ផ្សារភាគហ៊ុននៅជុំវិញពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ភាគច្រើនបានធ្លាក់ចុះ ដោយប្រតិកម្មទៅនឹងព័ត៌មានអំពីការជាប់គាំងរបស់អ្នកនយោបាយសហរដ្ឋអាមេរិកអំពីរបៀបផ្តល់ជំនួយដល់ពលរដ្ឋអាមេរិកាំងរាប់លាននាក់ដែលបានបាត់បង់ការងារ និងការធ្លាក់ចុះសេដ្ឋកិច្ចខ្លាំងមិនធ្លាប់មានក្នុងត្រីមាសទី២ពីខែមេសា ដល់ខែមិថុនា។
នៅទ្វីបអាស៊ី ផ្សារហ៊ុន Nikkei នៅជប៉ុនបានធ្លាក់ចុះ០,២% ផ្សារ Hang Seng នៅហុងកុងធ្លាក់ចុះ០,៦% និងផ្សារហ៊ុននៅក្រុងសៀងហៃធ្លាក់ចុះ០,២%។
ផ្សារហ៊ុននៅអឺរ៉ុបកាន់តែដាំក្បាលចុះទៀត ដោយផ្សារហ៊ុននៅអង់គ្លេសធ្លាក់ចុះ១,៧% ចំណែកទីផ្សារហ៊ុនDAX នៅក្រុងហ្វ្រង់ហ្វួរតប្រទេសអាល្លឺម៉ង់បានដាំក្បាលចុះរហូត២,៧% ដោយប្រតិកម្មនឹងព័ត៌មានថាផលទុកក្នុងស្រុកសរុបរបស់អាល្លឺម៉ង់បានធ្លាក់ចុះរហូតជាង១០%ក្នុងត្រីមាសទី២ ដែលជាការធ្លាក់ចុះខ្លាំងជាងគេក្នុងរយៈពេល៥០ឆ្នាំ។
ផ្សារហ៊ុននៅអាមេរិកទាំងបីសុទ្ធតែមានការធ្លាក់ចុះនៅមុនការបើកទីផ្សារក្នុងថ្ងៃព្រហស្បតិ៍៕