មេដឹកនាំ​អាល្លឺម៉ង់ បារាំង និង​អ៊ីតាលី​បាន​ទៅ​ដល់​ទីក្រុង​កៀវ​ដើម្បី​បង្ហាញ​សាមគ្គីភាព

  • Reuters

ប្រធានាធិបតីបារាំងលោក Emmanuel Macron (ឆ្វេងទីបី) នាយករដ្ឋមន្រ្តីអ៊ីតាលីលោក Mario Draghi (ឆ្វេងទីពីរ) និងអធិការបតីអាល្លឺម៉ង់លោក (Olaf Scholz) (ស្តាំ) ធ្វើទស្សនកិច្ចនៅទីក្រុង Irpin ប្រទេសអ៊ុយក្រែន ហើយបានមកដល់ទីក្រុងកៀវ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមិថុនា ឆ្នាំ២០២២។

មេដឹកនាំ​បារាំង លោក Emmanuel Macron អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz និង​នាយក​រដ្ឋមន្ត្រី​អ៊ីតាលី លោក Mario Draghi បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​កៀវ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ក្នុង​ដំណើរ​រួម​គ្នា​មួយ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រទេស​អ៊ុយក្រែន ដែល​កំពុង​តែ​រង​ការ​ឈ្លានពាន​ពី​ប្រទេស​រុស្ស៊ី។

អ្នក​ទាំង​បី​បាន​ធ្វើ​ដំណើរ​ជាមួយ​គ្នា​កាល​ពី​យប់​តាមរយៈ​រថភ្លើង​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដឹក​ភ្ញៀវ​ជាន់ខ្ពស់​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន។

លោក Macron បាន​និយាយ​នៅ​ពេល​ដែល​អ្នក​ទាំងបី​បាន​ទៅ​ដល់​ទីក្រុង​កៀវ​ថា៖ «វា​គឺ​ជា​ពេល​វេលា​ដ៏​សំខាន់​មួយ។ វា​គឺ​ជា​សារ​នៃ​ការ​រួបរួម​គ្នា និង​ការ​គាំទ្រ ដែល​យើង​កំពុង​ផ្ញើ​ទៅ​កាន់​ប្រជាពលរដ្ឋ​អ៊ុយក្រែន ដើម្បី​និយាយ​អំពី​ទាំង​បច្ចុប្បន្ន​និង​អនាគត ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​វា​នឹង​ពិបាក​ខ្លាំង​ណាស់»។ ​

ប្រធានាធិបតី​រ៉ូម៉ានី​ លោក Klaus Iohannis នឹង​ចូលរួម​ជាមួយ​នឹង​មេដឹកនាំ​ទាំង​បី​នាក់​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy។ គេ​រំពឹងថា ការ​ពិភាក្សា​នោះ​នឹង​ផ្ដោត​ទៅ​លើ​ការ​ស្នើ​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​របស់​អ៊ុយក្រែន ក៏​ដូចជា​សង្គ្រាម​របស់​អ៊ុយក្រែន​ជាមួយ​នឹង​រុស្ស៊ី​នេះ​ផង​ដែរ។

ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវ​ចំណាយ​ពេល​អស់​រាប់​សប្ដាហ៍​ដើម្បី​រៀបចំ ដោយ​មេដឹកនាំ​ទាំង​បី​នាក់​ព្យាយាមយក​ឈ្នះ​លើ​ការ​រិះគន់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទាក់ទិន​នឹង​ការ​ឆ្លើយតប​របស់​ពួកគេ​ទាំងបី​ទៅ​នឹង​សង្គ្រាម​នេះ។

លោក Macron ថ្លែង​ថា៖ «យើង​នៅ​ទីនេះ យើង​ផ្ដោត​លើ​បញ្ហា​នេះ ហើយ​យើង​នឹង​ចូលរួម​ជាមួយ​នឹង​លោក​ប្រធានាធិបតី Zelenskyy ដើម្បី​ទៅ​កាន់​កន្លែង​ធ្វើ​សង្គ្រាម ជា​ទី​ដែល​ការ​សម្លាប់​រង្គាល​ត្រូវ​បាន​ធ្វើ​ឡើង»។ ​

នៅ​ពេល​សួរ​ថា​ហេតុអ្វី​បាន​ជា​ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​នេះ មន្ត្រី​បារាំង​ម្នាក់​និយាយ​ថា ពួកគេ​គិត​ថា​វា​គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុត​នៅ​មុន​កិច្ចប្រជុំ​កំពូល​សហភាព​អឺរ៉ុប​នៅ​សប្ដាហ៍​ក្រោយ​នេះ ដែល​គ្រោង​នឹង​ពិភាក្សា​អំពី​សំណើ​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​ជា​សមាជិក​របស់​សហភាព​អឺរ៉ុប​ដែល​ប្លុក​នេះ​មាន​សមាជិក​ចំនួន ២៧ ប្រទេស​នៅ​ពេល​បច្ចុប្បន្ន​នេះ។

គណៈកម្មការ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ផ្ដល់​អនុសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ទៅ​លើ​សំណើ​របស់​អ៊ុយក្រែន​ក្នុង​ការ​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប ដែល​នេះ​គឺ​ជា​អ្វី​ដែល​បណ្ដា​ប្រទេស​អឺរ៉ុប​ធំៗ​បំផុត​ហាក់​ដូច​ជា​ព្រងើយកន្ដើយ៕