មេដឹកនាំ​ពិភព​លោក​បន់ស្រន់​ឲ្យ​លោក​ Trump​ និង​ភរិយា​ឆាប់​ជា​ពី​ជំងឺកូវីដ១៩

បដាដ៏ធំមួយបង្ហាញសារបន់ស្រន់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងភរិយាគឺលោក Melania Trump ឆាប់ជាសះស្បើយពីជំងឺ នៅទិក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល ខណៈមានការបាតុកម្មប្រឆាំងលោកប្រធានាធិបតីអ៊ីស្រាអែល Benjamin Netanyahu ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០។

មេដឹកនាំ​នៅជុំវិញ​ពិភព​លោក​ផ្ញើសារ​ជាច្រើន​ក្រោយ​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ​(Donald Trump) បានប្រកាស​កាលពីព្រឹក​ថ្ងៃសុក្រ​ថា​ លោកនិង​ភរិយា​បាន​ធ្វើតេស្ត​ឃើញ​វីរុសកូរ៉ូណា។​

លោក ត្រាំ​ បាន​ថ្លែងតាមបណ្តាញសង្គម Twitter ​ថា ​លោក​និង​ភរិយា​ បាន​ចាប់​ផ្តើម​ធ្វើ​ចត្តាឡីស័ក​ភ្លាមៗ​។ នៅល្ងាចថ្ងៃសុក្រ លោក ត្រាំ​ ត្រូវបាន​បញ្ជូនទៅកាន់​មន្ទីរពេទ្យ​យោធា ​ទោះ​លោក​និង​ភរិយា​មានសុខភាព​ធម្មតាក្តី​។​

មេដឹកនាំ​ពិភព​លោកផ្ញើសារដល់​ប្រធានាធិបតី ​ដូណាល់ ត្រាំ​ បន្ទាប់​ពីលោក​បានប្រកាស​ថា​ លោក​និង​ភរិយា បាន​ឆ្លង​វីរុស​កូរ៉ូណា។

លោក Tedros Adhanom Ghebreyesus ​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក ​បានផ្ញើសារដល់​លោកប្រធានាធិបតី​និង​ភរិយារបស់លោក ឲ្យអ្នកទាំងពីរ​ឆាប់ជា។

«ពេញមួយ​យប់​ យើងបាន​ឮថា ​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​និង​ភរិយា ​គឺលោកស្រី​ ​Melania Trump ​ធ្វើតេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។ ​ខ្ញុំចង់​ចាប់​ផ្តើម​នៅថ្ងៃនេះ​ ដោយ​បន់ស្រន់ឲ្យអ្នកទាំងពីរ​ឆាប់​ជាសះ​ស្បើយ​ទាំងស្រុង។​ យើង​សូម​បួងសួង​ជូន​ដល់អ្នក​ទាំងពីរ»។

ថ្លែងទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅចុង​បញ្ចប់​នៃ​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប ​រយៈពេល​ពីរថ្ងៃ​ ដែល​មេដឹកនាំ​អឺរ៉ុបបាន​ពិភាក្សា​អំពីវីរុស​នេះ​និងផល​ប៉ះពាល់​លើសេដ្ឋកិច្ច​ អធិការបតី​អាល្លឺម៉ង់​ លោកស្រី​Angela Merkel​ និយាយថា៖

«ខ្ញុំចង់ឆ្លៀត​ឱកាសនេះ​ ជូនពរ​ប្រធានាធិបតី​អាមេរិក ​ដូណាល់ ត្រាំ ​និង​ភរិយាគឺ​លោកស្រី​ Melania ឆាប់​ជាសះស្បើយ​ពី​ជំងឺ​កូវីដ១៩​ នេះ​យ៉ាង​លឿនបំផុត»។

លោក Andres Manuel Lopez Obrador ប្រធានាធិបតី​ម៉ិកស៊ិក​ ក៏បានផ្ញើសារដែរ។

«ឆ្លៀតឱកាស​នេះ ខ្ញុំ​បន់ស្រន់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក​និងភរិយា​របស់​លោក ​ឱ្យឆាប់​ជាសះ​ស្បើយឡើងវិញ»។

រដ្ឋាភិបាលរុស្ស៊ីបាន​ចេញ​សេចក្តី​ថ្លែងការណ៍ ​ដែល​និយាយថា​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin​ បានផ្ញើ​ទូរលេខ​មក​សេតវិមាន។ ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ​ លោក ពូទីន ​សរសេរ​ជាភាសា​រុស្ស៊ីថា៖ ​«ខ្ញុំប្រាកដ​ក្នុងចិត្ត​ថា ​ភាព​ស្វាហាប់​ស្មារតី​ល្អ​និងសុទិដ្ឋិនិយម​របស់​លោក​ នឹងជួយ​លោក​ឈ្នះ​វីរុសដ៏គ្រោះថ្នាក់​នេះ»។

ទំព័រ​មុខ​របស់កាសែត​ជាច្រើន ​នៅ​ប្រទេស​នីហ្សេរីយ៉ា ផ្សាយ​ព័ត៌មាន​លោក​ ត្រាំ ​ឆ្លង​វីរុស​កូរ៉ូណា។​

លោក ​Abiodun Ayinde​ ជាគណនេយ្យករ​និងជំនាញ​ពន្ធដារ​ នៅទីក្រុង ​Lagos។

«យើងទាំង​អស់គ្នា​ត្រូវ​ប្រយ័ត្ន​គ្មាន​នរណាម្នាក់​ស៊ាំនឹង​ជំងឺនេះទេ។​ ប្រធានាធិបតី​អាមេរិក បានឆ្លង​ជំងឺនេះ។ ដូច្នេះ​យើង​ត្រូវតែ​ប្រយ័ត្ន​ប្រយែង។​ រក្សា​សុវត្ថិភាព​ត្រូវពាក់​ម៉ាស់»។

មន្ត្រី​សេតវិមាន ​បាន​និយាយ​កាលពី​ថ្ងៃសុក្រថា​ លោក​ប្រធានាធិបតី មាន​រោគសញ្ញា​ស្រាល។

ការថ្លែងដូច្នេះនៅ​មុនពេល​ដែល​លោក ត្រាំ​ វ័យ​ចំណាស់​អាយុ ​៧៤ ឆ្នាំ ​និង​មាន​ទម្ងន់ជាង ​១១០ ​គីឡូក្រាម ​ស្ថិត​ក្នុង​ជំពួក​មនុស្ស​ដែលមានអត្រា​នៃហានិភ័យ​ខ្ពស់ បានទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យយោធា៕