រដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មការអន្តរក្រសួងដ៏ធំមួយ ដើម្បីចាត់ចែងពិធីសម្ភោធ «វិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ» និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលដែល VOA បានទទួល។
វិមាន«នយោបាយឈ្នះ ឈ្នះ» នេះ កំពុងត្រូវបានសាងសង់នៅតំបន់អភិវឌ្ឍន៍លី យ៉ុងផាត់ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ លើផ្ទៃដី៨ហិកតា។ ការសម្ភោធវិមានឈ្នះ ឈ្នះនេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីក្រុមមន្ត្រីនៃកងទ័ពកម្ពុជា។
សេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សកាន់អំណាចនៅថ្ងៃទី៥ ខែតុលាឆ្នាំ២០១៨ បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងនេះ មានប្រធាន អនុប្រធាន និងសមាជិកចំនួនសរុប៧០នាក់។
លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានចាត់តាំងជាប្រធាននៃគណៈកម្មការនេះ ហើយរដ្ឋមន្ត្រីចំនួន៥រូប ត្រូវបានចាត់តាំងជាអនុប្រធាន ដែលរួមមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អ្នកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
កូនប្រុសទាំងបីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមមានឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិនិងលោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រ ស្ថិតក្នុងចំណោមសមាជិកនៃគណៈកម្មការអន្តរក្រសួងនេះ។
នាយឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រាប់ VOA នៅថ្ងៃអង្គារនេះថា វិមានឈ្នះ ឈ្នះ នេះ មានអត្ថន័យជ្រាលជ្រៅសម្រាប់ប្រជាជាតិកម្ពុជា និងក៏បានបង្ហាញពីការលះបង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការរំដោះកម្ពុជាពីរបបខ្មែរក្រហម និងការបញ្ចប់សង្គ្រាមក្នុងស្រុកទាំងស្រុងកាលពីឆ្នាំ១៩៩៨ បន្ទាប់ពីការដកចេញកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅឆ្នាំ១៩៩៣។
លោកមានប្រសាសន៍ថា៖
«អត្ថន័យវាមានធំធេងណាស់ ចំពោះមិនថា ប្រទេស មិនថាប្រជាពលរដ្ឋយើងទេ គឺអានេះជាអត្ថន័យមួយថា យើងបញ្ចប់សង្គ្រាមស៊ីវិលបាន ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ អ៊ីចឹង ទាំងប្រជាពលរដ្ឋកម្ពុជាយើង ដែលយើងកន្លងមក យើងបង្ហូរឈាមគ្នានៅក្នុងការច្បាំងគ្នាជាមួយខ្មែរក្រហមហ្នឹង គឺថា ពេលដែលអ៊ុនតាក់ចេញទៅហ្នឹង យើងមិនទាន់បានសន្តិសុខទាំងស្រុងទេ គឺនៅមានការប្រទាញប្រទង់រវាងខ្មែរក្រហម ហើយនិងខាង យើងរដ្ឋាភិបាល។ អ៊ីចឹងហើយ ដាក់ចេញគោលនយោបាយឈ្នះ ឈ្នះ ឈ្នះហ្នឹងមក រហូតដល់យើងបានជោគជ័យ ធ្វើការបង្រួបបង្រួមខ្មែរក្រហម ឲ្យចូលជាមួយរាជរដ្ឋាភិបាល ហើយបង្កើតនូវតំបន់សុខដុមរមនា រស់នៅដោយជួបជុំគ្នាដោយគ្មានការបង្ហូរឈាម»។
លោក ឈុំ សុជាតិ អះអាងថា វិមានឈ្នះ ឈ្នះ ដែលនឹងត្រូវសង់រួចរាល់មុនពេលសម្ភោធក្នុងខែធ្នូខាងមុខនោះ នឹងក្លាយជាទីតាំងសម្រាប់ពិភពលោកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីដំណើរកសាងសន្តិភាពនៅកម្ពុជាផងដែរ។
លោកមានប្រសាសន៍ថា៖
«បើជាសាកល យើងឃើញថា អាចនិយាយថា ជាបទពិសោធន៍មួយថ្មី ហើយល្អណាស់ ដែលប្រទេសនានាគេចង់បាន គេមកទស្សនកិច្ច និងចង់មករៀនសូត្រពីយើង ព្រោះនិយាយពីសង្គ្រាមសព្វថ្ងៃហ្នឹង សង្គ្រាមគ្រប់កន្លែងហ្នឹង មានការ ដូចជាមិនទាន់បាន ជោគជ័យដូច ដូចនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោទេ...កន្លែងខ្លះ ដូចជាមិនទាន់ដោះស្រាយចេញទេ សង្គ្រាមនៅមានការបង្ហូរឈាមគ្នា កាប់សម្លាប់គ្នានៅឡើយ»។
ពេលដែល VOA សួរទាក់ទិននឹងការចំណាយថវិកាសាងសង់វិមានឈ្នះ ឈ្នះនោះ លោក ឈុំ សុជាតិ បដិសេធមិនធ្វើការអធិប្បាយ ដោយលោកបានត្រឹមតែបញ្ជាក់ថាវាត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិការបស់សប្បុរសជន។
អ្នកសង្កេតការណ៍នយោបាយក្នុងប្រទេសកម្ពុជាមួយចំនួន បដិសេធមិនផ្ដល់ការអធិប្បាយលើការសាងសង់វិមានឈ្នះ ឈ្នះនេះ។
ក៏ប៉ុន្តែលោក រ៉ុង ឈុន ដែលជាអតីតសមាជិកមួយរូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការសាងសង់វិមានឈ្នះ ឈ្នះ របស់រដ្ឋាភិបាល មិនបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែងនៅកម្ពុជានោះទេ ដោយហេតុថា កម្ពុជាមិនមានសង្គ្រាមពិតមែននាពេលបច្ចុប្បន្ននេះ តែមានការព្យាបាទខាងនយោបាយ និងការរំលោភបំពានសិទ្ធិមនុស្ស ដែលបានធ្វើឲ្យប្រទេសនេះរងការថ្កោលទោសជាលក្ខណៈអន្តរជាតិផងដែរ។
លោកប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖
«បើយើងនិយាយថា ភាពឈ្នះ ឈ្នះ អាហ្នឹងវាដល់តែឈ្នះទាំងអស់គ្នា។ ហើយដល់ បើយើងមើលស្ថាន[ភាព] ឆ្លុះបញ្ចាំងនូវស្ថានភាពសព្វថ្ងៃហ្នឹង នៅក្នុងសង្គមកម្ពុជាយើងហ្នឹង ដែលកំពុងតែមានវិបត្តិ នយោបាយ សព្វបែបយ៉ាង។ អន្តរជាតិថ្កោលទោស ជារៀងរាល់ថ្ងៃ នៅរាល់អង្គប្រជុំអីណាមួយនៅលើឆាកអន្តរជាតិហ្នឹង តែងតែមានការបាតុកម្ម ការទាមទារ ធ្វើម៉េចឲ្យកម្ពុជាហ្នឹងមានការគោរពសិទ្ធិមនុស្ស មានប្រជាធិបតេយ្យដ៏អ៊ីចឹងទៅ វាមិនឆ្លើយតបទៅនឹងអ្វីដែលកើតនៅក្នុងសង្គមកម្ពុជា បច្ចុប្បន្ននេះទេបាទ»។
សហភាពអឺរ៉ុប ដែលជាទីផ្សារធំបំផុតសម្រាប់ទំនិញកាត់ដេររបស់កម្ពុជា បានទុកពេលឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ រយៈពេលមួយឆ្នាំដើម្បីស្តាឡើងវិញនូវការធ្លាក់ចុះធ្ងន់ធ្ងរនៃប្រព័ន្ធប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីបញ្ចៀសការបាត់បង់ឋានៈអនុគ្រោះពន្ធតាមប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» ហៅកាត់ថា EBA។
ចំណាត់ការរបស់សហភាពអឺរ៉ុបទៅលើការដកប្រព័ន្ធអនុគ្រោះពន្ធនេះ កើតមានឡើង ក្រោយពីមានការបង្ក្រាបលើអ្នកនយោបាយគណបក្សប្រឆាំង ការគាបសង្កត់អង្គការសង្គមស៊ីវិលដែលទទួលថវិកាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន រួមទាំងការរំលោភសេរីភាពផ្សេងៗជាច្រើនទៀត មានដូចជាការរំលោភសិទ្ធិដីធ្លីជាដើម។
យ៉ាងណាក៏ដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងទៀតថា ពិធីសម្ភោធ«វិមានឈ្នះ ឈ្នះ»និងការអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា នឹងត្រូវរៀបចំឡើងក្នុងរយៈពេលបីថ្ងៃ នាចុងខែធ្នូខាងមុខនេះ។
លោករំពឹងថា នឹងមានមនុស្សរាប់ម៉ឺននាក់មកពីគ្រប់មជ្ឈដ្ឋាន ចូលរួមពិធីអធិកអធមនេះ ដើម្បីទស្សនារូបសំណាក និងវត្ថុអនុស្សាវរីយ៍នានាក្នុងវិមានឈ្នះ ឈ្នះ និងកម្សាន្តជាមួយកម្មវិធីសិល្បៈជាច្រើនទៀតផងដែរ។
លោកបញ្ជាក់បន្ថែមថា មិនមានការធ្វើព្យុហយាត្រាយោធា ក្នុងអំឡុងនៃការសម្ពោធវិមានប្រវត្តិសាស្ត្រនេះទេ។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងការសម្ភោធវិមានឈ្នះ ឈ្នះនេះ៕