ប៉ូលិស​អាល្លឺម៉ង់​ចាប់​ខ្លួន​ជន​សង្ស័យ​​ក្រុម​រដ្ឋ​ឥស្លាម​បន្ទាប់​ពី​ការបំផ្ទុះ​គ្រាប់​បែក​រថយន្ត​ដឹក​កីឡាករ​បាល់​ទាត់

ប៉ូលិស​ដើរ​ត្បាត​ផ្លូវ​នៅ​ក្បែរ​សណ្ឋាគារ​របស់​ក្រុម​បាល់ទាត់ Borussia Dortmund នៅ​ក្នុង​ក្រុង Dortmund ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

ប៉ូលិស​អាល្លឺម៉ង់​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ជាជន​ជ្រុល​និយម​រដ្ឋឥស្លាម​កាល​ពី​ថ្ងៃ​ពុធ​នៅ​ពេល​ដែល​ពួក​អ្នក​ស៊ើបអង្កេត​កំពុង​ស្វែង​រក​ពី​លទ្ធភាព​នៃ​ការ​ជាប់​ទាក់​ទិនភេរវកម្ម​ទៅ​នឹង​ការ​ផ្ទុះ៣​គ្រាប់​ដែលបាន​ត្រូវ​ចំ​ដាក់​លើ​រថយន្ត​ដឹក​ក្រុម​កីឡាករ Borussia Dortmund នេះ​តាម​ការ​បញ្ជាក់​របស់​ពួក​អាជ្ញាធរ។

ការ​ផ្ទុះ​ជាបន្ត​បន្ទាប់​នេះដែល​បាន​ធ្វើ​ឲ្យ​រង្គើរ​រថយន្ត​របស់​ក្រុម​កីឡាករ ​បាន​ធ្វើ​ឲ្យ​លោកMarc Bartraកីឡាករ​របស់​ក្រុម Dortmundនិង​ប៉ូលិស​ម្នាក់​រង​របួស ​ហើយ​បាន​បង្ខំ​ឲ្យ​ក្រុម​កីឡាករ​នោះ​ផ្អាក​ការ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ Monacoនៅ​ពេល​រសៀល​នោះ។

លោកស្រី Frauke Koehlerអ្នកនាំ​ពាក្យ​រដ្ឋ​អាជ្ញា​សហព័ន្ធ​និយាយ​ថា ​ជន​សង្ស័យ២​នាក់​មក​ពី​ក្រុម​ឥស្លាម​ជ្រុល​និយម​បាន​ស្ថិត​នៅ​ក្នុង​ការផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​នៃ​ការ​ប្រតិបត្តិ​ឧក្រិដ្ឋកម្ម​នេះ។ លោកស្រី​និយាយ​ថា ​ជន​សង្ស័យ​ម្នាក់បាន​ត្រូវ​ចាប់​ខ្លួន។

យោង​ទៅ​តាម​រដ្ឋ​អាជ្ញា​របស់​អាល្លឺម៉ង់ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា លិខិត​មួយ​ច្បាប់​បាន​ទុក​នៅ​កន្លែង​កើត​ហេតុ​ប្រាប់​ឲ្យ​ដឹង​ថា ​ការ​វាយ​ប្រហារ​នោះ​ប្រហែល​បាន​ធ្វើ​ឡើង​ដោយ​ពួក​ជ្រុល​និយម​រដ្ឋ​ឥស្លាម។

លោកស្រី​អ្នកនាំ​ពាក្យ​រដ្ឋ​អាជ្ញា​បាន​និយាយ​ថា ​លិខិត​នោះ ​មាន​ការ​ទាម​ទារ​ឲ្យ​ដក​យន្តហោះ​ចម្បាំង​អាល្លឺម៉ង់​ចេញ​ពី​ប្រទេស​តួកគី​ ហើយ​និង​មូលដ្ឋាន​ទ័ព​អាកាស Ramstein របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ផង។ លោកស្រីនិយាយ​ទៀត​ថា ប៉ូលិស​បាន​រក​ឃើញ​លិខិតចម្លង​ដូច​គ្នា៣​ច្បាប់​នៅ​ជិត​កន្លែង​ផ្ទុះ​គ្រាប់​បែក​ដែល​ប្រាប់ឲ្យ​ដឹង​ថា ​អ្នក​វាយ​ប្រហារ​មាន​ជាប់​ទាក់​ទង​នឹង​ក្រុមជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម។ ​ប៉ូលិស​នៅ​កំពុង​ព្យាយាម​ធ្វើ​ការ​សម្រេច​ថា​តើ​លិខិត​នោះ​ពិត​មែន​ដែរ​ឬ​ទេ៕