មនុស្សយន្តសម្រាប់ជួយធ្វើការងារផ្ទះនៅមិនទាន់ផលិតបាននោះទេ ប៉ុន្តែម៉ាស៊ីនដែលមិនត្រូវការប្រើប្រាស់កម្លាំងត្រូវបានបង្កើតឡើងហើយ ហើយក្រុមហ៊ុនបច្ចេកវិទ្យាកំពុងប្រកួតប្រជែងទីផ្សារម៉ាស៊ីននោះ។ ជំនួយការក្នុងផ្ទះដ៏ថ្មីបំផុតមួយនេះមានលក្ខណៈតូច តម្លៃសមរម្យ ម៉ាស៊ីនសម្រាប់ដាក់លើតុដែលមានសំឡេង និងខួរក្បាលនោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google។ ឧបករណ៍នេះប្រៀបដូចនឹងវិទ្យុតូចមួយដែលអាចលេងភ្លេង ប៉ុន្តែក៏អាចឆ្លើយនឹងសំណួរពិបាកៗ បើកវចនានុក្រម ស្វែងរកបញ្ជីរាយមុខម្ហូប ហៅរថយន្តឈ្នួល ឬទិញសំបុត្រកុន គ្រប់គ្រងទៅលើឧបករណ៍ទំនើបផ្សេងៗ ទាញយកព័ត៌មានក្នុងការហោះហើរ ហើយបើមានការអនុញ្ញាតពីអ្នក ម៉ាស៊ីននេះនឹងអាចរៀនសូត្របន្តិចម្តងៗពីទម្លាប់ និងចំណង់ចំណូលចិត្តរបស់អ្នកផងដែរ។
ក្រុមហ៊ុន Google ដែលសហការជាមួយក្រុមហ៊ុន Samsung និងក្រុមហ៊ុន Phillips អាចធ្វើឲ្យឧបករណ៍ទំនើបនេះគ្រប់គ្រងផ្ទះរបស់ពួកគេបាន។ តម្លៃនៃឧបរកណ៍ Google Home នេះគឺ ១២៩ ដុល្លារ ហើយនឹងចាប់ផ្តើមដឹកដល់ផ្ទះអតិថិជននៅក្នុងសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ៕