លោក ហ៊ុន សែន៖ ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ​នឹង​ត្រូវ​ដំឡើង​នៅ​ឆ្នាំ​២០២៣

រូបឯកសារ៖ ប្រាក់រៀលដែលជារូបិយបណ្ណជាតិរបស់ប្រទេសកម្ពុជា ត្រូវបានដាក់បង្ហាញនៅក្នុងហាងប្តូរប្រាក់មួយ កាលពីថ្ងៃទី១៣ តុលា ឆ្នាំ២០២០ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ (ទុំ ម្លិះ/វីអូអេ)

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ បាន​ថ្លែង​ថា ​ប្រាក់​បៀវត្សរ៍​របស់​មន្រ្តី​រាជ​ការ​ស៊ីវិល នឹង​ត្រូវ​ដំឡើង​ក្នុងឆ្នាំ​២០​២៣ ក្រោយ​ខក​ខាន​មិន​បាន​ដំឡើង​រយៈ​ពេល២​ឆ្នាំជាប់​គ្នា ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។

ក្នុង​ពិធី​ប្រគល់​សញ្ញា​បត្រ​ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​ឆ្នាំ​២០២០-​២០២១ និង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ឆ្នាំ​ ២០២២ ​របស់​សាលា​ភូមិន្ទ​រដ្ឋ​បាល លោក​នាយក​រដ្ឋមន្រ្តី​បញ្ជាក់​ថា​នៅ​ឆ្នាំ​២០២៣ ​នឹង​មាន​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជ​ការ​ស៊ីវិល ​ដូច​ជាគ្រូ​បង្រៀន និង​គ្រូ​ពេទ្យដែល​ប្រាក់​ខែ​បច្ចុប្បន្ន​ប្រមាណ១​លាន​៣​សែន​រៀល នឹង​ត្រូវ​ឡើង​យ៉ាង​តិច​បំផុត​ត្រឹម​១​លាន​៥​សែន​រៀល។ ចំណែក​ប្រាក់​បៀវត្សរ៍​របស់​មន្ត្រី​ស៊ីវិល​ដទៃ​ទៀត នឹង​ត្រូវ​ដំឡើង​ពី​១​លាន​២​សែន​រៀល ទៅ​១​លាន​៤​សែន​រៀល។

លោក​នាយក​រដ្ឋ​មន្រ្តី​ថ្លែង​ថា៖ «ពិត​មែន​ហើយ​ សម្រាប់​សារា​ចរ​ណែនាំ ទាក់​ទង​នឹង​ការ​រៀប​ចំ​ច្បាប់​ថវិកា សម្រាប់ឆ្នាំ​ក្រោយ​ គ្រោង​នឹង​ដំឡើង​បៀ​វត្សរ៍​។ យើង​ខាន​ដំឡើង​បៀ​វត្សរ៍​ឆ្នាំ​២០២០ ​ក៏​មិន​បាន​ឡើង​ ២០​២១ ក៏​មិន​បាន​ឡើង​ ឥឡូវ​២០​២២​នេះ យើង​នឹង​ចាប់​ផ្តើម​ឡើង​...»។

បើ​តាម​លោក ហ៊ុន សែន ​ការ​ដំឡើង​ប្រាក់​បៀ​វត្សរ៍​សម្រាប់​មន្ត្រីរាជការ គឺ​មិន​គិត​ជា​ភាគ​រយ​ទេ គឺ​គិត​ទៅ​តាម​ប្រាក់​ខែ​ជាក់​ស្តែង​។

លោក​បន្ថែម​ថា៖ «បាន​សេច​ក្តី​ថា​អ្នក​ប្រាក់​ខែ​តិច​ឡើង​បាន​ច្រើន​ជាង អ្នក​ប្រាក់​ខែ​ខ្ពស់​ឡើង​បាន​តិច​ជាង។ នេះ​ជា​របៀប​ឡើង[​ប្រាក់​បៀ​វត្សរ៍​មន្ត្រី​រាជ​ការ]​»។

​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ឱ្យ​គិត​គូរ​សា​ជា​ថ្មីនូ​វកម្រិត​ជាប់​ពន្ធ​នៃ​ប្រាក់​ខែ​របស់​មន្ត្រី​រាជការ​ផង​ដែរ ដោយ​លោក​លើក​ឡើង​ជាឧទាហរណ៍​ថា ​បើ​ប្រាក់​ខែ​មន្រ្តីរាជការ​ត្រឹម១​លាន​៥​សែន​រៀល​ ​ដូច្នេះ​ត្រូវ​កំណត់​ការ​ជាប់​ពន្ធ​ពី​១​លាន​៥​សែន​១​រៀល​ឡើង​ទៅ។

​លោក ​យក់ ប៊ុនណា ​រដ្ឋ​លេខា​ធិការ​នៃ​ក្រសួង​មុខ​ងារ​សាធារណៈ និង​ជា​អ្នក​នាំ​ពាក្យ​បា្រប់​វីអូអេ​ថា​ ការ​គិត​គូរ​ប្រាក់​បៀ​វត្ស​រ៍​មន្ត្រី​រាជ​ការ​នេះ ស្រប​ទៅ​តាម​ការ​វិវឌ្ឍ​សង្គមដែល​នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​មន្ត្រី​រាជការ​មាន​ភាព​ល្អប្រសើរ​។

លោក​ថ្លែង​ថា​៖ ​«យើង​ឃើញ​ថា​ ការ​ឡើង​នេះ​នឹង​សម្រួល​ជីវភាព​របស់​គាត់​[មន្រ្តី​រាជការ]​ឱ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត នៅលើ​អ្វី​ដែល​គាត់​បាន​ទទួល​ប្រាក់​បៀវត្សរ៍​ពី​រដ្ឋ​នៅ​ពេល​បច្ចុប្បន្ន​នេះ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិ​ភាព ​លោក យង់ គិម​អេង យល់​ថា​ការ​ដំឡើង​ប្រាក់​បៀ​វត្សរ៍​សម្រាប់​មន្ត្រី​រាជការ គឺ​ជា​រឿង​ល្អ ​ប៉ុន្តែ​រដ្ឋ​ត្រូវ​តែ​គិត​គូរ​អំពី​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កុំ​ឱ្យ​ឡើង​ថ្លៃ​ដូច​ការ​ឡើង​ប្រាក់​ខែ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជីវ​ភាព​របស់មន្ត្រីរាជ​ការ​។ លោក​បន្តថា​ មន្ត្រី​រាជ​ការ​ខ្លួន​ឯងក៏ត្រូវ​តែ​លុប​បំបាត់​អំពើ​ពុក​រលួយ ​ជា​ពិសេស​គ្រូ​បង្រៀន​ ត្រូវ​បញ្ឈប់​យក​លុយ​ពី​សិស្ស​ ឬ​បង្ខំ​ឱ្យ​សិស្ស​រៀន​គួរ​ជា​ដើមដោយត្រូវ​ងាក​មក​ផ្តល់​សេវា​សាធារ​ណៈ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

លោក​បញ្ជាក់​ថា៖ «បាទ ​ខ្ញុំ​គិត​ថា​ការ​ឡើង​ប្រាក់​ខែ​នេះ​ ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​មន្ត្រីរាជការ​ ហើយ​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ។ ប៉ុន្តែ​ទន្ទឹម​ហ្នឹង​នេះ​ដែរ គឺ​ថា​សម្រាប់​គុណ​ភាព​សេវា​សាធារណៈ​ ក៏​គួរ​តែ​ពង្រឹង​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ និង​តម្លាភាព​ផង​ដែរ»។

បើ​តាម​លោក ​យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ មន្ត្រី​រាជ​ការ​ស៊ីវិល​នៅ​កម្ពុជា មាន​ចំនួន​ជាង​២១​ម៉ឺន​នាក់ ហើយ​នៅ​ឆ្នាំ​២០​២២​នេះ រដ្ឋាភិបាល​មាន​គោលការណ៍​ជ្រើស​រើស​ក្រប​ខណ្ឌ​សុខា​ភិបាល​តែ​មួយ​ប៉ុណ្ណោះ ដែល​ជ្រើសរើស​មន្រ្តី​ប្រមាណ​ជាង៣​ពាន់​នាក់៕