អាល្លឺម៉ង់​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក F-35ចំនួន​៣៥​គ្រឿង

  • Reuters

រូបឯកសារ៖ យន្ដហោះ​ចម្បាំង​ប្រភេទ F-35 ហោះហើរ​សាកល្បង​​នៅ​រដ្ឋ Maryland សហរដ្ឋ​អាមេរិក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២។

ប្រទេស​អាល្លឺម៉ង់ នឹង​ទិញ​យន្តហោះ​ចម្បាំង​អាមេរិក F-35 ពី​ក្រុមហ៊ុនLockheed Martin LMT.Nដើម្បី​ជំនួសយន្តហោះ​ចម្បាំងចាស់ៗប្រភេទTornado របស់​ខ្លួន។ នេះ​បើតាម​ការឲ្យ​ដឹង​ពីប្រភព២របស់​រដ្ឋាភិបាល​ដោយ​ប្រភព​មួយ​និយាយ​ថា រដ្ឋាភិបាល​អាល្លឺម៉ង់​មាន​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​នោះ​ចំនួន៣៥គ្រឿង​ពី​សហរដ្ឋ​អាមេរិក។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ប្រភពមួយ​ពី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មានReuters កាល​ពី​ដើម​ខែ​កុម្ភៈ​ថា អាល្លឺម៉ង់​មាន​គម្រោង​ទិញយន្តហោះ​ចម្បាំង​អាមេរិក​ប្រភេទF-35 ប៉ុន្តែ ការ សម្រេចចិត្ត​នៅ​ពេល​នោះ​ នៅ​មិន​ទាន់​ធ្វើ​ឡើង​នៅ​ឡើយ​ទេ។

Tornado ជា​ប្រភេទ​យន្តហោះ​អាល្លឺម៉ង់​តែ​មួយ​គត់​ដែល​អាច​មាន​លទ្ធភាព​ដឹក​គ្រាប់បែក​នុយក្លេអ៊ែរ​របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ស្តុកទុក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ក្នុង​ករណី​មាន​ជម្លោះ។

ក៏ប៉ុន្តែ កងទ័ព​អាកាស​នោះ បាន​ហោះហើរ​យន្តហោះ​នោះ​ចាប់តាំង​ពី​ទសវត្សរ៍១៩៨០មក ហើយ​រដ្ឋាភិបាល​ក្រុង​ប៊ែឡាំង កំពុង​មាន​គម្រោង​ឈប់​ប្រើ​វា​នៅ​ចន្លោះ​ឆ្នាំ២០២៥​និង​២០៣០។

ការសម្រេច​ចិត្ត​ទិញ​យន្តហោះ​ចម្បាំង​ពី​សហរដ្ឋអាមេរិក​នេះ​ក៏​អាច​ធ្វើ​ឲ្យ​បារាំង​មាន​ការអន់ចិត្ត​ផង​ដែរ។ រដ្ឋាភិបាល​ក្រុង​ប៉ារីស​បាន​សម្លឹង​មើល​អាល្លឺម៉ង់ពី​គោលបំណង​ចង់​ទិញ​យន្តហោះ​ចម្បាំងF-18 ឬ​ក៏F-35ដែល​ទំនើប​ជាង ដោយ​បារម្ភ​ថា ការសម្រេចចិត្ត​ទិញ​យន្តហោះ​ចម្បាំង​ពី​សហរដ្ឋអាមេរិក នឹង​អាច​ធ្វើឲ្យ​អន្តរាយ​ការអភិវឌ្ឍ​រួមគ្នា​នូវ​យន្តហោះ​ចម្បាំង​រវាង​បារាំង​និង​អាល្លឺម៉ង់​ឲ្យចេញ​ជា​រូបរាង​នៅទសវត្សរ៍២០៤០ខាង​មុខ​នោះ។

អធិការបតី​អាល្លឺម៉ង់​លោកOlaf Scholz កាល​ពី​២សប្តាហ៍មុន​ក៏​បាន​គាំទ្រ​នូវ​គម្រោង​រួម​គ្នា​នេះ​ជា​មួយ​បារាំង​ផង​ដែរ៕