ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាពលរដ្ឋ​កោះកុង​ ​ចោទ​អាជ្ញាធរ​ថា​ ​បាន​ធ្វើ​ឲ្យ​ខូចដំណើរ​ការ​ទទួល​ស្គាល់​អត្តសញ្ញាណ​ជាជនជាតិ​ដើម​ភាគតិច​«ជង‍»


រូបឯកសារ៖ រៀម សាវ ស៊ី និង​​អ្នក​ភូមិ​នៅ​អារ៉ែង ប្រារព្ធ​ពិធី​ថ្វាយ​បង្គុំ​គ្រូ ដែល​ជា​ពិធី​ប្រពៃណី​មួយ​សម្រាប់​ជនជាតិ​ភាគតិច​ជង នៅ​អារ៉ែង។ (រូប​ថត​ផ្តល់​ឲ្យ​ដោយ ម៉ម កល្យាណី)

ការ​ដាក់ញត្តិ​របស់​ជាជនជាតិ​ដើម​ភាគតិច​«ជង‍»​ ​កើតមានឡើង​ ពេល​ដែល​រដ្ឋបាល​ឃុំជំនាប់​ ​នៅ​ស្រុកថ្មបាំង​ បាន​ដាក់​ឱសានវាទ​ឲ្យ​ តំណាង​ជនជាតិដើម​ភាគតិច​ជង​នៅ​សហគមន៍ស្ទឹង​អារ៉ែង​ រុះរើទីស្នាក់កា​រ​សហគមន៍​ដែលមិន​ទាន់​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ ​ឲ្យបានមុន​​ថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​ ២០១៨។

តំណាង​ជនជាតិ​ដើម​ភាគតិច​ជង​ ​និង​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ បាន​នាំយក​ញត្តិមកដាក់​តាម​ស្ថាប័ន​រដ្ឋ​នា​នា​ ​ដើម្បី​ពន្លឿន​នីតិវិធី​នៃការស្នើ​ឲ្យរដ្ឋាភិបាលទទួល​ស្គាល់​ ​ពួកគាត់ជាជនជាតិដើម​ភាគ​តិច​«ជង‍»​ពេញច្បាប់​ ​ទៅ​តាមការ​កំណត់​របស់​រដ្ឋ​ធម្ម​នុញ្ញនៃប្រទេស​កម្ពុជា។​ ​ការ​ឡើង​មក​ដាក់​ញត្តិនេះ​ បាន​ធ្វើឡើង​ បន្ទាប់​ពីអាជ្ញាធរ​ខេត្តកោះ​កុង​មាន​ភាព​យឺតយ៉ាវ​ ​ក្នុង​ការ​បញ្ជូន​លិខិត​ស្នើ​សុំ ទទួលស្គាល់ភាពជា​ជនជាតិដើម​ភាគតិច​ជង​ ពីថ្នាក់​ឃុំ​ ដល់​ថ្នាក់​ខេត្ត។​

ប្រជាពលរដ្ឋជាច្រើននាក់​នៅខេត្តកោះកុង​ ដែល​អះអាងថា​ ​ពួកគាត់​ជា​ជន​ជាតិដើម​ភាគ​តិច​ជង​នៅ​តំបន់​អារ៉ែង បាន​ចោទ​អាជ្ញាធរមូលដ្ឋាន​ ​នៅ​ស្រុក​ថ្មបាំង​ ​ថា​បាន​បង្អាក់​ដំណើរ​នៃ​ការ​ដាក់ពាក្យ​ស្នើសុំ​ការ​ទទួល​ស្គាល់​ពួកគាត់​ជាជនជាតិដើម​ភាគតិច​ជង​ ​ពី​សំណាក់រដ្ឋាភិបាល​ ​ដោយ​អាជ្ញាធរ​បាន​យក​លេស​ផ្សេងៗ​គ្នា។​ ​នេះបើតាម​ញតិ្តរបស់​ក្រុមប្រជា​ពល​រដ្ឋ​មកពីស្រុក​ថ្មបាំង​ ខេត្ត​កោះកុង​ ដែល​បាន​ដាក់​ជូន​ទៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ ​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និង​ ​ស្ថាប័ន​ពាក់​ព័ន្ធផ្សេងទៀត។

​ការ​ដាក់ញត្តិ​របស់​ពួកគាត់​នេះ​ ​កើតមានឡើង​ នៅចំ​ពេល​ដែល​រដ្ឋបាល​ឃុំជំនាប់​ ​នៅ​ស្រុកថ្មបាំង​ បាន​ដាក់​ឱសានវាទ​ឲ្យ​ តំណាង​ជនជាតិដើម​ភាគតិច​ជង​នៅ​សហគមន៍ស្ទឹង​អារ៉ែង​ រុះរើទីស្នាក់កា​រ​សហគមន៍​ដែលមិន​ទាន់​ត្រូវបាន​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​ ​ឲ្យបានមុនថ្ងៃ​ទី​២៥​ ខែមេសា​ ឆ្នាំ​ ២០១៨។

តាមញត្តិ​របស់​ប្រជាពល​រដ្ឋ​មកពី​ ​ឃុំប្រឡាយ និង​ឃុំ​ជំនាប់​ស្រុកថ្មបាំង​ ខេត្ត​កោះកុង​ ​ចុះថ្ងៃ​ទី​ ៤ ខែមេសា​នេះ បាន​រៀបរាប់ពីការ​យក​លេស​របស់​អាជ្ញាធរ​ ​ថា​ពួក​គាត់​បានធ្វើលិខិត​ស្នើសុំ​ស្វ័យ​អត្ត​សញ្ញាណ​ជនជាតិ​ដើមភាគតិច​ ដោយ​គោរព​ តាម​នីតិវិធី​គោល​ការណ៍​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃព្រះរាជាណាចក្រ​កម្ពុជា​ ដោយបាន​ដាក់​លិខិត​ជូន​ទៅថ្នាក់​ឃុំ​ ថ្នាក់​ស្រុក​ និង​បន្ត​ទៅថ្នាក់​ខេត្ត​ ​ប៉ុន្តែ​រហូតមក​ដល់​ពេលនេះ ជាងមួយឆ្នាំ​ហើយ​ លិខិតស្នើសុំ​របស់​ពួកគាត់​នៅ​ភូមិ​ប្រឡាយ​ ឃុំ​ប្រឡាយ​ ស្រុក​ថ្មបាំង​ នៅជាប់ត្រឹមថ្នាក់​ឃុំ​នៅឡើយ​ ដោយ​ឃុំ​ពុំ​ព្រម​ចុះ​ហត្ថលេខា​ ដើម្បី​ឲ្យ​ពួកគាត់បាន​បន្តនីតិវិធី​ទៅ​ថ្នាក់​ស្រុក​ និង​ថ្នាក់​ខេត្តទេ។

ញត្តិ​របស់​ក្រុមប្រជាពលរដ្ឋ​បាន​សរសេរក្នុង​ន័យដើម​បន្តថា៖​

«ឃុំ និង​ស្រុក​បាន​យក​លេស​ថា យើង​ខ្ញុំ​មិនមែន​ជា​ជនជាតិដើម​ភាគតិច​ជង​ យើង​ខ្ញុំ​មិនមាន​ភាសា​ដែលបញ្ជាក់ថា​ យើង​ជា​ជន​ជាតិ​ភាគតិច​ដើមជង​ អាជ្ញាធរ​ខ្លាចថា​ ពេល​ដែល​ពលរដ្ឋ​ទទួលបានសិទ្ធិ​ជា​ជនជាតិ​ដើម​ភាគតិច​ហើយ​ មិនអាច​លក់​ដូរ​ដីធ្លីបាន​។​ និង​ហេតុផល​ជាច្រើន​ផ្សេងៗ​ទៀត​ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ឯកសារ​យើង​ខ្ញុំ​ មិន​អាច​បញ្ជូន​ដល់​ថ្នាក់​ខេត្ត​ និង​បន្ត​ទៅថ្នាក់​ក្រសួងបាន»។

ក្រុម​ប្រជាពល​រដ្ឋ​បាន​បញ្ជាក់​ឲ្យដឹង​បន្ថែម​ក្នុងញត្តិ​របស់​ពួកគាត់​ថា​ ​ចំណែក​ លិខិត​ស្នើសុំ​ស្វ័យ​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​របស់​ភូមិ​ជំនាប់​ ​ឃុំ​ជំនាប់​ ​នៅ​ជាប់​ត្រឹមរដ្ឋបាល​ខេត្ត​ ដោយ​មិន​ទទួល​បាន​ព័ត៌មាន​អ្វីទាំង​អស់។​

ក្រុម​ប្រជាពល​រដ្ឋ​ ​ក៏​បាន​ស្នើសុំ​ស្ថាប័ន​ពាក់​ព័ន្ធ​ផ្សេង​ៗ​ ឲ្យជួយ​អន្តរាគមន៍​ ​ឲ្យ​ថា្នក់​ឃុំ​ ​ថ្នាក់​ស្រុក​ និង​អាជ្ញាធរ​ដែល​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ឲ្យគោរព​នូវតួនាទី​ ​និង​ការ​គោរ​ពនូវ​ការ​សម្រេច​ចិត្ត​របស់​ពួក​គាត់​ ​ដែល​ជាពលរដ្ឋ​ជនជាតិ​ដើមភាគតិច​ ហើយបន្តនីតិវិធី​ជូនពួក​គាត់​ ​ដើម្បី​ឲ្យ​ចុះមក​វាយ​តម្លៃ​ និង​ផ្តល់​សិទ្ធិ​ជា​ជនជាតិ​ដើម​ភាគតិច។​

លោក​ ហ៊ឹង ពៅ តំណាង​ជនជាតិដើម​ភាគតិច​ជង​ និងជា​អនុប្រធាន​សហគមន៍​ស្ទឹង​អារ៉ែង​ ប្រាប់​ VOA​ នៅ​ថ្ងៃពុធនេះ​ថា​ ក្រុម​ប្រជាពលរដ្ឋ​នឹង​ទទួបាន​ផលប្រយោជន៍​ខាង​សង្គម​ និង​វប្បធម៌​ជាច្រើន​ ប្រសិន​បើ​ពួកគេ​ ទទួល​បានការ​បញ្ជាក់​អត្តសញ្ញាណ​ជា​ជន​ជាតិ​ដើមភាគ​តិចជង​ពេញច្បាប់នោះ​។ លោក​មានប្រសាសន៍​ថា៖

«បាទវាអាហ្នឹង​វាចំណេញ​របស់​យើង​ច្រើន​ ទីមួយ​យើង​អាច​ជួយអភិរក្ស​ពូជសាសន៍​ អម្បូរ​ជង​របស់​យើងហ្នឹងឲ្យបាន​យូរអង្វែង​ ដើម្បី​ក្មេង​ជំនាន់​ក្រោយ​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​អីគាត់​ចង់​ឃើញថា​ ជន​ជាតិ​ដើមភាគតិច​ជងហ្នឹង​ គាត់​រស់​នៅរបៀបម៉េច​ ម៉េចៗចឹង​។ ហើយមួយ​ទៀត​ យើង​ក៏ជួយ​បាន​ អភិរក្សនូវ​ធនធាន​ធម្មជាតិ​ព្រៃឈើ​ ព្រោះយើង​រស់​នៅ​តំបន់​ភ្នំស្រាប់​»។

លោក​ អះអាង​ថា​ ការស្នើ​សុំ​បញ្ជាក់​អត្តសញ្ញាណ​ជា​ ជនជាតិ​ដើមភាគតិច​ជង​នេះ​ មិនជាប់​ទាក់ទង​នឹង​ការស្នើរបស់​អាជ្ញាធរ​ក្នុងឃុំជំនាប់​ ស្រុកថ្មបាំង ​ដែល​បាន​សុំ​ឲ្យពលរដ្ឋ​សហគមន៍រុះរើទី​ស្នាក់ការ​សហគមន៍​ស្ទឹង​អារ៉ែង​នោះ​ទេ​។

លោក​ថ្លែងបញ្ជាក់​ថា៖

«គោល​បំណង​របស់​យើង​ហ្នឹង​ បើសិន​ជា​យើង​បាន​ចុះបញ្ជី​បាន​ដោយ​ជោគជ័យ​ វាដូច​ជា​ យើង​មាន​សិទ្ធិនូវការ​ រស់​នៅ​ដោយ​ពេញច្បាប់​ ហ្នឹង​ហើយ​ ច្បាប់ទទួល​ស្គាល់​ពួកយើង​ ជាជន​ជាតិ​ដើម​ភាគ​តិច​ ហើយ​យើង​មាន​លក្ខណៈ ​ជាសិទ្ធិពិសេស​មួយ​រហូតដល់​សិទ្ធិ​ធ្វើ​ ចម្ការ​វិល​ជុំ​អីហ្នឹង​បាទ​ ហើយ​សិទ្ធិ​ចុះបញ្ជី​ដី​ជា​សមូហភាព​ អាហ្នឹង​បាន​»។

VOA មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ អន សុធារិទ្ធ​ អភិបាល​ស្រុក​ថ្មបាំង​ បាន​ទេ ដោយ​ទូរសព្ទ​លោក​រោទិ៍​ តែគ្មាន​អ្នកទទួល។

ចំណែក​ លោក​ ​លាភ​ សំណាង​ ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​នៃក្រសួង​អភិវឌ្ឍន៍​ជនបទ​ បានប្រាប់​អ្នកដាក់​ញត្តិ នៅក្រៅក្រសួង​ថា​ លោក​នឹង​នាំយក​ញត្តិជូនទៅលោក​រដ្ឋមន្ត្រី ដើម្បី​ពិចារណា​ និង​ធ្វើ​ការ​ឆ្លើយតប​។

«​នឹង​មើលសិន​ ហើយ​នឹង​ខ្ញុំ​យក​ជូន​ ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​សិន​ ម៉េចៗ​គាត់​ទទួល​ យ៉ាង​ម៉េច​នឹង​ដោះ​ស្រាយ​ និង​ឆ្លើយជូន»។

ក្រុមអង្គការ​សង្គមស៊ីវិល​ដែលធ្លាប់​ចុះទៅធ្វើការ​ក្នុងសហគមន៍​អារ៉ែង​ និង​មន្ត្រី​សិទ្ធិមនុស្ស​នៅ​ខេត្ត​កោះកុង​ បាន​ឲ្យដឹង​កាលពី​ពេលកន្លងមក​ថា​ ប្រជាពលរដ្ឋក្នុង​សហគមន៍​អារ៉ែង​ មានភាព​សកម្ម​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​ទំនប់វារី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​។ ​សកម្មភាព​រារាំង​នេះ​ ក៏បាន​ធ្វើ​ឲ្យ​សកម្មជន​ការពារ​តំបន់​អារ៉ែង​ រងការ​ចាប់ឃុំខ្លួន​ ហើយ​ដោះលែង​មក​វិញ​ តែនៅ​ជាប់​ឈ្មោះ​ជា​ជន​មាន​ពិរុទ្ធភាព​នៅឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG