ក្រោយការប៉ះទង្គិចគ្នារវាងអាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងក្រុមប្រជាពលរដ្ឋចំនួនជាង២០០នាក់មកពីខេត្តកោះកុង រដ្ឋាភិបាលបានប្រកាសពីការតាំងចិត្តរបស់ក្នុងការបញ្ចប់វិវាទដីធ្លីដែលមានអាយុជាងមួយទសវត្សរ៍នៅក្នុងខេត្តកោះកុង។ មន្ត្រីសិទ្ធិមនុស្សរំពឹងថារដ្ឋាភិបាលនឹងធ្វើសកម្មភាពពិតប្រាកដក្នុងការបញ្ចប់ជម្លោះជាជាងគ្រាន់តែការសន្យានោះ។
រដ្ឋាភិបាលកម្ពុជាបានសន្យារកដំណោះស្រាយដល់ប្រជាពលរដ្ឋចំនួន៣១៦គ្រួសារនៅក្នុងស្រុកចំនួនពីររបស់ខេត្តកោះកុង បន្ទាប់ពីមានការប៉ះទង្គិចរវាងពលរដ្ឋជាង២០០នាក់ជាមួយក្រុមអាជ្ញាធរមានសមត្ថកិច្ច និងកងសន្តិសុខក្នុងរាជធានីដែលបានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់និងតាមការបញ្ជាក់របស់អង្គការសិទ្ធិមនុស្ស។
ក្រុមប្រជាពលរដ្ឋជាង២០០នាក់នោះ គឺស្ថិតក្នុងប្រជាពលរដ្ឋចំនួន៣១៦គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនស្ករអំពៅចំនួនពីរក្នុងខេត្តកោះកុង។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ តាមអត្ថន័យដើមថា៖ «ដោយយោងលិខិត...របស់រដ្ឋបាលខេត្តកោះកុងចុះថ្ងៃ៣០ ខែមីនា ឆ្នាំ២០១៨ សំណូមពររបស់ក្រុមប្រជាពលរដ្ឋ៣១៦គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ស្រុកបទុមសាគរ ខេត្តកោះកុង និងសំណូមពររបស់ក្រុមប្រជាពលរដ្ឋ ១៧០គ្រួសារ ស្ថិតនៅស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន Koh Kong Plantation Co., Ltd និង Koh Kong Sugar Industry Co., Ltd ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ក្រុមការងារចុះសហការជាមួយក្រុមការងាររបស់អាជ្ញាធរខេត្តកោះកុង ដើម្បីពិនិត្យអត្តសញ្ញាណអ្នកកាន់កាប់និងដី ពាក់ព័ន្ធនឹង ករណីវិវាទខាងលើ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ រហូតរួចរាល់ជាស្ថាពរឈានទៅដោះស្រាយបញ្ចប់»។
សេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម ធ្វើឡើង ក្រោយពីមានសេចក្តីរាយការណ៍អំពីការប្រឈមមុខ និងការប៉ះទង្គិចគ្នារបស់ក្រុមប្រជាពលរដ្ឋជាង២០០នាក់មកពីខេត្តកោះកុង ដែលបានឡើងមកស្នាក់នៅក្នុងវត្តសាមគ្គីរង្សីស្ថិតក្នុងរាជធានីភ្នំពេញ។ អ្នកតវ៉ាមួយចំនួន ត្រូវបានគេពណ៌នាថា កំពុងពរកូនតូចនៅជាប់នឹងខ្លួនអំឡុងពេលប៉ះទង្គិចគ្នាផងដែរ។ ការប៉ះទង្គិចគ្នានេះ បានកើតឡើង ខណៈពេលដែលក្រុមប្រជាពលរដ្ឋព្យាយាមដើរហែក្បួនឆ្ពោះទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម ក្នុងគោលបំណងស្វែងរកការឆ្លើយតបពីក្រសួងទៅនឹងដំណោះស្រាយសម្រាប់វិវាទដីធ្លីរបស់ពួកគេ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកលីកាដូ បានផ្តល់សេចក្តីរាយការណ៍សង្ខេបអំពីការប៉ះទង្គិចនេះ នៅលើគេហទំព័ររបស់ខ្លួនថា សមាជិកសហគមន៍ជាង២០០នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ រាប់រយគ្រួសារនៅក្នុងឃុំជីខលើ ឃុំជីខក្រោមនិងឃុំដងពែងនេះ បានដាក់ញត្តិជូនទៅមន្ត្រីពាក់ព័ន្ធរបស់ក្រសួង កាលពីថ្ងៃព្រហស្បតិ៍រួចមកហើយ និងបន្តស្នាក់នៅក្នុងវត្តសាមគ្គីរង្សី នៅពេលយប់។
សេចក្តីរាយការណ៍របស់អង្គការលីកាដូ បានបន្តក្នុងន័យដើមថា«លុះដល់ព្រឹកថ្ងៃសុក្រនោះ នៅពេលអ្នកទាំងនោះ ព្យាយាមដើរត្រឡប់ឆ្ពោះទៅក្រសួងរៀបចំដែនដីវិញ ក្នុងចម្ងាយប្រមាណ៥គីឡូម៉ែត្រស្រាប់តែកងសន្តិសុខ និងនគរ បាល ប្រហែល៤០នាក់ បានបិទផ្លូវនិងរុញច្រានពួកគាត់ដែលជាការការរំលោភបំពានដល់សិទ្ធិសេរីភាពក្នុងការជួបជុំនិងតវ៉ាដោយសន្តិវិធី»។
មិនមានករណីបង្ករបួសស្នាមធ្ងន់ធ្ងររវាងភាគីប្រជាពលរដ្ឋ និងអាជ្ញាធរនៅក្នុងការប៉ះទង្គិចកាលពីថ្ងៃសុក្រនោះទេ។ នេះបើតាមការបញ្ជាក់របស់អង្គការលីកាដូ។
VOA ព្យាយាមទាក់ទងសុំការអធិប្បាយពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ក៏ប៉ុន្តែលោកមិនលើកទូរស័ព្ទទេ។
លោក ហ៊ួរ អ៊ីន មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ថ្លែង ថ្លែងប្រាប់ VOA នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលមិនអាចទុកឲ្យវិវាទរ៉ាំរ៉ៃនេះ បន្តអូសបន្លាយទៅមុខបន្ថែមទៀតទេ។
«ចំពោះករណីហ្នឹង មិនគួរណាមានការអូសបន្លាយពេលវេលាតទៅទៀតទេ ដោយសារក្រុមគាត់ ហ្នឹងគឺស្ថិតនៅក្នុងក្រុម ៥០២គ្រួសារ ដែលមួយក្រុមមុននោះ មាន១៩៧គ្រួសារហ្នឹង បានដោះស្រាយបញ្ចប់ហើយ។ ដូច្នេះគឺក្រុមគាត់តែមួយទេ គ្រាន់តែថាគាត់បែកក្រុមជាពីរ ហើយចំពោះការធ្វើអត្តសញ្ញាណដីហ្នឹង គឺធ្វើបានដូចគ្នាទេ កាលដើមឆ្នាំ ២០១៦ នៅសាលាស្រុក។ ដូច្នេះដូចជាគ្មានហេតុផលអ្វីដែលត្រូវក្រសួងហ្នឹងចុះមកសិក្សាស្រាវជ្រាវ ម្តងទៀត ឬក៏ធ្វើអត្តសញ្ញាណដីហ្នឹង ម្តងទៀតទេណា ព្រោះពួកគាត់បានធ្វើហើយ ហើយខាងក្រសួងហ្នឹងចុះមកធ្វើខ្លួនឯងទៀត»។
អង្គការលីកាដូបានថ្លែងបន្ថែមក្នុងសេចក្តីប្រកាសរបស់ខ្លួនថា អស់រយៈពេលច្រើនឆ្នាំមកហើយ ប្រជាពលរដ្ឋទាំងនេះ បានដាក់ញត្តិជូនទៅអាជ្ញាធរខេត្តនិងក្រសួងពាក់ព័ន្ធដើម្បីស្វែងរកដំណោះស្រាយ និងសំណងសមរម្យដោយសារការបាត់បង់ដីធ្លី តាំងពីឆ្នាំ២០០៦ ជុំវិញការផ្តល់ដីសម្បទានសេដ្ឋកិច្ចចំនួនពីរពាក់ព័ន្ធនឹងក្រុមហ៊ុនស្ករអំពៅថៃ KSL ក៏ដូចជាសមាជិកព្រឹទ្ធសភានៃគណបក្សកាន់អំណាចគឺលោកឧកញ៉ា លី យ៉ុងផាត់។
VOAព្យាយាមសុំការអធិប្បាយពីលោក លី យ៉ុងផាត់ តែមិនអាចទាក់ទង់បានទេ នៅថ្ងៃសៅរ៍នេះ។ VOA ក៏មិនទាន់អាចទាក់ទងក្រុមមន្ត្រីនាំពាក្យរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មបានដែរ។
ក្នុងសំណុំរឿងវិវាទដីធ្លីដដែលនេះ រដ្ឋាភិបាលបានផ្តល់ដំណោះស្រាយ ជូនប្រជាពលរដ្ឋចំនួន៣៧៥គ្រួសារកាលពីថ្ងៃទី២២ ខែមីនា។ ដំណោះស្រាយដែលបានផ្តល់ជូននោះ រូមមានដីទំហំពី១,៥ហិកតា ដល់៣ហិកតា និងថវិកាចំនួន២៥០០ដុល្លារ ក្នុងមួយគ្រួសារ។
ដំណោះស្រាយនោះ ត្រូវបានធ្វើឡើងទៅតាមស្ថានភាពនៃជម្លោះរបស់ប្រជា ពលរដ្ឋជាមួយក្រុមហ៊ុន Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ដែលមន្ត្រីសិទ្ធិមនុស្សនិងក្រុមតំណាងប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនទាំងពីរនេះ ដើមឡើយជាកម្មសិទ្ធិរបស់លោកលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា៕