ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកវិភាគ​បង្ហាញ​គំនិត​ខ្លះ​ពេល​ លោក​ ហ៊ុន សែន ​ថា​ជប៉ុន​ជា​គំរូ​លទ្ធិ​ប្រជាធិប​តេយ្យ


ទង់ជាតិ​នៃប្រទេសជប៉ុន

នៅក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ Kyodo News​ របស់​ជប៉ុន កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍មុន​ ក្នុងពេល​លោក​ចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល ​មេគង្គ ​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ ​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា ប្រទេស​ជប៉ុន​ជា​គំរូ​ប្រជាធិបតេយ្យ​ ដែល​យើង​គួរ​រៀនសូត្រ។

ក្រុមអ្នក​វិភាគ​បង្ហាញ​គំនិតខ្លះ​ ពេល​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ដែល​សរសើរ​ថា ​ជប៉ុន​ជាគំរូ​ប្រជាធិបតេយ្យ​សម្រាប់​កម្ពុជា។​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ថ្លែង​ដូច្នេះ​ស្របពេល​លោក​ បាន​អញ្ចើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ ​ជប៉ុន ជាមួយ​មេដឹកនាំ​ប្រទេស​តាមដង​ទន្លេមេគង្គ​ផ្សេង​ទៀត។

ក្រោយការ​ប្រកាស​អះអាង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដែល​បាន​សរសើរ​ថា ប្រទេស​ជប៉ុន ជា​គំរូ​ប្រជាធិបតេយ្យ​ ដែល​កម្ពុជា ត្រូវ​រៀនសូត្រ​នោះ ក្រុមអ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា បាន​អះអាង​ថា ប្រជាធិបតេយ្យ​ជប៉ុន គឺ​ជា​ប្រជាធិបតេយ្យ ​ទទួល​បាន​ជោគជ័យ​នៅ​អាស៊ី​ ដែល​អាច ជួយ​ដល់​ស្ថានការណ៍​កម្ពុជា​ឲ្យ​មាន​ការប្រែប្រួល​ទៅ​ថ្ងៃ​ក្រោយ។

នៅក្នុង​កិច្ចសម្ភាសន៍​ផ្តាច់មុខ​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​ Kyodo News​ របស់​ជប៉ុន កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍មុន​ ក្នុងពេល​លោក​ចូលរួម​ក្នុងកិច្ច​ប្រជុំកំពូល ​មេគង្គ ​ជប៉ុន ក្នុង​ទីក្រុង​តូក្យូ ​លោក​ នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​បញ្ជាក់​ថា ប្រទេស​ជប៉ុន​ជា​គំរូ​ប្រជាធិបតេយ្យ​ ដែល​យើង​គួរ​រៀនសូត្រ។​ ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​បានដក​ស្រង់ ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា​មក​បញ្ជាក់​តាមខ្លឹមសារ​ដើម​ថា៖

«ខ្ញុំ​តែង​តែ​សម្លឹង​មើល​ទៅ​កាន់​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន​ក្នុង​តំបន់​ និង​ជុំវិញ​ពិភពលោក ​ដែល​ខ្ញុំ​អាច​រៀន​សូត្រ​ពី​គេ អំពី​ទិដ្ឋភាព​នយោបាយ​និង​សេដ្ឋកិច្ច។​ ជាពិសេស និង​ជានិច្ចកាល​ ជប៉ុន​មាន​ស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ ហើយ គឺ​ជា​គំរូនៃ​លទ្ធិប្រជាធិប​តេយ្យ​ពិត​ប្រាកដ‍»។

លោក​ បណ្ឌិត ​ឈាង វណ្ណារិទ្ធិ​អ្នកវិភាគ​និង​អ្នក​ស្រាវជ្រាវ​កិច្ចការ​តំបន់ ​បាន​កត់ សំគាល់​ ពី​ភាព​ជោគជ័យ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ជប៉ុន​គឺ​ដោយសារ​មានការ​ចូលរួម ឲ្យ​តម្លៃ​និង​អនុវត្តន៍​លទ្ធិប្រជាធិប​តេយ្យ​ពិតប្រាកដ​ ទាំង​ថ្នាក់​ដឹកនាំ​និង​ប្រជាពលរដ្ឋ។

«ហើយ​កត្តា​ដែលនាំ​ឲ្យមាន​ភាព​ជោគជ័យ​នៃលទ្ធិ​ប្រជាធិបតេយ្យ​ហ្នឹង​ គឺទី១​ ទាក់ទង នឹង​កត្តា​អ្នកដឹកនាំ ​គឺអ្នក​ដឹកនាំ​ហ្នឹង​គាត់​យល់​អំពី​តម្លៃ​នៃលទ្ធិ​ប្រជាធិបតេយ្យ​ ហើយ ជំរុញ​លទ្ធិប្រជាធិបតេយ្យ ​ហើយកត្តា​ទី២​ គឺកត្តា​ប្រជាជន​គឺ​ថា​នៅ​ពេល​ដែល​ថ្នាក់ ដឹកនាំ​គាត់ឲ្យ​តម្លៃ​គោរព​លទ្ធិប្រជាធិបតេយ្យ​ទៅ ​ប្រជាជន​គាត់យល់​អំពីតម្លៃ​ ប្រជា ធិបតេយ្យ​ ហើយគាត់​ក៏ជំរុញ​នូវការ​គោរព​លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​យូរអង្វែង‍»។

លោក​ ឈាង វណ្ណារិទ្ធិ ​បានបន្ថែម​ប្រាប់ ​VOA ថា​ ស្ថិរភាព ​ការអភិវឌ្ឍន៍​និង ​ការអប់រំ ក៏ចូលរួម​ចំណែក​ដ៏សំខាន់​ក្នុងដំណើរការ​ប្រជាធិបតេយ្យ​ផងដែរ។

«ប្រសិន​បើ​ប្រជាជន​អត់មាន​ចំណេះ​ដឹងជ្រៅជ្រះ​ លទ្ធិប្រជាធិបតេយ្យ​ហ្នឹង​ អាចក្លាយ ជាឧបករណ៍​របស់​អ្នកនយោបាយ​ វាទៅជា​ប្រជាធិបតេយ្យ ​មានលក្ខណៈ​ជា ប្រជាភិថុត ​ដែល​ឥឡូវ​កំពុង​រីករាលដាល​ជុំវិញពិភព​លោក​ហ្នឹង ​ដោយសារ​តែអ្នក នយោបាយ​យក​លទ្ធិប្រជាធិបតេយ្យ​ធ្វើជាឈ្នាន់ ​ឬ ជាឧបករណ៍​ដើម្បី​មហិច្ឆិតា អំណាច​របស់ខ្លួន។​ នេះក៏ជា​ករណី​គ្រោះថ្នាក់​មួយដែរ ​ដល់លទ្ធិ​ប្រជាធិបតេយ្យ។ ​ប៉ុន្តែ​ដល់​ប្រជាជន​គាត់យល់​ច្រើន​អំពីការ​ទទួល​ខុសត្រូវ​របស់គាត់ ​គាត់យល់​អំពីការ​ចូល​រួមពីការ​ទទួល​ខុសត្រូវ​របស់រដ្ឋ ​និង​ការទទួល​ខុសត្រូវ​របស់​ប្រជាជន ​អញ្ចឹង​ទៅ​ធ្វើ ឲ្យការ​ចេះដឹង​របស់​គាត់ហ្នឹង​មិនអាច​ឲ្យអ្នក​នយោបាយ​ទៅបោក​គាត់បាន‍»។

បន្ថែម​ពីលើនេះ​ អ្នកវិភាគ​កិច្ចការ​តំបន់ ​គឺលោក​ ឈាង វណ្ណារិទ្ធ ​បានអះអាង​ថាកម្ពុជា ត្រូវការ​ពេល​ដើម្បី​ពង្រឹង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ​និង ​នីតិរដ្ឋ​ដែលលោក​មើល ឃើញថា​នៅខ្វះយន្តការ ​ស្ថាប័ន​រឹងម៉ាំ​ ខ្វះការ​ជឿទុកចិត្ត​គ្នារវាង​អ្នក​នយោបាយ​ ជា​ដើម។

«ហើយ​យើង​មើល​ប្រវត្តិសាស្ត្រ​កម្ពុជាមក ​ការផ្លាស់​ប្តូរថ្នាក់​ដឹកនាំ​ពីមួយ​ទៅមួយ​ហ្នឹង ភាគច្រើន​គឺមាន​ការ​បង្ហូរឈាម​ ហើយ​នឹង​មាន​អំពើហិង្សា។​ អញ្ចឹងទេ​អាហ្នឹង​ គឺជា កត្តា​ប្រវត្តិសាស្ត្រ ​ហើយនឹង​កត្តា​ស្ថាប័ន​ ព្រោះថា​នយោបាយ​កម្ពុជា​ភាគច្រើន​ពឹង ទៅលើ​បុគ្គល​ អត់ពឹង​ទៅលើ​ស្ថាប័នទេ ​ហើយបើ​យើងប្រៀប​មើល​ទៅលើ​ជប៉ុន​គឺ ស្ថាប័ន​ជារឿង​សំខាន់។​អញ្ចឹងទេ​គណបក្ស​ណាឈ្នះ​កាន់អំណាច​ក៏ដោយ ​ក៏អត់​ធ្វើ ឲ្យមាន​សង្គ្រាម​ដែរពីព្រោះ​ស្ថាប័ន​នៅតែ​នឹងនរ ​ប្រព័ន្ធ​គ្រប់គ្រង​នៅតែ​នឹងនរ ​គ្រាន់តែ ប្តូរថ្នាក់​ដឹកនាំពី​លើទេ‍»។

លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្រែល បានអះអាង ពីភាពខ្លាំងរបស់លទ្ធិប្រជាធិបតេយ្យ​ជប៉ុន​ និង ​ការលះបង់​របស់​មេដឹកនាំ​និងអ្នក នយោបាយ​ជប៉ុន ​ដែល​លោកថា​ជប៉ុន​គឺជា​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិប​តេយ្យ លេចធ្លោរ​ជាងគេ​មួយក្នុង​តំបន់​អាស៊ី ​និង ​មាន​ជោគជ័យ។

«នៅប៉ុន​គឺថាគេ​មានការ​គោរព​តួនាទី​គណបក្ស​ប្រឆាំង​ខ្លាំងណាស់ ​ហើយ​នៅក្នុង​រដ្ឋ សភាគេ​គឺថា​ គេមាន​ឳកាស​ឲ្យគណបក្ស​ប្រឆាំង​មានការ​ដេញដោល​ទៅ​គណបក្ស កាន់អំណាច​ជាពិសេស​ទៅនាយក​រដ្ឋមន្ត្រី​ហ្នឹង​ជាទៀង​ទាត់ ​ហើយ​មេដឹកនាំ​នៃគណ បក្ស ​មួយៗ​គឺថា​គេមាន​មនសិការ​ខាង​នយោបាយ​ហ្នឹងខ្ពស់​ណាស់។​ នៅពេល​ណា ដែល​គេបញ្ចេញ​សំដីឬ​ក៏បញ្ចេញ​អកប្បកិរិយា​អ្វីដែល​ធ្វើឲ្យ​ប៉ះពាល់​ប្រជាប្រិយ​របស់ បក្សគេ ​ចុះឥទ្ធិពល​នយោបាយ​របស់បក្ស​គេហ្នឹង ​គឺថា​គេលាលែង​ដោយឆន្ទះ​របស់ គេតែម្តង​ ដូចថា​គេអត់​ទៅ​ប្រើប្រាស់​អំណាច​រំលោភ​ទៅលើ​គណបក្ស​នយោបាយ ទៅលើ​រដ្ឋ​ដើម្បី​រក្សា​អំណាច​ខ្លួនទេ​គឺថាគេ​មាន​មនសិការ​ខ្ពស់ណាស់ ​មេដឹកនាំ​គណ បក្ស ​របស់​គេមួយៗ​ហ្នឹង‍»។

លោក ​បានបង្ហាញ​ពីគ្រោះថ្នាក់​សម្រាប់​កម្ពុជា ​នៅពេល​លទ្ធិប្រជាធិបតេយ្យ ​ធ្លាក់ចុះ។

«ប៉ុន្តែយើង​ជួបហានិភ័យ​ខ្ពស់ទៀត​នៅពេល​ដែលយើង​យកប្រទេស​យើងហ្នឹង​ត្រឡប់ ទៅវិញ​ ត្រឡប់​ទៅមិន​គោរព​សិទ្ធិមនុស្ស​ មិនគោរព​លទ្ធិប្រជាធិបតេយ្យ​ ត្រឡប់​ទៅ បក្សមួយ​ដឹកនាំ​ប្រទេស​ដូចប្រទេស​ចិននោះ ​វាអាចនាំ​ឲ្យប្រទេស​យើង​កើតឡើង​នូវ បញ្ហាអស្ថិរភាព​ឡើងវិញ​ ហើយអាច​មានលទ្ធភាព​កើតឡើង​នូវជម្លោះ ​នយោបាយ ធ្ងន់ធ្ងរ​ឡើងវិញ ​បើសិនជា​យើងមិន​រក្សាអ្វី​ដែលយើង​បានធ្វើ​ហើយតាំង​ពីឆ្នាំ ​១៩៩៣ មក។ ​ប៉ុន្តែ​ ខ្ញុំនៅមាន​ជំនឿព្រោះ​ដំណើរការ​ប្រជាធិបតេយ្យ។​ ប្រជាធិបតេយ្យ ​វាគ្រាន់ តែជា​ដំណើរការទេ​ វាអាច​កែប្រែបាន​ វាមិនមែន​ថាមិនអាច​កែប្រែ​បានទេ ​វាមាន ព្រោះ​យើងមាន​គោលការណ៍​ហើយក្នុង​រដ្ឋធម្មនុញ្ញ​យើងគឺ ​គោលការណ៍​សេរីនិយម ពហុបក្ស ​ការគោរព​សិទ្ធិមនុស្ស​ដែលមិន​អាច​កែប្រែ​បាន ​អញ្ចឹងទៅ​បើសិន​ជាអ្នក នយោបាយ​ មេដឹកនាំ​រដ្ឋាភិបាល​ គណបក្ស​កាន់អំណាច ​គណបក្ស​ប្រឆាំង​អី ​ហើយ នឹង​ការចូលរួម​ចំណែកពី​សហគមន៍អន្តរជាតិ ​ជាពិសេស​អ្នកដែល​ប្រកាន់​របប ប្រជាធិបតេយ្យ​ត្រឹមត្រូវ​ចូលរួម​ចំណែក​ជួយប្រទេស​យើង​ វានឹង​ធ្វើឲ្យ​មានការ​កែប្រែ វិញ​ហើយ​បោះជំហាន​ទៅមុខ​បន្តិចម្តងៗ​ទៅ‍»។

លោក ​គល់ បញ្ញា ​បានបន្ថែម​ប្រាប់ ​VOA ថា ​កម្ពុជា ​បានដាក់​បញ្ចូល​គោល​ការណ៍ ប្រជាធិបតេយ្យ​ជាអន្តរជាតិ​នេះ ​តាំងពី​ជាងពីរ​ទសវត្សរ៍ ​ហើយក្នុង​ច្បាប់កំពូល​របស់ ប្រទេស​ តែសំខាន់​ការអនុវត្តន៍​នៅមាន​បញ្ហា។

«ទាំងអស់​ហ្នឹង​សុទ្ធតែ​ជាគោលការណ៍​ដែលគេ​រៀនសូត្រ​ពីបណ្តា​ប្រទេស ​ដែល ប្រកាន់ ​របប​ប្រជាធិបតេយ្យ ​ពីការ​គោរព​សិទ្ធិនានា ​ជាពិសេស​លោក​ខាងលិច ​នោះ​ឯង​ ដែលគេ​បានដាក់​ចូលក្នុង​កិច្ចព្រម​ព្រៀង​ទីក្រុងប៉ារីស ​គេដាក់​បញ្ចូល ​ហើយគេ បានធ្វើ​សមាហរណកម្ម​ទៅក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង។​ ប៉ុន្តែ​ពេល​យើង​អនុវត្ត​ទេ ដែល​យើង​មាន​បញ្ហា ​ដោយសារអី​ គឺដោយសារ​អ្នកនយោបាយ​យើង​ហ្នឹង​ សុទ្ធតែ អ្នកចាស់ៗ​ធ្លាប់ធ្វើ​ជាមេដឹកនាំ​បែបកុំម្មុយនិស្ត​គឺថា​របៀបចាស់​គឺថាយក ​អំណាច ប្រើប្រាស់​អំណាច​បុគ្គល​ហ្នឹង​ហួសហេតុ ​យើងមិន​បានយក​ច្បាប់​ទម្លាប់ ​គោលការណ៍ អីមកអនុវត្ត​ ម្ល៉ោះហើយ​វាធ្វើឲ្យ​មានការ​លំបាក​ក្នុងពេល​អនុវត្ត ​តាម​ពិតយើង​មាន គោលការណ៍​រួចហើយៗ​គោលកាណ៍​ហ្នឹងយើង​បានយកពី​គោលការណ៍​អន្តរជាតិ‍»។

ទោះជា​យ៉ាងណាក្តី​ នៅឯ​មហាសន្និបាត​ប្រចាំឆ្នាំ ​ដែលជា​វេទិកា​ពិភពលោក​ លោក នាយក​រដ្ឋមន្រ្តី​ហ៊ុនសែន​បានប្រាប់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើកទី ​៧៣ កាលពី​ចុងខែកញ្ញា​ថា​សិទ្ធិមនុស្ស​នាពេល​បច្ចុប្បន្ននេះ​បានក្លាយជា ​"បេសកកម្ម​ដាក់ អារិយធម៌"​ ហើយការ​ដាក់ទណ្ឌកម្ម​បានក្លាយ​ជាអាវុធ​ដ៏ពេញនិយម។​លោក​បានរិះ គន់​ ប្រទេស​លោកខាង​លិចមួយ​ចំនួន​ដែលជ្រៀត​ជ្រែក​កិច្ចការ​កម្ពុជា​ ទាក់ទង​នឹង លទ្ធផល​នៃការ​បោះឆ្នោត។

គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បានកាន់​កាប់ អំណាច​ជាង៣០ឆ្នាំ​ហើយ​ ហើយបន្ត​កាន់អំណាច​៥ឆ្នាំទៀត​ ក្រោយពីការ​ឈ្នះការ បោះឆ្នោត​ទាំង១២៥ ​អាសនៈ​ក្នុងរដ្ឋសភា ​កាលពី​ថ្ងៃទី២៩​ កក្កដា ​ឆ្នាំ២០១៨។ ​ការ បោះឆ្នោត​ចុងក្រោយ​នេះ ​មិនត្រូវ​បាន​ស.រ.អា​ និង ​សហភាព​អឺរ៉ុប​ ទទួល​ស្គាល់ លទ្ធផល​ទេ​ ហើយ​ថែមទាំង​កំពុង​ពិចារណា​ ព្យួរការ​អនុគ្រោះពន្ធ​នាំចូល​ទំនិញ គ្រប់យ៉ាង​ លើកលែង​តែអាវុធ។​ ការមិន​ទទួល​ស្គាល់​លទ្ធផល​នៃការ​បោះឆ្នោត​នេះ​គឺដោយសារ ​មានការ​ចោទប្រកាន់​ថាការ​បោះឆ្នោត​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ ​និង​សេរី ​ត្រឹមត្រូវ ​គ្មានវត្តមាន​គណបក្ស​ជំទាស់​ដ៏ធំគឺ​គណបក្ស​សង្គ្រោះជាតិ​ ដែល​មាន​កម្លាំង​ប្រកួត​ប្រជែង​ ប្រហាក់​ប្រហែល​នឹងគណបក្ស​កាន់អំណាច​ ហើយ​ត្រូវ​តុលាការ រំលាយ​មុនការ​បោះឆ្នោត​ មេដឹកនាំ​រងការ​ចោទប្រកាន់​តាមផ្លូវ​តុលាការ​ និង ​ការដក សិទ្ធិធ្វើ​នយោបាយ​ក្រុមជំទាស់​ចំនួន​១១៨ ​ជាដើម​នោះ៕

XS
SM
MD
LG