សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងឲ្យរដ្ឋ South Carolina លោក Lindsey Graham បាននិយាយថា កិច្ចខំប្រឹងប្រែងក្នុងការប្តឹងទម្លាក់លោក Donald Trump ចេញពីតំណែងដោយសមាជិករដ្ឋសភាខាងគណបក្សប្រជាធិបតេយ្យ អាច«បង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដល់ស្ថាប័នរដ្ឋាភិបាល»។ លោកក៏បានព្រមានដល់សមាជិកគណបក្សសាធារណរដ្ឋ មិនឲ្យគាំទ្រកិច្ចប្រឹងប្រែងនេះផងដែរ។
សាររបស់លោក Graham ទៅកាន់សមាជិកខាងគណបក្សសាធារណរដ្ឋអំពីការប្ដឹងទម្លាក់លោកប្រធានាធិបតីពីតំណែង គឺថា៖ «សម្រាប់អ្នកដែលធ្វើឲ្យដំណើរការនេះក្លាយជាដំណើរការស្របច្បាប់ អ្នកកំពុងតែបង្កការបំផ្លិចបំផ្លាញយ៉ាងខ្លាំង មិនត្រឹមតែដល់ប្រទេសជាតិ និងប្រធានាធិបតីថ្មីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់គណបក្ស [សាធារណរដ្ឋ] ផងដែរ»។
លោកក៏បានលើកឡើងថា ពលរដ្ឋអាមេរិកាំងរាប់លាននាក់ដែលបានគាំទ្រលោក Trump និងគោលនយោបាយរបស់លោក «មិនគួរត្រូវបានប្រមាថមាក់ងាយ ដោយសារតែសកម្មភាពដែលមិនទទួលយកបានរបស់ក្រុមកុបករបះបោរមួយក្រុមទេ»។
យ៉ាងហោចណាស់ សមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋចំនួន ៥ នាក់ បានលើកឡើងថា ពួកគេនឹងគាំទ្រការប្តឹងទម្លាក់លោកប្រធានាធិបតី Trump ចេញពីតំណែង។ ហើយសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ២ នាក់ ក៏បានអំពាវនាវឲ្យលោក Trump ចុះចេញពីតំណែងដែរ។ សមាជិកព្រឹទ្ធសភាម្នាក់ទៀតខាងគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងពិនិត្យមើលលើមាត្រានៃការប្តឹងទម្លាក់លោក Trump ចេញពីតំណែង នៅពេលសំណុំរឿងនេះត្រូវបានបញ្ជូនទៅកាន់ព្រឹទ្ធសភា។
លោក Graham គឺជាសម្ព័ន្ធមិត្តម្នាក់ដែលស្និទ្ធនឹងលោកប្រធានាធិបតី Trump។ កាលពីសប្តាហ៍មុន លោក Graham បានថ្កោលទោសកុបកម្មហិង្សាដោយក្រុមអ្នកគាំទ្រលោកប្រធានាធិបតី ដែលបានសម្រុកចូលដោយហិង្សាទៅកាន់វិមានសភាសហរដ្ឋអាមេរិក។ ក្រោយហេតុការណ៍នោះ និងបន្ទាប់ពីលោក Trump បានដាក់សម្ពាធលើលោកអនុប្រធានាធិបតី Mike Pence ដោយមិនស្របតាមរដ្ឋធម្មនុញ្ញ ឲ្យច្រានចោលលទ្ធផលបោះឆ្នោតមក លោក Graham បានលើកឡើងថា កុំពាក់ព័ន្ធជាមួយលោក ហើយថា «គ្រប់គ្រាន់ហើយ»៕