សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​មន្ត្រី​ដែល​គំរាម​ឬ​បំភ័យ​អ្នក​សារព័ត៌មាន

រូបឯកសារ៖ មន្ត្រីមូលដ្ឋានម្នាក់កំពុងយាមសន្តិសុខនៅក្បែររបងបិទផ្លូវមួយ ក្នុងអំឡុងពេលបិទខ្ទប់ដើម្បីប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២១។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ការពារ​សិទ្ធិ​មនុស្ស​និង​សេរីភាព​សារព័ត៌មាន​ចំនួន ​៧ ​កាល​ពី​ថ្ងៃ​ព្រសហ្បតិ៍ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​ ឬ​មន្ត្រី​មូលដ្ឋាន​ដែល​បាន​គំរាមកំហែង​ បំភិតបំភ័យ ​ឬ​រំខាន​ដល់​ការ​បំពេញ​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន ដើម្បី​ធានា​ថា ​អ្នក​សារព័ត៌មាន​អាច​បំពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ប្រសិទ្ធភាព​បាន ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​គ្រប់ជ្រុងជ្រោយ​ដល់​ប្រជាពលរដ្ឋ។

ការ​អំពាវនាវ​នេះ​ ធ្វើ​ឡើង​ ក្រោយ​ពី​មាន​របាយការណ៍​ក្នុង​សប្តាហ៍​នេះ​ថា ​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​បម្រើ​ការងារ​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​យ៉ាង​តិច​ចំនួន​ ២ ​គឺ ​វីអូឌី និង​សារព័ត៌មាន​TN Hotnews បាន​រង​ការ​គំរាម​និង​ការ​រំខាន​ពី​អាជ្ញាធរ​និង​បុគ្គល​មួយ​ចំនួន ក្នុង​ពេល​អ្នក​សារព័ត៌មាន​ទាំង​នោះ​ចុះ​បំពេញ​កិច្ចការ​យក​ព័ត៌មាន​របស់​ពួកគេ។

សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុម​អង្គការ​សង្គុម​ស៊ីវិល​ទាំង​ ៧ ​ដែល​រួម​មាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​និ ង​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជាជា​ដើម បានចាត់ទុកការ​រំខាន​លើ​អ្នក​សារព័ត៌មាន​ទាំង​នោះ​ថា​ជា ​«ការរំលោភ​សិទ្ធិ​សេរីភាព ​និង​បំពាន​ដល់​ការ​អនុវត្ត​តួនាទី​របស់​អ្នក​សារព័ត៌មាន​យ៉ាង​ធ្ងន់ធ្ងរ»។

លោក ណុប វី នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា​ខេមបូចា បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​ថា៖ «សកម្មភាព​ទាំង​អស់​នោះ គឺ​ជា​ការ​គំរាមកំហែង​ ជ្រៀតជ្រែក...ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឆន្ទៈ​របស់​ប្រមុខ​រដ្ឋាភិបាល ​ក្នុង​ការ​យក​អ្នក​សារព័ត៌មាន​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​រដ្ឋាភិបាល»។

កាល​ពី​ថ្ងៃ​ទី​ ៣ ​ខែ​ឧសភា ​ដែល​ជា​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​អ្នក​សារព័ត៌មាន​ថា​ ជា​ដៃគូ​«មិន​អាច​ខ្វះ​បាន»របស់​រដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិ៕