ប្រធានាធិបតីអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានជួបជាមួយមេដឹកនាំអង្គការសង្គមស៊ីវិល និងមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងសាររបស់មេដឹកនាំបក្សប្រឆាំង។
បើតាមស្ថានទូតអាល្លឺម៉ង់ លោកប្រធានាធិបតីក៏បានលើកឡើងនិងពិភាក្សាពីបញ្ហានៃការបិទសារព័ត៌មានវីអូឌីជាមួយក្រុមអង្គការសង្គមស៊ីវិលផងដែរ និងថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយគឺជាមូលដ្ឋានគ្រឹះនៃការបោះឆ្នោតប្រកបដោយសេរី និងយុត្តិធម៌។
ជំនួបជាមួយអ្នកពាក់ព័ន្ធក្រៅពីរដ្ឋាភិបាល កើតឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់មកកាន់កម្ពុជារយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៣ ដល់១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មុនពេលប្រធានាធិបតីអាល្លឺម៉ង់រូបនោះនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី១៦ ខែកុម្ភៈនេះ។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរូបនេះត្រូវបានអ្នកតាមដានស្ថានការណ៍នយោបាយអន្តរជាតិមើលឃើញថាជាការពង្រឹងទំនាក់ទំនងក៏ដូចជាឥទ្ធិពលរបស់ខ្លួនជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយវាដើរស្របនឹងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់អាល្លឺម៉ងដែលបានបង្កើតឡើងកាលពីឆ្នាំ២០២០។
លោក កឹម សុខា បានបង្ហោះសារនៅលើហ្វេសប៊ុក ដោយបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការផ្តល់តម្លៃដល់រូបលោក«ក្នុងការតស៊ូដោយអហិង្សា និងមានការអត់ធ្មត់ដើម្បីបុព្វហេតុលើកស្ទួយសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ប្រាប់វីអូអេថា ជំនួបដាច់ក្រៅពីរដ្ឋាភិបាលជារឿងធម្មតា ដោយសារតែអាល្លឺម៉ង់ក៏មានចំណែកនៅក្នុងការផ្តល់ជំនួយដល់ក្រុមអង្គការមិនមែនរដ្ឋាភិបាលទាំងនោះ។
ពាក់ព័ន្ធជាមួយរឿងសិទ្ធិនយោបាយរបស់លោក កឹម សុខា លោកថា នេះគឺជារឿងរបស់តុលាការ។
លោកបញ្ជាក់ថា៖ «ការជួបនេះជាការផ្លាស់ប្តូរបទពិសោធន៍គ្នារវាងអង្គការក្រៅរដ្ឋាភិបាលជាមួយនឹងឯកឧត្តមហ្នឹងគឺជារឿងធម្មតាទេហ្នឹង»។
អ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា កត់សម្គាល់ថា អាល្លឺម៉ង់ជាប្រទេសប្រជាធិបតេយ្យ និងជាសមាជិករបស់សហភាពអឺរ៉ុប ដែលតែងតែឱ្យតម្លៃនូវលទ្ធិប្រជាធិបតេយ្យ។ ហេតុនេះលោកថា ការជួបជាមួយបណ្តាមេដឹកនាំគណបក្សប្រឆាំង និងអង្គការមិនមែនរដ្ឋាភិបាលជារឿងធម្មតា។
បើតាមលោក វណ្ណ ប៊ុនណា ជំនួបនេះនឹងមិននាំមកនូវការផ្លាស់ប្តូរណាមួយជាវិជ្ជមានដល់ប្រទេសកម្ពុជាឡើយ។
លោកបញ្ជាក់ថា៖ «ប៉ុន្តែយើងឃើញថា បញ្ហាប្រជាធិបតេយ្យ ឬការរំលោភសិទ្ធិមនុស្សនៅកម្ពុជានៅតែមាន មិនមានឃើញការវិវឌ្ឍណាថ្មីទេ។ អ៊ីចឹងទេ តាមរយៈជំនួបប្រធានាធិបតីអាល្លឺម៉ង់ជាមួយនឹងអង្គការសង្គមស៊ីវិល ជាមួយនឹងមេដឹកនាំបក្សប្រឆាំង ខ្ញុំមិនគិតថា វាអាចនាំឱ្យមានសញ្ញាផ្លាស់ប្តូរធំដុំទេនៅកម្ពុជា ពាក់ព័ន្ធជាមួយបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានាធិបតីអាល្លឺម៉ង់មានការពិភាក្សាគ្នាពាក់ព័ន្ធជាមួយបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាពហុភាគី ព្រមទាំងបញ្ហាសំខាន់ផ្សេងទៀតដែលជាក្តីកង្វល់រួម និងប្រយោជន៍រួម។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចនេះជាការបើកទំព័រមាសក្នុងប្រវតិ្តសាស្រ្តនៃទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអាល្លឺម៉ង់។ ទស្សនកិច្ចនេះបានប្រារព្ធឡើងប្រកបដោយផ្លែផ្កា និងក្នុងបរិយាកាសស្និទ្ធស្នាលនៃការជឿទុកចិត្តគ្នាទៅវិញទៅមក ការវាយតម្លៃខ្ពស់ និងការគោរពដែលបង្កើតបានជាឆ្អឹងខ្នងសម្រាប់ទំនាក់ទំនងមិត្តភាពជិតស្និទ្ធ»។
បើតាមសេចក្តីប្រកាសព័ត៌មាននេះ នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់ថា ក្នុងចំណោមប្រទេសសហភាពអឺរ៉ុបទាំង២៧ អាល្លឺម៉ង់ជាដៃគូពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់កម្ពុជា។ លោក ហ៊ុន សែន ក៏បានកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្ររបស់រដ្ឋាភិបាលអាល្លឺម៉ង់សម្រាប់សកម្មភាពដោះមីននៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៤មក។ ខណៈកម្ពុជាបានដាក់គោលដៅក្លាយជាប្រទេសគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ ប្រធានាធិបតីអាល្លឺម៉ង់បានបញ្ជាក់ថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងនៅតែបន្តគាំទ្រដល់ប្រតិបត្តិការដោះមីននៅកម្ពុជា។
នៅក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារអាល្លឺម៉ង់ ចំនួនប្រមាណ១០៨៣លានដុល្លារអាមេរិក។ តួលេខនេះមានការកើនឡើង២៣% បើធៀបនឹងឆ្នាំ២០២១។ នេះបើតាមសារព័ត៌មានរដ្ឋ AKP ចេញផ្សាយកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។
បើតាមសារព័ត៌មានដដែល ការនាំចូលរបស់អាល្លឺម៉ង់មកកម្ពុជាមានការកើនឡើង៣% ដែលមានចំនួនប្រមាណ១៦៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២២។ ទំនិញដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអាល្លឺម៉ង់ភាគច្រើនរួមមានសម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ ផលិតផលកសិកម្ម គ្រឿងបន្លាស់អគ្គិសនី និងកង់ ខណៈការនាំចូលសំខាន់មានដូចជាយានយន្ត សម្ភារៈសំណង់ និងគ្រឿងសង្ហារឹមជាដើម៕