ការរៀបការវ័យក្មេង ការកំណត់ឲ្យក្មេងស្រីបោះបង់ចោលការសិក្សាដើម្បីជួយសម្រួលការងារក្នុងគ្រួសារ ផ្នត់គំនិតដែលនៅតែឲ្យតម្លៃក្មេងប្រុសជាងក្មេងស្រី និងការមិនយល់ដឹងពីសិទ្ធិរបស់ខ្លួន គឺជាមូលហេតុសំខាន់ៗដែលធ្វើឲ្យក្មេងស្រីក្នុងសហគមន៍ជនបទកម្ពុជាមិនមានឱកាសទទួលបានការអប់រំខ្ពស់ និងបង្អាក់ពួកគេពីការអភិវឌ្ឍន៍ខ្លួនឯង។ នេះ បើយោងតាមអ្នកជំនាញធ្វើការខាងផ្នែកលើកម្ពស់សិទ្ធិស្រ្តីនៅកម្ពុជា។
លោក យី គីមថាន ប្រធានគ្រប់គ្រងកម្មវិធីថ្នាក់ជាតិ នៃអង្គការភ្លែនអន្តរជាតិកម្ពុជា លើកឡើងថា បើទោះជាក្មេងប្រុស និងក្មេងស្រីមានភាពស្មើគ្នានៅចំពោះមុខច្បាប់ និងសន្ធិសញ្ញាអន្តរជាតិក៏ដោយ ក៏ប៉ុន្តែសហគមន៍ជនបទនៅកម្ពុជា នៅតែផ្តល់អាទិភាពដល់ក្មេងប្រុសជាងក្មេងស្រី។
«ទាក់ទងនឹងយើងនិយាយពីសិទ្ធិ។ ក្មេងប្រុស និងក្មេងស្រីគួរទទួលបានសិទ្ធិស្មើគ្នា នៅក្នុងសង្គម មិនអាចថាក្មេងស្រី គាត់ត្រូវតែឈប់រៀនមុនក្មេងប្រុស ឬក៏ក្មេងស្រីត្រូវធ្វើការធ្ងន់ជាងក្មេងប្រុស។ យើងឃើញថា នៅតាមជនបទ តាមតំបន់ដែលយើងធ្វើការ យើងឃើញថា ក្មេងស្រីទទួលបានសិទ្ធិតិចជាងក្មេងប្រុស ហេតុនេះ ទើបយើងយកចិត្តទុកដាក់លើកកម្ពស់»។
លោក យី គីមថាន ឲ្យដឹងទៀតថា ការបោះបង់ឱកាសទទួលបានការអប់រំ និងអភិវឌ្ឍរបស់ក្មេងស្រី នេះ បានធ្វើឲ្យក្មេងស្រី មិនមានសមត្ថភាពធ្វើការជំនាញដែលទទួលបានកម្រៃខ្ពស់ និងមិនអាចចូលរួមសម្រេចចិត្តលើបញ្ហាសំខាន់ៗក្នុងសហគមន៍ ជាពិសេសគឺបញ្ហារបស់ក្មេងស្រីខ្លួនឯងនោះ។
«ហើយការសម្រេចចិត្តនៅក្នុងសហគមន៍ មានតែក្មេងស្រីគាត់ខ្លួនគាត់ទេ ដែលគាត់ដឹងពីបញ្ហាដែលគាត់ជួបប្រទះ។ អញ្ចឹងបើសិនយើងឲ្យបុរស ឬក្មេងប្រុសធ្វើការសម្រេចចិត្តជំនួសក្មេងស្រីអញ្ចឹងពេលខ្លះដំណោះស្រាយដែលយើងធ្វើ គឺមិនបានចំចំណុចដែលក្មេងស្រីប៉ះពាល់ទេ។ ហេតុនេះជាកត្តាសំខាន់ដែលយើងត្រូវធ្វើឲ្យគាត់ចូលរួមសម្រេចចិត្តខ្លួនគាត់ ហៅថាសិទ្ធិអំណាចខ្លួនគាត់ទាំងសេដ្ឋកិច្ច សង្គម ដើម្បីឲ្យគេទទួលស្គាល់នូវតម្រូវការរបស់គាត់ និងអាចឆ្លើយតបបានសមរម្យ»។
កញ្ញា សេង រាសី អ្នកសម្របសម្រួលគណៈកម្មការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយនៃអង្គការសីលកា មើលឃើញថា ការយល់ដឹង សិទ្ធិក្មេងស្រី និងសមភាពយេនឌ័ររបស់អាណាព្យាបាលកុមារនៅតាមជនបទនៅមានកម្រិតទាបនៅឡើយ ដែលជាហេតុធ្វើឲ្យការបញ្ជូនព័ត៌មានបន្ត និងការចែករំលែកចំណេះដឹងបន្តទៅក្មេងស្រីសាមីកាន់តែមានភាពតិចតួច។
កញ្ញា បញ្ជាក់ប្រាប់ VOA ថាការយល់ដឹងអំពីសិទ្ធិរបស់ខ្លួន អាចជួយឲ្យក្មេងស្រីមានភាពក្លាហាន ក្នុងការទាមទាររកយុត្តិធម៌ និងដំណោះស្រាយចំពោះបញ្ហាដែលកើតឡើងចំពោះពួកគេ។
«វាមានគុណវិបត្តិធ្ងន់ធ្ងរមែនទែន នៅពេលយើងមិនបានដឹងពីសិទ្ធិខ្លួនឯង យើងនឹងភ័យខ្លាច មិនដឹងថាការអនុវត្តន៍របស់យើងហ្នឹងវាខុសច្បាប់ ស្របច្បាប់ ឬបានកម្រិតប៉ុណ្ណា។ ឧទាហរណ៍ថាក្មេងស្រី ត្រូវគេរំលោភ ឬបៀតបៀនកេរ្តិ៍ខ្មាស ឬប្រើហិង្សាមកលើគាត់។ គាត់អត់បានដឹងទេ ថាគាត់មានសិទ្ធិប៉ុណ្ណា ក្នុងការប្តឹងបកទៅលើបុគ្គលនោះ ដើម្បីឲ្យបុគ្គលនោះទទួលខុសត្រូវមុខច្បាប់។ គាត់លាក់រឿងហ្នឹងទុក គាត់មិនដឹងថាត្រូវធ្វើយ៉ាងណាទេ។ ប៉ុន្តែបើគាត់យល់ដឹងពីសិទ្ធិ គាត់នឹងមានភាពក្លាហានទាមទារសិទ្ធិ និងអនុវត្តសិទ្ធិបានពេញលេញ»។
កញ្ញា សេង រាសី លើកឡើងថា ដើម្បីធានាថាក្មេងស្រីទទួលបានសិទ្ធិពេញលេញ និងការលើកកម្ពស់យេនឌ័រនោះ វាត្រូវការជាចាំបាច់នូវការចូលរួមភាគីពាក់ព័ន្ធ ទាំងកុមារីខ្លួនឯង ឱពុកម្តាយ អាណាព្យាបាល សហគមន៍ និងមន្ត្រីមូលដ្ឋានផងដែរ។
កាលពីសប្តាហ៍មុន អង្គការភ្លែនអន្តរជាតិកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រប្រចាំប្រទេសឆ្នាំ២០១៦~២០២១ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខមាលភាពរបស់កុមារកម្ពុជា។ ផែនការយុទ្ធសាស្ត្រនេះ បង្ហាញថាទោះបីជាស្ថានភាពកុមារក្នុងពិភពលោកមានភាពប្រសើរឡើង។ ក៏ប៉ុន្តែកុមារកម្ពុជានៅតែប្រឈមនឹងការទទួលបានសិទ្ធិកុមារពេញលេញ និងបញ្ហាសមភាពយេនឌ័រ ជាពិសេសក្មេងស្រីនៅតំបន់ដាច់ស្រយាល និងសហគមន៍ជនជាតិដើមភាគតិច។ ហើយការអនុវត្តគោលនយោបាយ និងច្បាប់នានាពាក់ព័ន្ធសិទ្ធិកុមារ និងយេនឌ័ររបស់កម្ពុជា នៅមានភាពយឺតយ៉ាវ និងទន់ខ្សោយ។
សកម្មភាពសំខាន់ៗមួយចំនួននៃផែនការយុទ្ធសាស្ត្រនេះមានដូចជា ការធ្វើការដោយផ្ទាល់ជាមួយសហគមន៍ និងកុមារតូច ការបណ្តុះបណ្តាលសមត្ថភាពគ្រូមតេ្តយ្យ ការបណ្តុះបណ្តាលឪពុកម្តាយ ឬអាណាព្យាបាលដើម្បីឲ្យពួកគេចេះអប់រំកូនបន្ត ការសហការជាមួយក្រុមប្រឹក្សាឃុំដើម្បីផ្សព្វផ្សាយបន្តអំពីសិទ្ធិកុមារនោះ និងការផ្តល់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ក្មេងស្រីដែលបោះបង់ការសិក្សាជាដើម។ ផែនការយុទ្ធសាស្ត្រនេះ ធ្វើឡើងក្នុងខេត្តគោលដៅចំនួន៤នៃភូមិភាគឥសាន គឺខេត្តសៀមរាប ស្ទឹងត្រែង រតនគិរី និងត្បូងឃ្មុំ ដែលជាតំបន់ក្រីក្រ ដាច់ស្រយាល និងទទួលបានការយកចិត្តទុកដាក់ទាបចំពោះការលើកកម្ពស់សិទ្ធិកុមារ និងលើកកម្ពស់យេនឌ័រ។
ថ្លែងនៅក្នុងពិធីអនុវត្តផែនការយុទ្ធសាស្រ្តប្រចាំប្រទេសរបស់អង្គការភ្លែនកាលពីសប្តាហ៍មុន លោក Jan Jaap Kleinrensink នាយកប្រចាំប្រទេស លើកឡើងថាអង្គការសហប្រជាជាតិ បានអនុម័តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសម្រេចឲ្យបានសមភាពយេនឌ័រនាឆ្នាំ២០៣០។ ក៏ប៉ុន្តែលោកថា ក្មេងស្រី និងស្រ្តីរាប់លាននាក់ រួមទាំង ក្មេងស្រី និងស្រ្តីនៅកម្ពុជា នឹងនៅតែមិនបានទទួលការយកចិត្តទុកដាក់ និងនៅតែមិនចូលរួមឲ្យពេញលេញត្រឹមឆ្នាំ២០៣០ខាងមុខ។នេះប្រសិនបើគ្មានយន្តការជាក់លាក់ ដែលផ្តោតលើយេនឌ័រឲ្យបានច្រើន ដើម្បីជួយឲ្យស្ត្រីចេះសម្រេចចិត្ត និងបើគ្មានការវិនិយោគដែលអាចផ្លាស់ប្តូរជីវិតរបស់ពួកគេបាននោះ។
VOA មិនអាចទាក់ទង លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា និង លោក រស់ សាលីន អ្នកនាំពាក្យរដ្ឋមន្ត្រីក្រសួងអប់រំបានទេត្រឹមថ្ងៃអង្គារនេះនោះទេ។
នៅក្នុងពិធីអនុវត្តផែនការយុទ្ធសាស្រ្ត កាលពីសប្តាហ៍មុនដែរ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា យល់ថា ផែនការយុទ្ធសាស្រ្តនេះ មិនត្រឹមតែជួយអប់រំកុមារតូចទេ ប៉ុន្តែក៏អប់រំឳពុកម្តាយ ឲ្យចេះអក្សរ និងឲ្យចេះបង្រៀនក្មេងតូចផងដែរ។ ការណ៍នេះ លោក រដ្ឋមន្ត្រីក្រសួងអប់រំយល់ថា អាចធ្វើឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន នៅក្នុងសហគមន៍ និងរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
«ជាការពិត ការវិនិយោគទៅលើការគាំពារ និងការអភិវឌ្ឍន៍កុមារតូច គឺជាការវិនិយោគមួយដែលផ្តល់នូវភាគលាភ អាចផ្តល់ជាលទ្ធផលល្អ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យ យុវជនបន្តការសិក្សា ផ្តល់ឲ្យកុមារនូវការអប់រំ ទាំងបំនិនផ្សេងៗសម្រាប់ ការអភិវឌ្ឍន៍ ហើយប្រែក្លាយកុមារទាំងអស់នោះ ឲ្យក្លាយជាធនធានសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ក៏ជួយលើកស្ទួយដល់សុខមាលភាពរបស់កុមារ របស់ស្ត្រីនៅកម្ពុជា»។
ការចូលរួមរបស់ស្រ្តីកម្ពុជាក្នុងការសម្រេចចិត្តសាធារណៈ នៅមានកម្រិតទាបនៅឡើយ។ មានចំនួនស្ត្រីត្រឹមតែប្រមាណ១ ភាគ៣ប៉ុណ្ណោះ ជាតំណាងក្នុងសង្គមស៊ីវិល ហើយស្ត្រីក៏នៅមានតិចតួចក្នុងវិស័យនយោបាយ។ កាលពីឆ្នាំ២០១៥កន្លងទៅ កម្ពុជាមិនបានសម្រេចគោលដៅអភិវឌ្ឍសហស្សវត្សនៃអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ស្ត្រីក្នុងវិស័យនយោបាយ ដែលធានាឲ្យមានការកើនឡើងតំណាងស្ត្រីក្នុងសភាជាតិឱ្យបានដល់៣០ភាគរយ (ឬ៣៦រូប)នោះទេ៕