រដ្ឋាភិបាល​រៀបចំ​ការ​គ្រប់​គ្រង​គោរមងារ​ឧកញ៉ា ក្រោយ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញមកដល់វិមានឯករាជ្យដើម្បីចូលរួមអបអរសាទរខួបលើកទី ៦៥ នៃ​ការ​ទទួល​បាន​ឯករាជ្យពីប្រទេសបារាំង រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០១៨ ។​ (REUTERS/Samrang Pring)

រដ្ឋាភិបាល​បាន​សម្រេច​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​រៀប​ចំ​ឯកសារ​នានា​ទាក់​ទង​នឹង​គោរម​ងារ​ឧកញ៉ា ក្នុង​គោល​ដៅ​ធានា​តម្លៃ​នៃ​គោរមងារ​ដែលព្រះ​រាជ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​សម្រាប់​បុគ្គល​ដែលបាន​ចូលរួម​ចំណែក​ជួយ​ដល់​សង្គម​ជាតិ។

ការ​បង្កើត​នេះ​ធ្វើ​ឡើងចំពេល​ដែល​មាន​ភាព​អវិជ្ជ​មាន​នៃ​សកម្មភាព​របស់​ឧកញ៉ា​មួយ​ចំនួន ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ឈើ គ្រឿង​ញៀន ដី​ធ្លី ការ​ប្រើ​អំពើ​ហិង្សា និង​ការ​បៀត​បៀន​ផ្លូវ​ភេទ​ជា​ដើម។ ចុង​ក្រោយ​នេះ ឧកញ៉ា ​២​ នាក់ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​បៀត​បៀន​ផ្លូវ​ភេទ​លើ​ស្ត្រី គឺ​ឧកញ៉ា ហេង សៀ និង​ការ​វាយ​ដំ​ភរិយា គឺ​ឧកញ៉ា ឌួង ឆាយ។

សេចក្តី​សម្រេច​ចុះ​ថ្ងៃ​ទី​៩ ខែ​មេសា​ ឆ្នាំ​២០២១ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ឲ្យ​ដឹង​ថា ​ការ​បង្កើត​ក្រុម​ការងារ​អន្តរ​ក្រសួង​នេះ គឺ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​ច្បាប់ រៀប​ចំ​បែប​បទ និង​នីតិ​វិធី​នៃ​ការ​គ្រប់​គ្រង​ឧកញ៉ា ការ​ស្នើ​សុំ​ផ្តល់​គោរម​ងារ​ឧក​ញ៉ា អ្នក​ឧក​ញ៉ា និង​ការ​ដក​ហូត​គោរមងារ​នេះ។

លោក ប៊ុន​ ហុន រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទៃ ដែល​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​អន្តរ​ក្រសួង​នេះ ប្រាប់​ VOA ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​លោកកំពុង​តែ​រៀប​ចំ​ក្រុម​ការងារ​មក​ពី​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ដើម្បី​រៀបចំ​ឯកសារ​ទាំង​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​អាច​និយាយ​ថា ​ខ្ញុំ​ចាំ​បាន​តំណាង​របស់​ក្រសួង​មកខ្ញុំ​នឹង​រៀប​ចំប្រជុំ​ក្រុម​ការងារហ្នឹង ដើម្បី​ដំណើរ​ការ​ស្រាវ​ជ្រាវ​ រៀប​ចំ​កិច្ច​ការ​ហ្នឹង​ ហើយ​ជា​បន្ត​បន្ទាប់​ គឺ​រាយ​ការណ៍​ទៅ​សម្តេច​ក្រឡា​ហោម [ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ] តាម​សេចក្តី​សម្រេច​កំណត់​ ហើយ​ហ្នឹង​សុំ​គោល​ការណ៍​ពី​រដ្ឋា​ភិបាល ក្រោយ​ពី​មាន​គោល​ការណ៍​សម្រេច​បាន យើង​ដំណើរ​ការ​បន្ត​បន្ទាប់​ទៅ​តាម​នីតិ​វិធី»។

លោក​បន្ត​ថា​ សេចក្តី​សម្រេច​នេះ​ គឺ​ទើប​តែ​ទទួល​បាន ក្រោយ​ពី​ការ​បិទ​ខ្ទប់រាជ​ធានី​ភ្នំពេញ​ ដូច្នេះ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​នៅ​ឡើយ​ទេ។ លោក​បញ្ជាក់​ថា ​ការ​រៀប​ចំ​បទដ្ឋាន​គតិយុត្តិ​នេះ​អាច​នឹង​ធ្វើ​ឡើង​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ បើ​ទោះត្រូវ​ប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ក៏​ដោយ។

បើ​តាម​អនុក្រឹត្យ​ថ្មី​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ឆ្នាំ​២០១៧ បុគ្គល​ដែល​ទទួល​បាន​គោរម​ងារ​ឧកញ៉ា កាល​ណា​មាន​ការ​ចូល​រួម​ក្នុង​ការ​អភិ​វឌ្ឍ​សង្គម ដោយ​ផ្តល់​ជា​ប្រាក់ ​ឬ​សម្ភារៈ ដែល​មាន​តម្លៃ​លើ​ពី ​៥០ ​ម៉ឺន​ដុល្លារ។ កាល​ពី​មុន បុគ្គលដែលបរិច្ចាគ​ធនធាន​ជូន​រដ្ឋ​លើស​ពី ១ ០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ទើប​ទទួល​បានគោរមងារ​ដែល​ប្រទាន​ដោយ​ព្រះ​មហា​ក្សត្រ តាម​ការ​ស្នើ​សុំ​ដោយ​នាយក​រដ្ឋ​មន្ត្រី។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ស្រី ចក់​ សុភាព ថ្លែង​ប្រាប់​ VOA ​ថា ​ការរៀបចំឯកសារទាក់ទងនឹងការ​ផ្តល់​គោរមងារ​នេះ​ពិត​ជា​សំខាន់ ប៉ុន្តែ​មិន​ត្រូវ​ផ្តោត​សំខាន់​លើ​តែ​លើ​ទ្រព្យ​ធន​តែ​មួយ​មុខ​នោះ​ទេ គឺ​ផ្តោត​លើ​សីល​ធម៌​ផង។

លោក​ស្រី​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​ការ​ផ្តល់​គោរម​ងារ​ណា​មួយ​បែប​នេះ​ គួរ​តែ​មើល​ឲ្យ​ហួស​ពី​ស្ថានភាព​ទ្រព្យ​ធន។ សំខាន់​បំផុត ​មើល​ទៅ​លើ​គុណធម៌​ ទៅ​លើ​សីលធម៌​របស់​បុគ្គល ហើយ​មាន​ការ​ចូល​រួម​ចំណែក​របស់​បុគ្គល​នៅ​ក្នុង​សង្គម​ ហើយ​គួរ​តែ​ធ្វើ​ការ​ជម្រះ​នូវ​មន្ទិល​ប្រសិន​បើ​ជា​មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​បំពាន​សិទ្ធិ​មនុស្ស ឬ​ក៏​ការ​ប្រព្រឹត្ត​អំពើ​ទាំង​ឡាយ​ណា​ដែល​ប៉ះ​ពាល់​ដល់​សង្គម បរិស្ថាន​ជាដើម»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នោះ​បាន​សង្កត់​ធ្ងន់​ទៀត​ថា​ ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​ធានា​គោលការណ៍​នីតិរដ្ឋ ដោយ​ស្មើ​ភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ មិន​ថា​ងារ​ជា​ឯកឧត្តម ឧកញ៉ា ឬ​ប្រជា​ជន​ទូទៅ​នោះ​ទេ។ លោក​ស្រី ចក់ សុភាព បាន​មើល​ឃើញ​ទៀត​ថា​ការ​អនុវត្ត​ដាក់​ទោសទណ្ឌ​កន្លង​មក​លើ​អ្នក​ដែល​មាន​ងារ​ឧកញ៉ា​និង​ប្រជា​ពលរដ្ឋ​សាមញ្ញ មិន​ទាន់​មាន​ភាព​ស្មើ​គ្នា​នៅ​ឡើយ​ទេ។

លោកស្រី​បន្ថែម​ថា​៖ «អ្នក​ប្រព្រឹត្ត​ដែល​ជា​អ្នក​មាន​ទ្រព្យ​ហ្នឹង ប៉ុន្តែ​ការ​ផ្តន្ទាទោស​ហាក់​បី​ជា​ស្រាល​ឬ​ក៏​ពេល​ខ្លះ​ហ្នឹង ​គឺ​អាច​បញ្ចប់​រឿង​ត្រឹម​តែ​ការ​ដក​នូវ​គោរមងារជា​ដើម​ ខណៈ​ដែល​សកម្មជន​នយោបាយ ឬ​សកម្មជន​យុវជន​ជា​ដើម ​គឺ​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ​ហើយ​ពេល​ខ្លះ​គឺ​ការ​ឃុំ​ខ្លួន​ហ្នឹង​ មាន​រយៈ​ពេល​យូរ ហើយ​សវនាការ​ទៀត​សោត​ មិន​បាន​ធានា​នូវ​គោលការណ៍​សិទ្ធិទទួល​ការ​ជំនុំ​ជម្រះ ​ដោយ​យុត្តិធម៌​ទៀត​សោត»។

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​ជា​អ្នក​ជំនួញ​ខាង​កសិកម្ម​ម្នាក់ និង​ជា​សមាជិក​ព្រឹទ្ធសភាមួយ​រូប​មក​ពីគណបក្ស​ប្រជាជនកម្ពុជា មាន​ប្រសាសន៍​ថា​វា​ជា​ការ​ល្អ​មួយ​ដែល​មាន​ការ​រៀបចំ​ឯកសារ​នានា ដើម្បី​ធានា​ថា​គោរមងារ​នេះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​ត្រឹម​ត្រូវ។

លោក​បញ្ជាក់​ថា៖ «ជា​ការ​ល្អ​មួយ​ដែរ ហើយ​ធ្វើ​ម៉េច​ឲ្យ​ឧក​ញ៉ា​ដឹង​មុខងារ​របស់​ខ្លួន​ឯង​ថា​ឧកញ៉ា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​? កាល​ពី​មុន​មិន​ទាន់​ឧកញ៉ា​ ធម្មតា។ ដល់​ពេល​ឧកញ៉ា​ត្រូវ​ធ្វើ​អ្វី​ខ្លះ​ មិន​មែន​ឧកញ៉ា​ដើរ​តែ​ធ្វើ​បាប​ប្រជាជន ដូច​ខ្ញុំ​និយាយ​កន្លង​មក​នោះ​ទេ។ ឧកញ៉ា​ធ្វើ​ម៉េច​ឲ្យរាស្ត្រ​ញញឹម​ មិន​មែន​ឲ្យ​រាស្ត្រ​ទឹក​ភ្នែក​នោះ​ទេ»។

កាល​ពី​ឆ្នាំ​២០១៩ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​បញ្ជា​យ៉ាង​ដាច់​ណាត់​មិន​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ដែលមាន​ទាហាន នគរបាល និង​កង​រាជ​អាវុធ​ហត្ថ មាន​ងារ​ជា​ឧកញ៉ា ដោយ​ត្រូវ​ជ្រើស​រើស​ត្រូវ​យក​គោរម​ងារ​ជា​ឧកញ៉ា​ឬ​យក​តួនាទី​របស់​ខ្លួន។

បញ្ជា​របស់​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើងក្រោយ​មើល​ឃើញ​ថា​បុគ្គល​មាន​គោរមងារ​ឧកញ៉ា​មួយ​ចំនួន​បានយក​តួនាទី​ទាំង​នេះ​ទៅ​ធ្វើ​ការងារ​ខុស​ច្បាប់។

កាលពី​ឆ្នាំ​២០១៩ មន្ត្រី​យោធា​មាន​ងារ​ជា​ឧកញ៉ា គឺ​លោក គង់ ក្រឹង ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​សំណុំ​រឿង​បទ​ល្មើស​ព្រៃឈើ។ ចំណែក​ក្នុង​ឆ្នាំ​២០១៩​ដដែល ក៏​មាន​ការ​ចាប់​ខ្លួនឧកញ៉ា​ម្នាក់​ទៀត ឈ្មោះ ស៊ឹង សំអុល ពាក់​ព័ន្ធនឹងបទល្មើសព្រៃឈើ​ផង​ដែរ។ ចំណែក​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU)​ បាន​ចាប់​ខ្លួន​ឧកញ៉ា​ម្នាក់​ ឈ្មោះ​ សង ថន​ ក្នុង​ទំនាស់​ដីធ្លីប្រមាណ​៥​ពាន់​ហិកតានៅ​ស្រុក​គាស់​ក្រឡ​ ខេត្ត​បាត់ដំបង​។

គួរ​បញ្ជាក់​ថា​មិន​មាន​តួលេខ​ជាក់​លាក់​អំពី​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ឧកញ៉ា​នេះ​ទេ។ ប៉ុន្តែ​បើ​យោង​តាម​តួ​លេខ​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​កន្លង​ទៅ គឺចាប់​ពី​ឆ្នាំ​១៩៩៤ ​រហូត​មក​ត្រឹម​ខែ​កុម្ភៈ ឆ្នាំ​២០១៤ កម្ពុជា​មាន​ឧកញ៉ា​ចំនួន​ ៧០៤ ​នាក់៕