អាល្លឺម៉ង់​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​អំពី​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កំព្យូទ័រឆ្នាំ២០២១

រូបឯកសារ៖ ទង់ជាតិ​ចិន​បក់​នៅ​ខាងមុខ​ស្ថានទូត​ចិន​នៅទីក្រុងបែរឡាំង​ប្រទេស​អាល្លឺម៉ង់កាលពីថ្ងៃទី​២៣​មេសា ឆ្នាំ២០២៤។

ពួក​មន្ត្រី​អាល្លឺម៉ង់​និយាយ​ថា​ការស៊ើប​អង្កេត​មួយ​ក្នុង​ការវាយ​ប្រហារ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅ​ឆ្នាំ២០២១​លើ​ការិយាល័យ​ផែនទី​ជាតិ​បាន​រកឃើញ​ថា«តួអង្គរដ្ឋចិន»ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការវាយ​ប្រហារ​នោះ។ នៅ​ក្នុង​ការឆ្លើយតប ក្រសួង​ការបរទេស​អាល្លឺម៉ង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ជា​លើក​ទី១​ចាប់តាំង​ពី​ឆ្នាំ១៩៨៩​មក​ បន្ទាប់ពី​ការបង្ក្រាប​នៅ​ទីលានTiananmen។

ដោយ​និយាយ​ជាមួយ​ពួក​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ពុធ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​លោក Sebastian Fischerបាន​និយាយ​ថា​រដ្ឋាភិបាល​អាល្លឺម៉ង់​មាន​«ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន​មកពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​យើង»​ស្តីពី​ប្រភព​នៃ​ការវាយ​ប្រហារ​នេះ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស្រី Nancy Faeserបាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែង ការណ៍​ថា​អាល្លឺម៉ង់​បានបង្កើន​ការការពារ​របស់​យើង​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ប្រភេទ​នៃ​ការគំរាម​កំហែង​ប្រហាក់​ប្រហែល​គ្នា​នោះ។

ចំណង​ទាក់ទង​រវាង​អាល្លឺម៉ង់​និង​ចិន​បាន​ត្រូវ​គេ​មើលឃើញ​ជា​យូរ​មក​ហើយ​ថា​ខ្លាំងក្លា​ ក៏ប៉ុន្តែ ការតានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​កើត​មាន​ឡើង​ដោយសារការព្រួយ​បារម្ភ​អំពី​និន្នាការ​ផ្តាច់ការ ការធ្វើ​ពាណិជ្ជកម្ម ​និង​ហានិភ័យ​សន្តិសុខ​ដ៏​ខ្លាំង​របស់​ចិន៕