ច្បាប់បោះឆ្នោតហ្គាណា អនុញ្ញាតឲ្យគណៈកម្មាធិការបោះឆ្នោតកំណត់តម្លៃនៃឧទ្ទេសនាមបេក្ខជនឈរឈ្មោះជាប្រធានាធិបតី និងឈរឈ្មោះជាតំណាងរាស្រ្តរដ្ឋសភាមុនការបោះឆ្នោត។
យោងតាមគណៈកម្មាធិការបោះឆ្នោត បេក្ខជនឈរឈ្មោះជាប្រធានាធិបតីតំណាងឲ្យគណបក្សនយោបាយរបស់ខ្លួន តម្រូវឲ្យបង់ប្រាក់ ១២.៥០៥ដុល្លារអាមេរិក រីឯបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តរដ្ឋសភា តម្រូវឲ្យបង់ប្រាក់ ២.៥០១ដុល្លារអាមេរិក ទាំងនេះគឺជាតម្លៃឧទ្ទេសនាមបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី តំណាងរាស្រ្ត និងថ្នាក់ដឹកនាំមូលដ្ឋាន នៅថ្ងៃទី៧ ខែធ្នូ ខាងមុខនេះ។
អ្នកនាំពាក្យគណៈកម្មាធិការបោះឆ្នោត លោក Eric Dzakpasu បាននិយាយថា គណៈកម្មាធិការចេញសេចក្តីប្រកាសនេះ គឺធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំភាគីពាក់ព័ន្ធជាមួយនឹងគណៈកម្មការប្រឹក្សាអន្តរគណបក្សនយោបាយ ហៅកាត់ថា (IPAC) ក្នុងរដ្ឋធានី អាក្រា កាលពីថ្ងៃទី៨ ខែកញ្ញា។
លោក Dzakpasu បានបញ្ជាក់ថា៖ «នេះការសម្រេចចិត្តដោយថ្នាក់ដឹកនាំកម្រិតកំពូលនៃគណៈកម្មាធិការ ខ្ញុំអាចនិយាយបានថា ការធ្វើបែបនេះមិនមែនយោងលើមូលហេតុនៃ «ការលុប បំបាត់គណបក្សនយោបាយដោយប្រើកលល្បិចតឹងតែងណាមួយឡើយ» គឺធ្វើឡើងតាមការកំណត់របស់ថ្នាក់ដឹកនាំទៅវិញទេ។ តម្លៃដែលបានកំណត់នេះ ធ្វើឡើងដោយមានការប្រមូលព័ត៌មាន និងការគិតពិចារណាច្រើនណាស់។ ច្បាប់ក៏បានទុកឱកាសមួយដែរថា គណៈកម្មាធិការមិនអាចទុកប្រាក់ទាំងនេះទេ ពីព្រោះប្រាក់ទាំងនេះអាចដកវិញបាន»។
លោកបានបន្តថា៖ «តាមផ្លូវច្បាប់ ប្រសិនបើបុគ្គលឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ហើយទទួលសន្លឹកឆ្នោតបាន ២៩ភាគរយនៃសន្លឹកឆ្នោតសរុបនៅពេលចប់ការបោះឆ្នោត បុគ្គលនោះនឹងបានប្រាក់នេះមកវិញ។ ប្រសិនបើបុគ្គលឈរឈ្មោះជាតំណាងរាស្រ្តរដ្ឋសភា ហើយទទួលបានសន្លឹកឆ្នោត១២,៥ភាគរយនៃសន្លឹកឆ្នោតសរុបក្នុងមណ្ឌលដែលបុគ្គលនោះឈរឈ្មោះ បុគ្គលនោះនឹងបានប្រាក់នោះមកវិញ»។
គណៈកម្មាធិការបោះឆ្នោត ក៏បានកំណត់ថ្ងៃទី២៩ និងទី៣០ ខែកញ្ញា ឲ្យបេក្ខជនឈរឈ្មោះទាំងអស់បង្ហាញលិខិតឧទ្ទេសនាមជាបេក្ខជនរបស់ពួកគេជាផ្លូវការផងដែរ។ ក្រុមមន្រ្តីនិយាយថា ការណ៍នេះ គឺធ្វើឲ្យបេក្ខជនឈរឈ្មោះមានគុណវុឌ្ឍិពេញលេញនឹងមានឈ្មោះក្នុងសន្លឹកឆ្នោតដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោត។
បេក្ខជនឈរឈ្មោះជាប្រធានាធិបតី គឺតម្រូវឲ្យមានហត្ថលេខាចំនួនពីរ ពីមន្រ្តីរដ្ឋបាលថ្នាក់មូលដ្ឋាន នីមួយៗទូទាំងប្រទេសឲ្យបានលើសពី២៥០ស្រុក/ខណ្ឌ។ ចំណែកឯបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តរដ្ឋសភា គឺតម្រូវឲ្យមានហត្ថលេខាចំនួន២០ ក្នុងមណ្ឌលបោះឆ្នោតដែលពួកគេឈរឈ្មោះ។
ស្របពេលជាមួយគ្នានេះដែរ ការបញ្ចេញបញ្ជីឈ្មោះអ្នកចុះឈ្មោះបោះឆ្នោតដែលប្រើប្រាស់កាតគម្រោងធានារ៉ាប់រងសុខាភិបាលជាតិ ហៅកាត់ថា (NHIS) ជាឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់រយៈពេលនៃការប្រមូលអ្នកចុះឈ្មោះបោះឆ្នោត ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១០ ខែកញ្ញានេះ។
ថ្មីៗនេះ ចៅក្រមតុលាការកំពូល បានចេញសេចក្តីសម្រេចឲ្យគណៈកម្មាធិការបោះឆ្នោត លុបចោលរាល់ទម្រង់នៃការចុះឈ្មោះអ្នកបោះឆ្នោតដែលប្រើប្រាស់កាតសម្គាល់អត្តសញ្ញាណ NHIS។ គណៈកម្មាធិការបានលុបចោលឈ្មោះអ្នកបោះឆ្នោតទាំងអស់នោះ និងបានចុះឈ្មោះប្រជាជនប្រហែល២៩.០០០នាក់ សាជាថ្មី។
ប្រជាជនដែលត្រូវចុះឈ្មោះបោះឆ្នោតសាជាថ្មី តម្រូវឲ្យពិនិត្យមើលព័ត៌មានផ្ទាល់ខ្លួនក្នុងពេលនៃដំណើរការបញ្ចូលព័ត៌មាន។ គណៈកម្មាធិការបោះឆ្នោតនិយាយថា ការធ្វើបែបនេះ គឺជាផ្នែកនៃការប្រឹងប្រែងក្នុងការប្រមូលចងក្រងបញ្ជីចុះឈ្មោះបោះឆ្នោតឲ្យមានភាពជឿទុកចិត្តសម្រាប់ការបោះឆ្នោតសាកលនៅខែធ្នូ។
លោក Dzakpasu បាននិយាយថា៖ «យើងក៏បានចុះឈ្មោះទណ្ឌិតផងដែរ ដូច្នេះ ពេលបច្ចុប្បន្ន និងពេលអនាគត ការធ្វើបែបនេះ នឹងក្លាយជាច្រកមួយសម្រាប់បង្ហាញការចុះបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ប្រជាជនដែលកាន់កាតសម្គាល់អត្តសញ្ញាណ NHIS ត្រូវចុះឈ្មោះសាជាថ្មី សម្រាប់ប្រជាជនដែលបានចុះឈ្មោះក្នុងអំឡុងពេលនៃការចុះឈ្មោះដែលកំពុងតែធ្វើ និងសម្រាប់ទណ្ឌិតដែលបានចុះឈ្មោះរួច»៕
ប្រែសម្រួលដោយ កោះ សុគន្ធី