អាល្លឺម៉ង់​​​​គ្រោង​នឹង​​បើក​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ទាំង​អស់​​ត្រឹម​ពាក់​កណ្តាល​ខែ​មិថុនា

រូបឯកសារ៖ កម្មករជនជាតិរ៉ូម៉ានីម្នាក់ឈរនៅខាងក្រោយរបងសិប្បកម្មមួយនៅក្រុង Rosendahl ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាលអាល្លឺម៉ង់ថា ប្រទេសនៅ​ភាគ​កណ្តាល​ទ្វីប​អឺរ៉ុប​នេះ​គ្រោង​នឹង​បើក​ច្រក​ព្រំដែន​ខ្លួន​ឡើង​វិញ​ជាមួយ​ប្រទេស​ជិត​ខាង​ត្រឹម​ពាក់កណ្តាល​ខែ​មិថុនា។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង Horst Seehofer បាន​បញ្ជាក់​ប្រាប់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា នៅ​ត្រឹម​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ អាល្លឺមង់​គ្រោង​នឹង​បើក​ច្រក​ព្រំដែន​បណ្តើរៗ​ជាមួយ​ ប្រទេស​បារាំង ឡុចសំបួរ ស្វីស និង​អូទ្រីស។

រដ្ឋមន្ត្រី​មហាផ្ទៃ​អាល្លឺម៉ង់​រូប​នេះ​បញ្ជាក់​ថា គម្រោង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ឆ្លង​ព្រំដែននេះអាស្រ័យ​ដោយ​អត្រា​ឆ្លង​ជំងឺ​កូវីដ១៩​នៅទី​នោះ​មាន​ការ​ថយ​ចុះ ហើយ​ដោយ​សារ​អាល្លឺម៉ង់​បាន​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជិត​ខាង។

ប៉ុន្តែ​លោក​ថា ​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ពីប្រទេស​មិន​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប​ដូច​ជា​សហរដ្ឋ​អាមរិក​និង​រុស្ស៊ី​នឹង​មិន​មានការ​បន្ធូរបន្ថយ​ទេដល់​យ៉ាង​ហោច​ណាស់​ថ្ងៃ​ទី​១៥ ខែ​មិថុនា។​

​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel ថ្លែង​នៅ​សភា​កាល​ពីថ្ងៃ​ពុធ​ ដោយ​ព្រមាន​ថា​អាល្លឺម៉ង់​មិន​ត្រូវ​ព្រងើយ​កន្តើយ​នឹង​ជំងឺ​ឆ្លង​នេះ​ទេ ហើយ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​មាន​ការ​ផ្ទុះ​រាលដាល​ជា​ថ្មី​ដែល​បាន​នាំ​ឲ្យ​អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​តឹងរឹង​ដូច​ពេល​កន្លង​មក៕​