លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈមការចោទពីបទក្បត់ជាតិ ដូចលោក កឹម សុខា ប្រធានគណបក្សប្រឆាំងដែលកំពុងជាប់ឃុំឃាំងដែរបន្ទាប់ពីវីដេអូឃ្លីបមួយផ្សាយពីសម្តីរបស់លោក សម រង្ស៊ី ថ្លែងពីគោលបំណងផ្តួលរំលំរដ្ឋាភិបាលលោក ហ៊ុន សែន កាលពី៦ឆ្នាំមុន។ នេះបើតាមការលើកឡើងរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
តាមវីដេអូឃ្លីបខ្លីដែលបង្ហោះដោយសារព័ត៌មានរណបនឹងរដ្ឋាភិបាលមួយកាលពីថ្ងៃពុធ បានផ្សាយថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១១ បានថ្លែងនៅសហរដ្ឋអាមេរិក អំពីផែនការរៀបចំផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ក្នុងពេលដែលលោក សម រង្ស៊ី នៅជាប្រធានគណបក្ស សម រង្ស៊ី។
ក្នុងវីដេអូរយៈពេល១នាទី ៣៥វិនាទីនោះ លោក សម រង្ស៊ី បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងប្រដាប់អាវុធរួមគ្នាផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះ៖
«កងកម្លាំងប្រដាប់អាវុធភាគច្រើនគឺចេញមកពីប្រជារាស្រ្តខ្មែរ ក្រ ប្រាក់ខែតិច រស់អត់បានទេបងប្អូន។ មានតែកាំភ្លើងទៅការពាររដ្ឋអំណាចអញ្ចឹងបានការអី? មានតែបែរចុងកាណុងដើម្បីផ្តួលរំលំរបបផ្តាច់ការហ្នឹងទៅ។ នេះជាសេចក្តីអំពាវនាវរបស់គណបក្សសម រង្ស៊ី រូបខ្ញុំ សម រង្ស៊ី សុំអំពាវនាវឲ្យប្រជារាស្រ្តខ្មែរ មានទាំងកងកម្លាំងប្រដាប់អាវុធ រួបរួមគ្នាទម្លាក់ ហ៊ុន សែន ចេញពីតំណែង»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ការថ្លែងរបស់លោក សម រង្ស៊ី បានបង្ហាញពីផែនការបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោកបន្ថែមថា តាមរយៈការថ្លែងនេះ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង នឹងត្រូវប្រឈមនឹងការចោទប្រកាន់ពីបទក្បត់ជាតិ ដូចទៅនឹងលោក កឹម សុខា ដែរ។
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា៖
«យើងស្តាប់ប្រសាសន៍សម្តេចតេជោ លោកថា នឹងប្រឡាយខ្សែឲ្យវែងដើម្បីចាប់ត្រីធំ។ បានសេចក្តីថា លោក សម រង្ស៊ី នឹងត្រូវមានទោសដូចលោក កឹម សុខា ដែរក្នុងន័យហ្នឹង។ ជាប្រព័ន្ធផ្តួលរំលំរដ្ឋាភិបាលតាមបដិវត្តន៍ពណ៌តាមការបានរៀនសូត្រនិងបញ្ជាពីបរទេស»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បន្ថែមថា ដោយសារលោក សម រង្ស៊ី មានសញ្ជាតិខ្មែរ និងបារាំង ដូច្នេះលោកថា ក្រសួងនឹងប្តឹងទៅតុលាការកម្ពុជា និងតុលាការបារាំងដើម្បីចាត់វិធានការលើការថ្លែងរបស់លោក សម រង្ស៊ី។
VOA បានព្យាយាមទាក់ទងលោក សម រង្ស៊ី ដែលកំពុងរស់នៅឯប្រទេសបារាំងជាច្រើនដង តែទូស័ព្ទរបស់លោកត្រូវបានចុចបិទ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃពុធ បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ទៅនឹងវីដេអូរបស់ លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួលរំលំរាជរដ្ឋាភិបាល ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរសម្រុកចូលចាប់ខ្លួនចេញពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ដោយចោទលោកពីបទ «ក្បត់ជាតិ»។ អាជ្ញាធរចោទលោកថា បានរៀបចំផែនការសម្ងាត់ ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការបានបញ្ជូនលោក កឹម សុខា ទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។
ក្រោយវីដេអូឃ្លីបដែលលោក សម រង្ស៊ី បានអំពាវនាវឲ្យកងកម្លាំងបែរចុងកាណុងផ្តួលរំលំរបបដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានផ្សព្វផ្សាយភ្លាមៗក្រុមកងកម្លាំងប្រដាប់អាវុធជាច្រើនបានចេញមកអះអាងពីការប្តេជ្ញាការពាររដ្ឋាភិបាលរបស់លោក ហ៊ុន សែន។
តាមរយៈអង្គភាពសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលដែលបានបង្ហោះវីដេអូឃ្លីបពីលោក សម រង្ស៊ី ដដែល បានដកស្រង់សម្តីរបស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធជាច្រើន ទាំងជើងទឹក និងជើងគោកថា ពួកគេប្តេជ្ញាការពាររដ្ឋាភិបាលលោក ហ៊ុន សែន និងត្រៀមកម្ចាត់អ្នកដែលចង់ផ្តួលរំលំរដ្ឋាភិបាល។
លោក សូរ ចន្ថា សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លើកឡើងថា ការដែលរដ្ឋាភិបាលទើបតែប្រកាសចាត់វិធានការលើការថ្លែងរបស់លោក សម រង្ស៊ី ដែលនិយាយតាំងពីឆ្នាំ២០១១ គឺបង្ហាញពីមូលហេតុនយោបាយ ជាជាងមូលហេតុផ្លូវច្បាប់។ លោកបន្ថែមថា គណបក្សកាន់អំណាចកំពុងរិតត្បិតសិទ្ធិសេរីភាពមេដឹកនាំបក្សប្រឆាំងបន្ថែមទៀត ដោយសារបារម្ភពីសន្ទុះនៃការគាំទ្រគណបក្សនេះ។
លោកសូរ ចន្ថា មានប្រសាសន៍ថា៖
«ពាក់ព័ន្ធទៅនឹងការស្ទង់មតិនៅកម្ពុជាដែលបានបែកធ្លាយ យើងឃើញប្រជាប្រិយភាពរបស់បក្សប្រឆាំងហ្នឹងកើនខ្ពស់ ជាពិសេសគឺប្រជាប្រិយភាពរបស់លោក សម រង្ស៊ី និងលោក កឹម សុខា នោះឯង ដែលធ្វើឲ្យបក្សកាន់អំណាចមានការព្រួយបារម្ភចំពោះបក្សប្រឆាំង។ ដូច្នេះហើយការព្យាយាមរិតត្បិតសេរីភាព ឬក៏ដាក់សម្ពាធបន្ថែមនេះ គឺជាការធ្វើឲ្យបក្សប្រឆាំងចុះខ្សោយ ឬក៏ស្លាប់តែម្តង»។
លោកបន្ថែមថា រដ្ឋាភិបាលគួរជ្រើសយកដំណោះស្រាយតាមផ្លូវជជែកចរចារ ដើម្បីកសាងអនាគតកម្ពុជា មិនគួរស្វែងរកតែអតីតកាលដើម្បីចាប់កំហុសបក្សប្រឆាំងនោះទេ។ លោកថា សកម្មភាពរបស់រដ្ឋាភិបាលក្នុងការដាក់សម្ពាធលើបក្សប្រឆាំងបែបនេះ នឹងធ្វើឲ្យសហគមន៍អន្តរជាតិរិះគន់កាន់តែខ្លាំង។
ចាប់តាំងពីដើមឆ្នាំ២០១៧នេះ រដ្ឋាភិបាលបានធ្វើវិសោធនកម្មច្បាប់ជាញឹកញាប់ ជាពិសេសច្បាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ។ ក្រោយការធ្វើវិសោធនកម្មទាំងនោះ គេឃើញរចនាសម្ព័ន្ធនៃក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រឆាំង មានការផ្លាស់ប្តូរជាបន្តបន្ទាប់។
លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងការចោទប្រកាន់ និងកាត់ទោសជាច្រើនករណីពីបណ្តឹងរបស់លោក ហ៊ុន សែន បានលាលែងចេញពីតំណែងជាប្រធានគណបក្សនេះកាលពីខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាចធ្វើវិសោធកម្មច្បាប់កំណត់ថា គណបក្សនយោបាយនឹងត្រូវរំលាយ ប្រសិនបើមេដឹកនាំគណបក្សនោះមានទោស៕