រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃសុក្រថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសនេះ អាចត្រួតត្រាបានពីព្រោះតែ ចំនួនអ្នកជំងឺដែលបានជាសះស្បើយពីមេរោគនោះ មានចំនួនច្រើនជាងចំនួនមនុស្សដែលបានឆ្លងថ្មី។
ថ្លែងនៅឯសន្និសីទកាសែតក្នុងទីក្រុងប៊ែឡាំងកាលពីថ្ងៃសុក្រ លោក Jens Spahn រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយថា បើប្រៀបធៀបទៅនឹងប្រទេសផ្សេងៗទៀត អាល្លឺម៉ង់ កំពុងធ្វើកិច្ចការបានយ៉ាងល្អ។ លោកបានមានប្រសាសន៍ទៀតថា ការពិត ធ្វើឲ្យមានការដាក់ខ្លួន មិនមែនការគួរឲ្យរីករាយក្លៀវក្លាហួសពេកនោះទេ។
អត្ថាធិប្បាយនេះកើតមានឡើងបន្ទាប់ពីការប្រកាសប្រចាំសប្តាហ៍ដោយលោកស្រីអធិការបរតី Angela Markel ដែលបាននិយាយថា វិធានការមុនដំបូង នឹងត្រូវធ្វើឡើងដើម្បីបន្ធូរបន្ថយការរឹតត្បិតដោយអនុញ្ញាតឲ្យហាងលក់ដូរទំនិញខ្លះបើកទ្វារយ៉ាងឆាប់រហ័សនៅសប្តាហ៍ក្រោយ។ ក៏ប៉ុន្តែ ទាំងលោកស្រីអធិការបរតី និងលោករដ្ឋមន្រ្តីសុខាភិបាល និយាយថា ការរឹតត្បិតនោះ គួរតែលុបចោលដោយសន្សឹមៗ។
លោករដ្ឋមន្រ្តីសុខាភិបាល និយាយទៀតថា អាល្លឺម៉ង់ បានធ្វើតេស្តកូរ៉ូណាជាង១,៧សែននាក់ ហើយលោកនិងអ្នកជំនាញសុខាភិបាលផ្សេងទៀត បានទទួលការសរសើរចំពោះសមត្ថភាពរបស់ពួកគេដើម្បីត្រួតត្រាការផ្ទុះឡើងនូវមេរោគនេះ។
គេហទំព័ររបស់ក្រសួងសុខាភិបាលអាល្លឺម៉ង់ រាយការណ៍ថា រហូតមកទល់ថ្ងៃសុក្រម្សិលមិញ អាល្លឺម៉ង់ បានឃើញចំនួនសរុបទាំងអស់១៣៣,៨៣០ករណីនៃមេរោគកូរ៉ូណា ដោយមានមនុស្សស្លាប់ ៣,៨៦៨ នាក់៕