ក្រិក​នឹង​បិទ​ធនាគារ​ និង​ដាក់​ការ​​រឹតត្បិត​លើ​មូលធន

លោកនាយករដ្ឋមន្ត្រី​ក្រិក​ Alexis Tsipras ​បាន​និយាយកាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រិក​នឹង​បិទ​ធនាគារ​ និង​ដាក់​ការ​​រឹតត្បិត​លើ​មូលធន។

លោកនាយករដ្ឋមន្ត្រី​ក្រិក​ Alexis Tsipras ​បាន​និយាយកាល​ពី​ថ្ងៃ​អាទិត្យ​ថា​ធនាគារ​ប្រទេស​លោក​នឹង​បិទទ្វារ​ ហើយ​ការ​ដក​ប្រាក់កាស​នឹង​ត្រូវ​រឹតត្បិត​នៅ​ពេល​ដែល​ភាពទាល់ច្រក​ខាង​បំណុល​មាន​ភាព​ធ្ងន់ធ្ងរ​ខ្លាំងឡើងៗ​រវាង​រដ្ឋាភិបាល​ក្រុង Athens​ និង​បណ្តា​ប្រទេស​និង​អង្គការ​អន្តរជាតិ​ដែល​ផ្តល់​ប្រាក់​កម្ចី។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​លោក​បាន​ថ្លែង​ផ្សាយ​តាម​ទូរទស្សន៍​នៅ​ទូទាំង​ប្រទេស​ជាតិ​ លោក​ Tsipras ​បាន​បន្ទោស​ពួកម្ចាស់​ឥណទាន​ដែល​ឲ្យប្រទេស​ក្រិក​ខ្ចីប្រាក់​ថា ​បង្កើត​ឲ្យ​មាន​វិបត្តិ​នេះ​ដែល​គំរាម​កំហែង​ដល់​សមាជិកភាព​របស់​ប្រទេស​ក្រិក​ក្នុង​ប្លុក​ប្រទេសជាតិ​១៩​ដែល​ប្រើប្រាស់​ប្រាក់​អឺរ៉ូ។​ លោក​មិន​បាន​ផ្តល់​សេចក្តី​ល្អិតល្អន់​អំពី​ថា​តើ​ធនាគារ​ក្រិក​នឹង​បិទទ្វារ​រហូត​ដល់​ពេល​ណា​ទេ​ ឬអំពី​ទំហំ​នៃ​ការ​ត្រួតត្រា​មូលធន​។​

មេដឹកនាំ​ក្រិក​និយម​នយោបាយ​ខាង​ឆ្វេង​ជ្រុល​រូបនេះ​បាន​ហៅ ​ការណ៍​ដែល​ទ្វីប​អឺរ៉ុប​ច្រាន​ចោល​សំណើ​របស់​ប្រទេស​ក្រិក​ ដែល​សុំ​ឲ្យ​មានការ​ពន្យារពេល​ការ​សង្គ្រោះ​ខាង​ហិរញ្ញវត្ថុ​របស់​ខ្លួន​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ប្រជាមតិ​នៅ​ថ្ងៃ​ទី​៥​ខែ​កក្កដា​អំពី​ថា​តើ​គួរ​ទទួល​យកវិធានការ​ចំណាយ​ត្បិតត្បៀត​ថ្មីៗ​ដែល​ទាម​ទារ​ដោយ​បណ្តា​ប្រទេស ​និង​អង្គការ​ឲ្យ​ខ្ចី​ប្រាក់​ឬទេ​ថា​ជា «សកម្មភាពមិន​ធ្លាប់​មាន​ពី​ពេល​មុន​ដោយ​ស្តង់ដារ​អឺរ៉ុប​ដោយ​នាំ​ឲ្យ​មាន​ការសង្ស័យ​អំពីសិទ្ធិ​របស់រដ្ឋ​អធិបតេយ្យ​មួយ​ក្នុង​ការ​ធ្វើការ​សម្រេច​ចិត្ត»៕