រដ្ឋាភិបាល​ទទួល​ស្គាល់​ថា​ មាន​ការ​ជួញដូរ​ និង​បង្ខាំង​មនុស្ស​ជា​ច្រើន​ករណី

រូបឯកសារ៖​ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​នឹង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​ស៊ុយអែត លោក Anders Ygeman នៅ​ទីក្រុង Stockholm ប្រទេស​ស៊ុយអែត ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥។ (Reuters)

ក្រោយ​ការ​ចុះ​ពិនិត្យ​ និង​បង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ ការ​បង្ខាំង​មនុស្ស​ និង​ធ្វើ​ទារុណ​កម្ម​លើ​មនុស្ស​ខុស​ច្បាប់ជាដើម​នោះ​ រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា រឿងនេះ​ពិត​ជា​បានកើត​ឡើងមែន។​ នេះបើ​តាម​របាយ​ការណ៍​ចុង​ក្រោយ​មួយ​របស់​ក្រសួង​មហាផ្ទៃ​ចេញ​ផ្សាយ​កាលពី​ថ្ងៃចន្ទ។​

របាយ​ការណ៍​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ទំព័រ​ហ្វេប៊ុករបស់​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ គឺលោក​ ស ខេង​នោះ ​បាន​បង្ហាញ​ថា​ ​ ក្រសួង​បាន​ទទួល​បណ្ដឹង​សរុប​ចំនួន​២៨៩​ករណី​ពី​សាមី​ជន ​សាច់ញាតិ ​ស្ថានទូត​ និង​អង្គការ​អន្តរជាតិ គិត​ចាប់​ពី​ថ្ងៃ​ទី​១៨​ ខែ​សីហា ​ដល់​ថ្ងៃ​ទី១៨ ​ខែ​កញ្ញា ​ឆ្នាំ២០២២ ​ដែល​ករណី​បទល្មើស​ទាំង​អស់​នេះ​កើត​ឡើង​នៅ​ក្នុង​ទឹកដី​កម្ពុជា​ជា​ច្រើនខេត្ត ​រួម​មាន​ខេត្ត​ព្រះ​សីហនុ ខេត្ត​ពោធិ៍សាត់ ​ខេត្ត​ស្វាយរៀង​ ខេត្ត​កោះកុង ​ខេត្ត​ប៉ៃលិន​ ខេត្ត​ឧត្តរមានជ័យ​ ខេត្ត​កណ្ដាល ​ខេត្ត​សៀមរាប​ ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​រាជធានី​ភ្នំពេញ។​

រដ្ឋ​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ លោក​ស ខេង​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថា ក្រោយ​ការ​ចុះ​អនុវត្ត​ ការ​បង្ក្រាប​ជាក់ស្ដែង​ជា​បន្ត​បន្ទាប់តាម​ពាក្យ​បណ្តឹង​ដែល​អាជ្ញាធរ​ទទួល​បាន​ចំនួន​ ​«ប្រមាណ​៩៥​ភាគរយ​គឺ​ជា​ការ​ពិត»។​

ក្រោយ​កិច្ច​ប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​កាល​ពី​ម្សិលមិញ​ លោក​ ស ខេង ​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌​មាន​ថា៖ ​«វិធី​របស់​យើង​មាន​តែ​ប៉ុណ្ណឹង​ទេ​គឺ​ថា​ ជា​គោល​ការណ៍​ធ្វើ​ម៉េច​សង្គ្រោះ​ជនរង​គ្រោះ​ បន្ទាប់​មក​ទៀត​គឺ​ផ្តន្ទាទោស​អ្នក​ពាក់​ព័ន្ធ​ និង​បិទ​អាជីវកម្ម​ខុស​ច្បាប់»។​

លោក​បន្ថែម​ថា​ អ្នក​មិន​ត្រឹមត្រូវ ​ឬ​ខុសច្បាប់មក​ដល់​ប្រទេស​នេះច្រើន​អាច​នឹងរារាំង​ដល់​វិនិយោគ​ទុន​បរទេស​ផ្សេង​ទៀត​ដែល​ត្រឹមត្រូវ។​

នៅ​ឆ្នាំ​ ២០២២ ​នេះ​ កម្ពុជា​ទទួល​បានចំណាត់​ថ្នាក់ទាប​បំផុត​ក្នុង​របាយ​ការណ៍​របស់​អាមេរិក​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស ​ដែល​របាយ​ការណ៍​នេះចង​ក្រង​ព្រឹត្តិ​ការណ៍​ដែល​បានកើត​ឡើង​តាំង​ពី​ដើម​ខែ​មេសា​ ឆ្នាំ​២០២១​ រហូត​ដល់​ចុង​ខែ​មីនា ​ឆ្នាំ​២០២២។​

នៅ​ឆ្នាំ​២០២២​ដដែល​នេះ​ អង្គការ​ពិភព​លោក​ឃ្លាំមើល​ការ​លាង​លុយ​ទុច្ចរិត ​(FATF)​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ប៉ារីស ​បន្ត​ដាក់​កម្ពុជា​ឱ្យ​ស្ថិត​ក្នុង​ «បញ្ជី​ប្រផេះ»​ នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​នៃការ​លាង​លុយ​កខ្វក់។​ គណៈ​កម្មការ​អឺរ៉ុប​ធ្លាប់​បាន​ស្នើ​រំកិល​ចំណាត់​ថ្នាក់​កម្ពុជា​ទៅ​មួយ​កម្រិត​ទៀត​ទៅ​ក្នុង«បញ្ជី​ខ្មៅ»​ ​នៃ​ស្ថាប័ន​នេះ។​

អ្នកនាំ​ពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​លោក​ មាស សុខសេនសាន ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា​ ក្រសួង​មិន​ទាន់​ឃើញប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ និង​វិនិយោគ​នៅ​កម្ពុជា​ ដែល​ផ្តើម​ចេញ​ពី​បញ្ហា​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ការ​បង្ខាំង​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​ខុស​ច្បាប់​ អស់​ទាំងនេះ​នៅ​ឡើយ​ទេ​ ហើយ​ក្រសួង​នៅកំពុង​បន្ត​តាម​ដាន​របាយ​ការណ៍​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ជា​បន្ត​បន្ទាប់។

ក៏​ប៉ុន្តែ​ លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖​ «ប៉ុន្តែ​យើង​មាន​គណៈ​កម្មការ​នៅ​ក្នុង​ការ​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​បង្ក្រាប​ និង​ធ្វើ​យ៉ាង​ម៉េច​ដើម្បី​រំដោះ​ប្រទេស​យើង​ហ្នឹង​ឱ្យ​ចេញ​ពី​បញ្ជីប្រផេះ​ នៅ​ក្នុង​ការ​សម្អាត​សាច់​ប្រាក់»។​

លោក​បន្ថែម​ថា​ បើ​សិនជា​ប្រទេស​មួយ​ត្រូវ​បាន​ដាក់​ឱ្យស្ថិត​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​លាងលុយ​កខ្វក់​ នោះ​ការ​ប៉ះពាល់​នឹង​កើត​ឡើង​លើចរាចរណ៍​ហិរញ្ញ​ប្បទាន និង​ចរាចរណ៍​នៃ​ហិរញ្ញវត្ថុ​អន្តរជាតិ​ ដែល​មានន័យ​ថា​ជំនួញ​ជួញ​ដូរ​ដែល​ប្រើ​ប្រាស់​ហិរញ្ញ​វត្ថុ​ទាំង​អស់​នេះ​នឹង​ប្រឈមមុខ​នឹងហានិភ័យ។​

លោក​បន្ត៖ ​«អ៊ីចឹង​ដៃ​ម្ខាង​ យើង​ខិតខំ​ធ្វើកិច្ច​ការ​កែទម្រង់ ​និង​រដ្ឋបាល​ដើម្បី​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ពេញ​ចិត្ត​ពេញថ្លើម​តាម​រយៈ​គោល​នយោបាយ​សារ​ពើ​ពន្ធ​ និង​បង្ក​លក្ខណៈ​ប្រកួត​ប្រជែង។ ​ចំណែក​ម្ខាង​ទៀត ​យើង​ខិតខំ​ធ្វើជាមួយ​ដែន​សមត្ថកិច្ច​ក្រសួង​ដទៃ​ទៀត​ ចាត់ចែង​ការ​បង្ក្រាប​អី​ហ្នឹង​ ​វា​នឹង​ចូល​រួម​ចំណែក​កែ​លម្អ​ក្នុង​ស្ថាន​ភាព​ដែល​មាន​ការ​លំបាក»។​

«វា​ច្បាស់​ណាស់​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ​យ៉ាង​ច្រើន​ដែល​ពួក​គេ​ប្រឈម​មុខ​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងៗ​ទៀត ដែល​រដ្ឋាភិបាល​ទាំង​នោះ​ព្រួយ​បារម្ភ​អំពី​ការ​ជួញ​ដូរ​ពលរដ្ឋ​របស់​ពួក​គេ»។ ​នេះ​ជា​ការ​លើក​ឡើង​របស់​នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​លោក​ Phil Robertson ​ដែល​បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​អ៊ីមែល។

លោក​ថា ​ហេតុផល​តែ​មួយ​គត់​ដែល​គេ​ចាប់​ផ្តើម​ឃើញ​មាន​សកម្មភាព​បង្ក្រាប​មួយ​ចំនួន​នោះ​គឺ​មក​ពី​ផល​ប៉ះពាល់​ដល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិដែល​បង្ក​ដោយបទ​ល្មើស​ឆបោក ​ជួញ​ដូរ​មនុស្ស​ដ៏​រីក​រាល​ដាល​អស់​ទាំង​នេះ​មាន​ទំហំ​ធំធេង ​ធ្ងន់​លើស​ពី​ផល​ប្រយោជន៍​ដែល​បាន​មក​ពី​អំពើ​ពុករលួយ ​ដែល​មេ​ដឹកនាំ​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ យោធា​ និងប៉ូលិស​មួយ​ចំនួន​កំពុង​ទទួល​បានពីក្រុម​ប្រព្រឹត្ត​បទ​ល្មើស​ទាំង​នោះ។

ដូច្នេះ​លោក​ថា​ ថ្នាក់​ដឹកនាំ ​និង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​គួរតែ​ប្រឈម​មុខ​នឹង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ ដែល​រួម​មាន​ការ​ហាម​ប្រាម​ការ​ធ្វើដំណើរ ​និង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់ពួក​គេ ​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ត្រូវ​បាន​រក​ឃើញ។​

លោក​បន្ថែម​ថា៖​ «ប្រសិន​បើ​មិន​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ​លាត​ត្រដាង​អំពី​ទុក្ខ​វេទនា​កើត​ឡើង​ដោយ​សារ​ការ​ឆបោក​អស់​ទាំង​នេះ ​ដែល​ញ៉ាំង​ឱ្យ​រដ្ឋា​ភិបាល​ប្រទេសផ្សេងៗ​នាំ​គ្នា​រក​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្លួន​នោះ​ទេ ​ អ្នក​អាច​ភ្នាល់​បានថា ​ក្រសួង​មហាផ្ទៃ​នឹង​នៅតែ​បន្ត​បដិសេធ​ដោយថា​ មិន​មាន​អ្វី​ខុស​ឆ្គងកើត​ឡើង​នោះ​ទេ»។​

ទោះ​ជាយ៉ាងណា​ អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​លោក​ ឡុង ឌីម៉ង់ បាន​និយាយ​ថា​ រដ្ឋាភិបាល​ពុំ​ដែល​បាន​អះអាង​បដិសេធ​ថា ​ពុំ​មាន​ករណី​បទ​ល្មើស​ទាំង​នេះ​នៅ​កម្ពុជា​ទេ ​ហើយ​លោក​ថា ​ប្រតិបត្តិ​ការ​បង្ក្រាប​ថ្មីៗ​នេះ​បាន​កំពុង​តែ​លើក​មុខមាត់​កម្ពុជា។

លោក​ថ្លែង​ថា៖ ​ «អ៊ីចឹង​ដូច្នេះ​វា​អត់​មាន​ប៉ះពាល់​ស្ថាន​ភាព​វិនិយោគ​របស់​យើង​ទេ។ ​ផ្ទុយ​ទៅ​វិញ​ វា​បាន​លើក​ឱ្យ​បាន​ឃើញ​ពី​កិត្តិយស ​កិត្តិនាម​របស់​កម្ពុជា​ឱ្យ​ឃើញ​ពី​ស្នាដៃ ​ការ​ខិតខំ​ប្រឹង​ប្រែង​អំពី​កង​កម្លាំង​ប្រដាប់​អាវុធ​ ដូចជា​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​ទាំង​អស់​នេះ»។

គិត​មក​ដល់​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ លោក​ថា​ នៅ​ក្រុង​ព្រះ​សីហនុ​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ចុះ​ត្រួត​ពិនិត្យចំនួន​៤​ទីតាំង​ ដែល​រួមមាន ​ហ្គាឡាក់ស៊ីវើល ​ជីង​ឆាយ​៥​ ប៉ាវយ៉ុង​តិចណូឡូជី ​និង​ស៊ីងសានទីង​ (ហៅ ឆាំងឆឹង)។ ​នៅ​ក្នុង​ចំណោម​នោះ​ នៅ​ទីតាំង​ឈ្មោះ​ ស៊ីងសានទីង ​(ហៅ ឆាំងឆឹង) ​អាជ្ញាធរបាន​រក​ឃើញ ​និង​កំណត់​បទ​ល្មើស​ចំនួន​៦ប្រភេទ​ រួមមាន​បទ​ល្មើស​ល្បែង​ស៊ីសង​ខុស​ច្បាប់ ​បទ​ល្មើស​បង្ខាំង​ និង​ធ្វើ​ទារុណ​កម្ម​មនុស្ស​ខុស​ច្បាប់​ បទ​ល្មើស​កាន់​កាប់​ និង​រក្សា​ទុក​អាវុធ​ខុស​ច្បាប់​ បទ​ល្មើស​សញ្ចារ​កម្ម ​និង​ជួញ​ដូរ​មនុស្ស ​ហើយ​ពួកគេនឹង​បន្តស៊ើប​អង្កេត​បទ​ល្មើស​សម្អាត​ប្រាក់ ​និង​បង្ហាញ​របាយ​ការណ៍​ជា​បន្ត​បន្ទាប់៕