អាល្លឺម៉ង់​ច្រាន​ចោល​ការ​អះ​អាង​របស់​លោក​ត្រាំ​ដែល​ថា​ខ្លួន​ជំពាក់​បំណុល​អង្គការ​អូតង់​ក្នុង​«​ចំនួន​ដ៏​ច្រើន»

រូបឯកសារ៖ លោក​ស្រី ​Ursula von der Leyen រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​អាល្លឺម៉ង់​​ ជួប​ជាមួយ​កងទ័ព​អាល្លឺម៉ង់​នៅ​ជំរំ​ Castor ក្នុង​ទីក្រុង Gao ប្រទេស​ម៉ាលី កាល​ពី​ឆ្នាំ​មុន។

ប្រទេស​អាល្លឺម៉ង់​បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ ដែល​ថា​អាល្លឺម៉ង់​ជំពាក់​បំណុល​អង្គការ​អូតង់​យ៉ាង​ច្រើន​តាម​រយៈ​ការ​មិន​បាន​ចំណាយ​គ្រប់​គ្រាន់​ទៅ​លើ​ផ្នែក​ការពារ។

លោក ត្រាំ​ បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម ​Twitter កាល​ពី​ថ្ងៃ​សៅរ៍​ថា៖ «អាល្លឺម៉ង់​ជំពាក់​បំណុល​អង្គការ​អូតង់​យ៉ាង​ច្រើន ​ហើយ​សហរដ្ឋអាមេរិក​ត្រូវ​បង់ប្រាក់​យ៉ាង​ច្រើន​ដល់​ប្រទេស​មហា​អំណាច​នេះ​ចំពោះ​ការ​ការពារ​ដែល​មាន​តម្លៃ​ថ្លៃ​ដែល​ខ្លួនផ្តល់​ឲ្យ​អាល្លឺម៉ង់»។

អត្ថាធិប្បាយ​របស់​លោក ត្រាំ ​ត្រូវ​បាន​ធ្វើ​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​កិច្ចប្រជុំ​លើក​ដំបូង​របស់​លោក​ជាមួយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ ​Angela Merkel ​ដែល​លោក​បាន​ពិពណ៌នា​ថា​ជា​មនុស្ស​ «អស្ចារ្យ​ណាស់»។

ថវិកា​សម្រាប់​ផ្នែក​ការពារ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៊ែកឡាំង ​មាន​ចំនួន​តិច​ជាង​២​ភាគរយនៃ​ផលិតផល​ក្នុង​ស្រុក​សរុប​អស់​រយៈ​ពេល​ជា​យូរ​មក​ហើយ។ តាម​គោល​ការណ៍​សមាជិក​ម្នាក់​នៃ​អង្គការ​អូតង់​ត្រូវ​បង់​២ភាគ​រយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន។

លោក​ស្រី ​Ursula von der Leyen ​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖ «ពុំ​មាន​គណនី​អ្នក​ជំពាក់​បំណុល​នៅ​អង្គការ​អូតង់​នោះ​ទេ»។ លោកស្រី​ក៏​បាន​បន្ថែម​ថា៖ «ការចំណាយ​២​ភាគរយ​ទៅ​លើ​ផ្នែក​ការពារ​ឲ្យ​អង្គការ​អូតង់​ដែល​យើង​ចង់​សម្រេច​ឲ្យ​បាន​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ក្រោយ គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ»៕