ក្រសួងពាណិជ្ជកម្មបានដាក់បង្ហាញជាផ្លូវការនូវឯកសារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ហៅកាត់ថាCLV-DTA នៅលើគេហទំព័ររបស់ក្រសួង ដោយមានការភ្ជាប់ជាមួយប្រព័ន្ធ QR Code ដើម្បីទាញយកឯកសារ ដែលមានការផ្តល់សេចក្តីពន្យល់អំពីផលប្រយោជន៍ និងហេតុផលផ្សេងទៀតដែលតម្រូវឱ្យមានគម្រោងCLV-DTA នេះ។
អ្នកតាមដានសង្គមយល់ឃើញថា នេះគឺជារឿងចាំបាច់ដើម្បីបញ្ចៀសនូវការភាន់ច្រឡំ ឬក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាជន។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យប្រាប់វីអូអេថា ការបញ្ចេញឯកសារ CLV-DTA របស់ស្ថាប័នរដ្ឋ និងក្រសួងពាក់ព័ន្ធគឺជារឿងល្អ និងចាំបាច់គួរតែផ្សព្វផ្សាយនិងចែករំលែកឱ្យបានទូលំទូលាយដើម្បីប្រជាពលរដ្ឋទទួលបានមូលដ្ឋានព័ត៌មានក្នុងការពិនិត្យ និងវិនិច្ឆ័យដើម្បីបញ្ចៀសរាល់មន្ទិលទាំងឡាយ។
លោកថ្លែងថា៖ «ខ្ញុំមើលឃើញថា ក្រៅពីការបញ្ចេញឯកសារហ្នឹងគឺការបង្កើតយន្តការពហុភាគីដែលមានការចូលរួមពីមនុស្សសំខាន់ៗពីវិស័យផ្សេងគ្នាមានទាំងវិស័យឯកជន អង្គការសង្គមស៊ីវិល ស្ថាប័នសាធារណៈរដ្ឋអីជាដើមហ្នឹងនៅក្នុងការផ្តល់ឱកាសជជែកវែកញែកក៏ដូចជាបំភ្លឺពីទិដ្ឋភាពផ្សេងគ្នាទាក់ទងនឹងរឿងCLV-DTAហ្នឹងគឺជារឿងចាំបាច់បាទដើម្បីបញ្ចៀសនូវការភាន់ច្រឡំ ឬក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់ក៏ដូចជាការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួនទាក់ទងនឹងរឿងគម្រោងអភិវឌ្ឍន៍រួមគ្នាហ្នឹង»។
ការសម្រេចចេញផ្សាយឯកសាររបស់ក្រសួងពាណិជ្ជកម្មធ្វើឡើងបន្ទាប់ពីមានការបញ្ចេញមតិតវ៉ាពីប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស សកម្មជន អ្នកតាមដានសង្គម អង្គការសង្គមស៊ីវិល និងគណបក្សជំទាស់ ទៅលើតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដោយអ្នកជំទាស់ខ្លះថា បើមានការបន្តគម្រោងនេះទៀត ការខាតបង់ខាងសង្គម និងសេដ្ឋកិច្ចនឹងធ្លាក់មកលើប្រទេសកម្ពុជា។
ប៉ុន្តែអ្នកស្រីចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា គម្រោងដែលបើកផ្លូវឱ្យមានការសម្រួលខាងពាណិជ្ជកម្មនេះ មានចំណុចមួយចំនួនពាក់ព័ន្ធនឹងគោលនយោបាយអនុគ្រោះពិសេសដែលត្រូវបានដាក់បញ្ចូលទៅក្នុងផែនការសម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនិងសង្គមក្នុងតំបន់ត្រីកោណ អភិវឌ្ឍន៍។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ។
ក្រោយពីមានភាពចម្រូងចម្រាសលើតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនចង់ឱ្យរដ្ឋាភិបាលធ្វើប្រជាមតិដើម្បីដឹងពីចំនួនប្រជាពលរដ្ឋគាំទ្រ និងមិនគាំទ្រលើគម្រោងអភិវឌ្ឍន៍នេះ។
ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែងរបស់កម្ពុជាត្រូវបានដាក់បញ្ចូលក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ ខណៈដែលប្រធានបទស្តីពី «តំបន់ត្រីកោណអភិវឌ្ឍន៍»នេះបានក្លាយជាចំណុចចម្រូងចម្រាស និងផ្ទុះការជជែកដេញដោល ហើយពលរដ្ឋមួយចំនួនសម្តែងការព្រួយបារម្ភថា វៀតណាមនឹងគ្រប់គ្រងតំបន់នោះ ហើយកម្ពុជាអាចបាត់បង់ទឹកដីនោះ ដូចកម្ពុជាក្រោម។ យ៉ាងណាមិញ រដ្ឋាភិបាលកម្ពុជាអះអាងថា តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌៕