នៅថ្ងៃអង្គារនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ.ប.ម.) របស់ក្រុមអតីតប្រធានអង្គការសង្គមស៊ីវិលមួយក្រុម ដែលធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងលោក កែម ឡី បានបើកយុទ្ធនាការរកសំឡេងឆ្នោតទ្រង់ទ្រាយធំនៅរាជធានីភ្នំពេញដោយយកខួបពីរឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី ជាថ្ងៃឃោសនាទាក់ទាញអ្នកគាំទ្រ។
ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះជាខួបពីរឆ្នាំនៃការបាញ់សម្លាប់លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវអំពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយឯករាជ្យដ៏ល្បីមួយរូប។ ក្រោយហេតុការណ៍នៃការបាញ់សម្លាប់នោះ មនុស្សរាប់ម៉ឺននាក់បានហៅលោកថា ជា«វិរៈបុរស» និងបានចូលរួមដង្ហែសពរបស់លោកពីវត្តចាស់ ក្នុងរាជធានីភ្នំពេញទៅស្រុកកំណើតរបស់លោកនៅខេត្តតាកែវ។
លោក យ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអតីតប្រធានអង្គការផ្នែកកសិកម្មមួយប្រាប់ VOA ថា មូលហេតុនៃការកំណត់យកខួប២ឆ្នាំនៃការស្លាប់របស់លោក កែម ឡី ធ្វើជាថ្ងៃហែក្បួនឃោសនាគណបក្សគឺដើម្បីជាការទាក់ទាញអ្នកបោះឆ្នោតឲ្យគាំទ្រគណបក្ស និងប្រមូលសមាជិកទៅគោរពវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិតនៅវត្តចាស់ សង្កាត់ជ្រោយចង្វារ។
ខណៈកំពុងរៀបចំយុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតចេញពីទីស្នាក់ការគណបក្សក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក យ៉ង សាំងកុមារ បញ្ជាក់ថា៖
«អ្វីដែលយើងរំពឹង យើងធ្វើម៉េចខំអនុវត្តនូវអ្វីដែលជាឧត្តមគតិហ្នឹងទៅ។ ហើយវាជាការលើកទឹកចិត្តមួយជួយដល់អ្នកគាំទ្រយើងដែរ ព្រោះអ្នកគាំទ្រយើងគាត់ស្រឡាញ់ គោរពលោកបណ្ឌិត កែម ឡី ហើយគាត់ដឹងថា គំនិត និងឧត្តមគតិពិតប្រាកដរបស់គាត់នៅជាមួយយើង។ ហើយកុំពីណាមកកុហកមកឃោសនាថា ឧត្តមគតិ កែម ឡី និយមអី គឺត្រូវយល់ឲ្យច្បាស់ ស្អីដែលហៅថា ឧត្តមគតិ កែម ឡី និយម»។
លោក យ៉ង សាំងកុមារ ដែលជាបេក្ខភាពនាយករដ្ឋមន្រ្តីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្ថែមថា លោក កែម ឡី ជាស្ថាបនិកនិងជាអ្នកសរសេរគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ លោកបន្ថែមថា ឧត្តមគតិរបស់លោកបណ្ឌិត កែម ឡី ត្រូវបានសរសេរចូលក្នុងគោលនយោបាយដែលមាន១២៥ចំណុចរបស់គណបក្សដើម្បីលើកទឹកចិត្តអ្នកគាំទ្រ។
លោក សាម អ៊ីន អគ្គលេខាធិការ និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លើកឡើងថា ក្បួនដង្ហែគណបក្សនេះមានអ្នកចូលរួមចន្លោះពី៥០០ ទៅ១ពាន់នាក់។ លោកបន្ថែមថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានចាត់ទុកថ្ងៃទី១០ខែកក្កដានេះគឺជាថ្ងៃពិសេសក្នុងការរំឭកដល់គុណរបស់លោក កែម ឡី។
លោក សាម អ៊ីន ថ្លែងប្រាប់ VOA ពីការដង្ហែក្បួនរបស់គណបក្សដោយប្រើប្រាស់គតិរបស់លោក កែម ឡី ថា៖
«សារៈសំខាន់របស់យើងគឺយើងនឹងជូតទឹកភ្នែករបស់យើង។ យើងបន្តដំណើរទៅមុខទៀតជាមួយក្តីសង្ឃឹម។ ទោះបីជាលោកបណ្ឌិត កែម ឡី មិនបាននៅជាមួយយើងក៏ដោយ ប៉ុន្តែឧត្តមគតិរបស់លោកបណ្ឌិត កែម ឡី នៅជាមួយក្រុមការងារគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ហើយយើងបន្តដំណើរទៅមុខទៀតក្នុងការបំពេញបេសកកម្មរួម ដើម្បីសម្រេចក្តីស្រមៃរួមជាមួយលោកបណ្ឌិត កែម ឡី»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានចាប់ផ្តើមដង្ហែក្បួនឃោសនាពីស្នាក់ការបក្សរបស់ខ្លួន ដោយធ្វើដំណើរចូលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី នៅហាងសាំងកាល់តិច ស្តុបបូកគោ រាជធានីភ្នំពេញ។ ក្បួនដង្ហែឃោសនាគណបក្សដែលមានទាំងការដើរថ្មើរជើង ការប្រើរថយន្ត ម៉ូតូ និងម៉ូតូកង់បី ដោយមានបិទរូបថតរបស់លោក កែម ឡី ផងនោះ បានបញ្ចប់នាល្ងាចថ្ងៃអង្គារនេះ នៅទីតាំងវត្តចាស់ ជាទីតាំងតម្កល់សពរបស់លោកបណ្ឌិត កែម ឡី កាលពីពីរឆ្នាំមុន ដោយមានជាការថ្លែងពីវីរភាពរបស់លោក កែម ឡី និងការថ្លែងសារនយោបាយទៅកាន់អ្នកគាំទ្រ។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេង និងជាសិស្សរបស់លោក កែម ឡី លើកឡើងថា លោកមិនគាំទ្រការប្រើប្រាស់វីរភាពរបស់លោកបណ្ឌិត ដើម្បីជាការឃោសនាទាក់ទាញការគាំទ្រនយោបាយនោះទេ។ លោកបន្ថែមថា ការឃោសនាបែបនេះមិនមែនជាយុទ្ធសាស្រ្តឆ្លាតវៃសម្រាប់អ្នកនយោបាយឡើយ។
លោកបញ្ជាក់ថា៖
«ខ្ញុំមិនមានការគាំទ្រទេដែលយកឈ្មោះលោកបណ្ឌិត កែម ឡី មកបង្កើនឥទ្ធិពល ឬមួយក៏មកបង្កើនប្រជាប្រិយភាពរបស់គណបក្សខ្លួន។ ខ្ញុំយល់ឃើញថា យុទ្ធសាស្រ្តធ្វើបែបនេះមិនត្រឹមតែមិនបានសំឡេងឆ្នោតច្រើនហើយ វាអាចធ្វើឲ្យមានការវាយប្រហារពីសំណាក់អ្នកគាំទ្រទៅទៀត។ អាហ្នឹងវាមិនមែនជាការរើសអើងទេ តែខ្ញុំយល់ថា យុទ្ធសាស្រ្តនេះមិនមែនជាយុទ្ធសាស្រ្តឆ្លាតវៃទេសម្រាប់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន»។
លោក ហង្ស វិទូ បន្ថែមថា ក្រុមរបស់លោកគ្រោងនឹងធ្វើយុទ្ធនាការមួយដើម្បីទាមទាររកយុត្តិធម៌ពិតប្រាកដសម្រាប់លោកបណ្ឌិត កែម ឡី។
លោកលើកឡើងថា៖
«ខាងយើង យើងអត់បានជឿថា ជួប សំលាប់ហ្នឹងគឺជាឃាតករតែម្នាក់ក្នុងការសម្លាប់លោកបណ្ឌិត កែម ឡី ទេ។ យើងជឿថា ប្រហែលជាអាចមានបុគ្គលមានអំណាច មានបុគ្គលណាម្នាក់ ច្រើននាក់នៅពីក្រោយ ជួប សម្លាប់ហ្នឹង។ អីចឹងថ្វីដ្បិតតែយើងសង្ឃឹមតិចពិតមែន ក៏ប៉ុន្តែយើងនៅតែសង្ឃឹមថា រដ្ឋាភិបាលនឹងរកយុត្តិធម៌ជូនយើងបាន»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម.) មិនមែនជាគណបក្សតែមួយដែលភ្ជាប់ខ្លួនទៅនឹងលោកបណ្ឌិត កែម ឡី នោះទេ។ គណបក្សនយោបាយមួយទៀតគឺគណបក្សខ្មែរតែមួយ ដែលបង្កើតឡើងដោយប្អូនប្រុសរបស់លោក កែម ឡី ក៏បានព្យាយាមទាញយកប្រជាប្រិយភាពពីការស្លាប់របស់លោក កែម ឡី ផងដែរ។
គិតត្រឹមថ្ងៃអង្គារដែលជាថ្ងៃឃោសនាបោះឆ្នោតទី៤នៃយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃនេះ មានគណបក្សនយោបាយចំនួន៧នៃគណបក្សសរុបចំនួន២០ បានហែក្បួនធំៗនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន។ រហូតមកដល់ពេលនេះមិនទាន់មានការរាយការណ៍អំពីភាពមិនប្រក្រតី ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។
យ៉ាងណាក៏ដោយ គណបក្សជំទាស់ដ៏ធំនៅកម្ពុជាគឺគណបក្សសង្គ្រោះជាតិ និងមន្ត្រីសំខាន់ៗនៃគណបក្សនេះមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះទេ៕