា​ហើយ»៕

ប្រែ​សម្រួល​ដោយ​ លី សុខឃាង

XS
SM
MD
LG